លោក​សម រង្ស៊ី​ទទួលស្គាល់ ចលនា​សង្គ្រោះ​ជាតិ​ពិតជា​មាន​ការជួយជ្រោមជ្រែង​ពី​បរទេស​

23-03-2018 6:15 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ចម្ងល់​ទាក់ទង​នឹង ការផ្សព្វផ្សាយ​ថា ចលនា​សង្គ្រោះ​ជាតិ របស់​លោក​សម រង្ស៊ី បាន​ចំណាយលុយ ២៥​ម៉ឺន​ដុល្លារ សម្រាប់​ជួល​ក្រុមហ៊ុន​មួយ​របស់​អាមេរិក សរសេរ​ព័ត៌មាន ផ្សព្វផ្សាយ​អាក្រក់​ពី​កម្ពុជា ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ដឹង ងាយស្រួល​ដាក់​សម្ពាធ មក​លើ​សេដ្ឋកិច្ច​កម្ពុជា​នោះ ត្រូវបាន​លោក​សម រង្ស៊ី បកស្រាយ​បញ្ជាក់ ប្រាប់​ដល់​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃទី​២២ មីនា​។​

​បើទោះបី ជា​មិន​ឆ្លើយ​ឲ្យចំ​សំណួរ របស់​វិទ្យុ​អាស៊ីសេរី ដែលថា លោក​ជា​អ្នក ជួល​ក្រុមហ៊ុន​អាមេរិក Berlin Rosen ដើម្បី​សរសេរ​ពី​ព័ត៌មាន​អាក្រក់ៗ​ពី​កម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ​ចម្លើយ​របស់​លោក​សម រង្ស៊ី ហាក់​បាន​ទទួលស្គាល់ និង​សាទរ​ចំពោះ ការសរសេរ​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​អាក្រក់ៗ​ពី​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ឲ្យ​អន្តរជាតិ ដាក់​សម្ពាធមក​លើ​កម្ពុ​ជា​។

​លោក​សម រង្ស៊ី បាន​អះអាង​ថា ដោយសារតែ​ការ ទំហំ​នៃ​ការគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ទើប​ធ្វើឲ្យ​បណ្តាមិត្ត​ជុំវិញ​ពិភពលោក ជួយ​ជ្រោមជ្រែង ក្នុងការ​ការស្វែងរក អ្នកបច្ចេកទេស សរសេរ​អត្ថបទ ជា​ភាសា​អង់គ្លេស ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ពុជា​។​

​សំឡេង​

​មោទនភាព​របស់​ចលនា​សង្គ្រោះ​ជាតិ គឺ​ការ​ចង់ឃើញ​អន្តរជាតិ ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា ទាំង​មិន​បាន​គិត​ដល់​ពី​សុខទុក្ខ ឬ​ការរស់នៅ របស់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់ ផ្សេង​ទៀត​នោះ​ឡើយ​។ លោក សម រង្ស៊ី បានបញ្ជាក់​ថា កន្លងមក ការព្រមាន​ខ្លាំងៗ ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ​នោះ គឺជា​ភាព​ជោគជ័យ​មួយ របស់​ចលនា​សង្គ្រោះ​ជាតិ​, ចលនា​សង្គ្រោះ​ជាតិ គឺ​ចូលរួម​ក្នុង​ការងារ​ទាំងអស់​នេះ និង​ជំរុញ​ឲ្យ​សហគមន៍ អន្តរជាតិ​ដាក់​ទណ្ឌកម្ម​.»​។

​យ៉ាងណាមិញ ការអះអាង​ពី​សំណាក់ លោក​សម រង្ស៊ី នាពេលនេះ ហាក់​ផ្ទុយ​ពី​ការលើកឡើង​របស់ លោក រី គា អគ្គលេខាធិការ​ចលនា​សង្គ្រោះ​ជាតិ ដោយ​បាន​ប្រកែក​ដាច់អហង្កា​រ និង​មិន​ទទួលស្គាល់ ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អាមេរិក Berlin Rosen មិនមែនជា សកម្មភាព​របស់​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា យល់ឃើញថា ទង្វើ​របស់​លោក សម រង្ស៊ី បច្ចុប្បន្ន គឺ​យក​បរទេស​ជាធំ ក្នុង​ការបម្រើ មហិច្ឆិតា​នយោបាយ​របស់​ខ្លួន ដោយ​ហ៊ាន​យក​ឈាម​របស់​ប្រជាជន​ខ្មែរ ដើម្បី​បាន​អំណាច​។​

​សំឡេង

​គួររម្លឹកថា កាលពី​ថ្ងៃ​ទី​២០ មីនា សារព័ត៌មាន Asia Times បាន​ចេញផ្សាយ​ថា  ក្រុមហ៊ុន​ផ្តល់​សេវា​ទំនាក់ទំនង​សាធារណៈ​មួយ របស់​អាមេរិក ឈ្មោះ Berlin Rosen ត្រូវបាន​ក្រុម​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស របស់លោក សម រង្ស៊ី ជួល​ឲ្យជួយ​រិះរក​វិធី ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​មកលើ​កម្ពុជា ដែល​ទង្វើ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា អំពើ​ក្បត់ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​ក្រុម​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​ក្រៅប្រទេស​៕

ព័ត៌មានផ្សេងទៀត