ពេលនេះ​​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​​UN​​យក​បញ្ហា​កម្ពុជា​​ទៅ​ពិភាក្សា ​តែ​រដ្ឋាភិបាល​​មិន​ខ្វល់​​

22-03-2018 1:55 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​លើកយក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​បាន​ធ្លាក់ចុះ នា​ប៉ុន្មាន​ខែ​មកនេះ ទៅ​ពិភាក្សា នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។ 

​បើតាម​លោកស្រី Laila Matar អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស Human Rights Watch ទទួលបន្ទុក​ការឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ ថ្លែង​តាមរយៈ​អ៊ីមែល ប្រាប់​កាសែត​ភ្នំពេញ​ប៉ុសិ៍​ថា ក្រុមប្រឹក្សា​នេះ នឹង​និយាយ​អំពី​វិធានការ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន នៅមុន​ការបោះឆ្នោតជាតិ​នា​ខែកក្កដា​ខាងមុខ រួមទាំង​ការចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង ការរំលាយ​គណបក្សប្រឆាំង​ដ៏​ធំ និង​ការ​ធ្វើទុក្ខបុកម្នេញ ឬ​ការចាប់​ដាក់ពន្ធនាគារ​ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកនយោបាយ ក៏ដូចជា​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម​។​

ការពិភាក្សា​លើ​បញ្ហា​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ធ្វើឡើង​មួយ​សប្ដាហ៍ ក្រោយ​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith)  ទើបតែ​បិទ​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី និង​រកឃើញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កាន់តែ​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា រួមជាមួយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​កាលពី​ខែកុម្ភៈ​កន្លងទៅនេះ បាន​ព្រមាន​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ប្រសិនបើ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅតែ​អាក្រក់​ដូច​ពេលបច្ចុប្បន្ន​។​

​ដើម្បី​ឆ្លើយតប​ចំពោះ​ការលើក​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ វិទ្យុ​វាយោ មិនអាច​ទាក់ទង​លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ស្រាយ​បំភ្លឺ​បានទេ ដោយ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល​។​

​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន លើកឡើងថា កម្ពុជា មិនមាន ការបារម្ភ​ណាមួយ ចំពោះ​ការលើក​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​នៅក្នុង​ក្រុមប្រឹក្សា សិទ្ធិមនុស្ស​អង្គការ សហ​ប្រជាជតិ​នោះទេ ...............

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

ដោយឡែក លោក​ណី សំអុល ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅទីក្រុង​ហ្សឺ​ណែ​វ តាមរយៈសេចក្តីថ្លែងការណ៍ ដែលវិទ្យុវាយោទទួលបាននៅថ្ងៃនេះ បាន​ចាត់ទុកថា កិច្ចប្រជុំ​របស់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ បានធ្វើ​ខុស​នឹង​របៀបវារៈ និង​បាន​ព្រមាន​មិនឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ រៀបចំ​កិច្ចប្រជុំ​ណាមួយ ​វាយប្រហារ​លើ​ប្រទេស​កម្ពុជា នៅមុន​កិច្ចប្រជុំ​ទៀងទាត់​ក្នុង​ខែមិថុនា ដែល​កំណត់ដោយ​ច្បាប់​ឡើយ​។ កម្ពុជា​ចាត់ទុកថា ការប៉ុនប៉ង​រៀបចំ សកម្មភាព​នេះ គឹ​រំលោភបំពាន​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​អនុម័ត​កាលពី​ឆ្នាំមុន​។​

​លោក​ណី សំអុល បានប្រកាស​ប្រឆាំង​ដាច់អហង្ការ ​រាល់​កិច្ចប្រជុំ​នេះ ដោយ​លោក​ចាត់ទុកថា ជា​ការប៉ុនប៉ង​ខុស​បែបបទ ក្នុង​ការរៀបចំ​ឱ្យមាន​ការពិភាក្សា​អន្តរ​កិច្ចប្រជុំ ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា នៅមុន​កិច្ចប្រជុំ​ទៀងទាត់​ក្នុង​ខែមិថុនា ដែល​សកម្មភាព​នេះ វា​រំលោភបំពាន​សេចក្តីសម្រេចចិត្ត​លេខ ៣៦/៣២ ដែល​ត្រូវ​បានអនុម័ត កាលពី​ឆ្នាំមុន​។ ​លោក​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ត្រូវបាន​គេ​ប្រើប្រាស់​ជា​រូបភាព​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​។ រដ្ឋាភិបាល​ប្រទេស​មួយចំនួន បាន​ប្រើប្រាស់​ក្រុមប្រឹក្សា​នេះ ជា​ឧបករណ៍​នយោបាយ ​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​នានា រួមបញ្ចូល​ទាំង​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​កម្ពុជា​ផងដែរ​។ 

​តំណាង​រដ្ឋាភិបាល​កម្ពុ​ជា លោក​ណី សំអុល បានប្រកាស​ច្រានចោល​ទាំងស្រុង នូវ​សេចក្តីថ្លែងការណ៍ ដែលមាន​ចរិត​នយោបាយ​បែបនេះ ដែល​បង្កប់​ទៅដោយ​បំណង​អាក្រក់ ដើម្បី​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការថែរក្សា​ការពារ​ច្បាប់ និង​សណ្តាប់ធ្នាប់ និង​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ សម្រាប់​ប្រជាពលរដ្ឋរ​បស់​ខ្លួន​។​

​តែ​សម្រាប់​អ្នកតាមដាន​ស្ថាន​ការ​ណ៍សង្គម​នៅ​កម្ពុជា​ លោក​បណ្ឌិត​មាស នី ចាត់ទុក​ប្រតិកម្ម​ពី​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ ពេលនេះ ថា​មិនមាន​អ្វី​ចម្លែក​ទេ​។ ប៉ុន្តែ​លោក​ថា យ៉ាងណា នេះ​ជា​រឿង​រសើប​ចុងក្រោយ​សម្រាប់​រដ្ឋាភិបាល ហើយ​កាលណា​បើ​ អង្គការសហប្រជាជាតិ​លើក​បញ្ហា​នេះ កាន់តែច្រើន វា​អាចជា​ទម្ងន់​បន្ថែម​ថ្មី​មួយទៀត ក្នុង​ការបន្ថែម​នូវ​វិធានការ​មកលើ​កម្ពុជា​.............

​សំឡេង​លោក​មាស នី​៖

​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល នៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ដែលមាន​រដ្ឋ​ជា​សមាជិក​ចំនួន ៤៧​។ ក្រុមប្រឹក្សា​នេះ បង្កើតឡើង ដើម្បី​ពង្រឹង លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក និង​រក​ដំណោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស ដោយ​លើក​ជា​អនុសាសន៍ ឲ្យ​រដ្ឋាភិបាល ដែល​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ យកទៅអនុវត្ត​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា ក្រោម​បទ​ចោទថា ​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​បន្ទាប់មក​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​កឹម សុខា ក៏​ត្រូវបាន​រំលាយ​ដែរ​។ សមាជិក​គណបក្សប្រឆាំង​ជាច្រើន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ ដោយសារ​ភ័យខ្លាច​ការចាប់ខ្លួន ខណៈ​មាន​តម្រុយ​ថា តុលាការ​បានដាក់​គោលដៅ​ពី​ការពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដូចគ្នានេះ។ នេះជា​អ្វីដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មួយចំនួន​គិតថា​ជា​រឿង​នយោបាយ​៕

ព័ត៌មានផ្សេងទៀត