តើព័ត៌មានចលនា​សង្គ្រោះ​ជាតិ​ជួល​បរទេស​ឱ្យសម្លាប់​សេដ្ឋកិច្ចកម្ពុជាជាការពិតទេ?​

21-03-2018 3:55 pm
  ស្តាប់
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ។
ស្តាប់ជាសំឡេង

ថ្មីៗនេះសារព័ត៌មាន Asia Times បានចេញផ្សាយថា ក្រុមហ៊ុនរបស់អាមេរិកមួយឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ជួល២៥ម៉ឺនដុល្លារអាមេរិក ដើម្បីរកវិធីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។ រដ្ឋាភិបាលហៅទង្វើរនេះ ជាអំពើក្បត់ជាតិ។ ប៉ុន្តែព័ត៌មាននេះ ក្រុមចលនាសង្គ្រោះជាតិ ធ្វើការបដិសេធ ហើយចាត់ទុកជាការបង្កើតមកព័ត៌មាន ដើម្បីបង្រ្កាបមកលើក្រុងអ្នកប្រឆាំង ខណៈអ្នកវិភាគយល់ថា អាចជារឿងនយោបាយ។ 

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ត្រូវបានគេទម្លាយថា បានចំណាយលុយរហូតដល់ទៅ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ ជួលក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិកឈ្មោះ Berlin Rosen ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។

បើតាមសារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា បានអះអាងថា កិច្ចសន្យាមានចុះហត្ថលេខាដោយលោក ស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី ហើយកិច្ចការដែល BerlinRosen របស់អាមេរិកត្រូវធ្វើឱ្យចលនាសង្រ្គោះជាតិនោះ គឺមានការបង្កើនការផ្សព្វផ្សាយលើសារព័ត៌មានធំៗ ជួយសរសេរសេចក្តីប្រកាសព័ត៌មាន ជាភ្នាក់ងារផ្សព្វផ្សាយ និង ជាទីប្រឹក្សាផ្តល់យោបល់ផ្នែកនយោបាយ។

កាសែតដ៏ដែល បានឱ្យដឹងថា ករណីអំពីហិង្សានៅខេត្តក្រចេះរវាងអ្នកភូមិនៅចម្ការកៅស៊ូ និង អជ្ញាធរកាលពីថ្ងៃទី៨ខែមីនា ឆ្នាំ២០១៨ ក៏ជាយុទ្ធនាការពង្រីកបំប៉ោងការផ្សាយ និងជាផ្នែកមួយនៃការជួលក្រុមហ៊ុនដែលលោកសម រង្ស៊ីជួលដែរ។ គួរកត់សម្គាល់ថា ព័ត៌មានដែលចុះផ្សាយដោយការសែត Asia Timesនេះ ត្រូវបានសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ជាច្រើនយកមកចុះផ្សាយជាបន្តបន្ទាប់។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា លោក សម រង្ស៊ី យកបរទេសជាធំ បម្រើមហិតានយោបាយរបស់ខ្លួន ហើយហ៊ានយកឈាមរបស់ប្រជាជនខ្មែរ ដើម្បីបានអំណាច។

សំឡេង៖

លោក រី គា អគ្គលេខាធិការចលនាសង្គ្រោះជាតិ បានច្រានចោលព័ត៌មានចុះផ្សាយខាងលើ ហើយបានគូរបញ្ជាក់ថា នៅក្នុងចលនាសង្គ្រោះជាតិសព្វថ្ងៃ មិនមានលោក ស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ីចូលរួមទេ។ ដូច្នេះអ្វីដែលការសែត Asia Timesផ្សាយ មិនមែនជា សកម្មភាពរបស់ចលនាសង្គ្រោះជាតិរបស់លោកឡើយ។

អគ្គលេខាធិការចលនាសង្គ្រោះជាតិរូបនេះ បានអះអាងថា ថវិការបស់ក្រុមលោកសព្វថ្ងៃ គឺបានមកពីសមាជិក និងប្រជាពលរដ្ឋខ្មែរដែលស្នេហ៍ជាតិ គ្មានបរទេសណាគាំទ្រជាថវិកា នោះឡើយ ហើយចលនាសង្គ្រោះជាតិ គ្មានលុយ២៥ម៉ឺនដុល្លារ ដើម្បីជួលក្រុមហ៊ុនបរទេសដែរ។

សំឡេង៖

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សង្គម និង ជាអ្នកវិភាគនយោបាយ បានយល់ឃើញថា ប្រសិនបើលោកសម រង្ស៊ីជូលមែននោះ គឺមិនមានប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិទេ។ ប៉ុន្តែបើគ្រាន់តែជួលដើម្បីរៀបចំគោលនយោបាយកសាងប្រទេស វាជារឿងល្អទៅ។

សំឡេង៖

ចលនាសង្គ្រោះជាតិត្រូវបានបង្កើតឡើង ក្រោយរំលាយគណបក្សសង្គ្រោះកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ គោលបំណងទាំង ៥ នោះរួមមាន ការអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ ផ្នែកការទូត, ដាក់គំនាមផ្នែកសេដ្ឋកិច្ច, ការរៀបចំផែនការធ្វើបាតុកម្មដោយសន្តិវិធី ,អំពាវនាវដល់កងកម្លាំងមានសមត្ថកិច្ច សហការជាមួយចលនាសង្គ្រោះជាតិការពារប្រជាពលរដ្ឋនៅពេលដែលចុះធ្វើបាតុកម្ម,និងអំពាវនាវដល់មន្ត្រីរាជការឈប់ធ្វើការដើម្បីប្រឆាំងរដ្ឋាភិបាល៕ 

ព័ត៌មានផ្សេងទៀត