តើ​លោក​​វ្លា​ឌី​មៀ ពូ​ទីន​​បានប្រែក្លាយ​​មុខមាត់​​ប្រទេស​រុស្ស៊ី​​យ៉ាងដូចម្ដេចខ្លះ​?

20-03-2018 11:53 am
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន

​រយៈពេល​ជិត​២០​ឆ្នាំ​ដែល​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​ដឹកនាំ​ប្រទេស​រុស្ស៊ី​ឲ្យ​ល្បីល្បាញ​ដូច​សព្វថ្ងៃ​។ លោកពូ​ទីន​ជា​អ្នក​ដែល​កាន់តំណែង​បានយូរ​ជាងគេ គិត​តាំងពី​ការដឹកនាំ​របស់លោ​កស្ដា​លីន​មក​។ ការបោះឆ្នោត​ធ្វើឡើង​កាលពី​ថ្ងៃទី​១៨​ខែ​មីនាឆ្នាំ​២០១៨​នេះ លោកពូ​ទីន​ទទួលជោគជ័យ​ទៀត ដូច្នេះ​លោក​ត្រូវ​បន្ដ​កាន់តំណែង​ប្រធានាធិបតី​រុស្ស៊ី​៦​ឆ្នាំ​បន្ថែម​។ ភាពជោគជ័យ​ទាំងអស់​ជា​លទ្ធផល​ដែល​លោកពូ​ទីន​បាន​ខិតខំ​កសាង​តាំងពី​លោក​ចូល​កាន់តំណែង​ដំបូង បាន​ផ្លាស់ប្ដូរ​មុខមាត់​ប្រទេស ធ្វើឲ្យ​ប្រជាជន​ពេញចិត្ដ​។ ទម្រាំ​ទទួលបាន​លទ្ធផល​ដូច​ថ្ងៃនេះ តើ​លោកពូ​ទីន​បានធ្វើ​អ្វីខ្លះ​សម្រាប់​រុស្ស៊ី​?

សំឡេង៖

​លោក​វ្លា​ឌី​មៀ ពូ​ទីន​(Vladimir Putin) កើត​នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​១៩៥២ ក្នុង​ទីក្រុង​Leningrad បច្ចុប្បន្ន​ទីក្រុង​Saint Petersburg ជា​ទីក្រុង​ធំ​ទី​ពីរ​ក្នុងប្រទេស​រុស្ស៊ី​។ លោក​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​បីនាក់​។ លោក​សិក្សា​ជំនាញ​ច្បាប់​នៅ​សាកលវិទ្យាល័យ​Saint Petersburg State University បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​១៩៧៥​។ លោកពូ​ទីន​ជា​មន្ដ្រី​នៅ​គណៈកម្មាធិការ​សន្ដិសុខ​អស់​រយៈពេល​១៦​ឆ្នាំ ក្រោយមក​ឡើង​ឋានៈ​ជា​វរសេនីយ៍ឯក​មុនពេល​លោក​ចូលនិវត្ដន៍​ក្នុង​ឆ្នាំ​១៩៩១ ដើម្បី​ប្រលូក​ក្នុង​ឆាកនយោបាយ​នៅ​Petersburg​។ លោក​បាន​ផ្លាស់​មក​ទីក្រុង​ម៉ូស្គូ​ក្នុង​ឆ្នាំ​១៩៩៦ បាន​ចូលរួម​ជាមួយ​រដ្ឋបាល​លោក​ប្រធានាធិបតី​បូរី​ស យ៉េល​ស៊ីន​(Boris Yeltsin) ហើយ​បាន​ឡើង​តំណែង​យ៉ាង​ឆាប់រហ័ស​ក្លាយជា​ប្រធានាធិបតី​ស្ដីទី នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​១៩៩៩ នៅពេល​លោក​យ៉េល​ស៊ីនលា​លែងពី​តំណែង​។​

​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​កាន់តំណែង​ប្រធានាធិបតី​រុស្ស៊ី​បី​អាណត្ដិ​រួចមកហើយ ពី​ឆ្នាំ​២០០០-២០០៤, ២០០៤-២០០៨ និង​២០០៨​ដល់​បច្ចុប្បន្ន​។ លោក​ទើបតែ​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​អាណត្ដិ​ទីបួន​នៅ​ឆ្នាំ​២០១៨​នេះ ទទួល​សំឡេងគាំទ្រ​ជិត​៧៧%​។ ចាប់អារម្មណ៍​បន្ដិច​ពីអ្វី​ដែល​លោកពូ​ទីន​ល្បីល្បាញ​នៅក្នុង​ពិភពលោក​បន្ដិច​៖ ក្នុង​ឆ្នាំ​២០១៥​ទស្សនាវដ្ដី​Time magazine ជា​ទស្សនាវដ្ដី​កត់ត្រា​ឈ្មោះ​មេដឹកនាំ​ដែលមាន​ឥទ្ធិពល​បំផុត​១០០​នាក់​ក្នុង​ពិភពលោក ដាក់​ចំណាត់ថ្នាក់​លេខ​មួយ​ដល់​លោកពូ​ទីន​។ ក្នុង​ឆ្នាំ​២០១៣, ២០១៤, ២០១៥ និង​២០១៦ លោកពូ​ទីន​ត្រូវបាន​គេ​ចាត់​ចំណាត់ថ្នាក់​លេខ​មួយ​ដែរ នៅក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​មានអំណាច​បំផុត​ក្នុង​លោក​។​

​នៅពេល​ចូល​កាន់តំណែង​ប្រធានាធិបតី លោកពូ​ទីន​បាន​ស្ដារ​មុខងារ​របស់​រដ្ឋាភិបាល​ឡើងវិញ​។ យោងតាម​អ្នកវិទ្យាសាស្ដ្រ​នយោបាយ​រុស្ស៊ី​ដើមកំណើត​អាមេរិក​លោក​Andranik Migranyan​បាន​បញ្ជាក់ថា លោកពូ​ទីន​បាន​ចូល​កាន់តំណែង​នៅពេលដែល​របប​គ្រប់គ្រង​របស់​រុស្ស៊ី​អាក្រក់​បំផុត​។ សេដ្ឋកិច្ច​ក៏​ធ្លាក់​ដុនដាប រដ្ឋ​បាត់បង់​សិទ្ធិ​អំណាចកណ្ដាល ខណៈដែល​ពួក​មានអំណាច​បាន​ព្យាយាម​គ្រប់គ្រង​ប្រទេស​និង​ព្យាយាម​គ្រប់គ្រង​ស្ថាប័ន​របស់​រដ្ឋ​។ ប៉ុន្ដែ​ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ លោក​ពូ​ទីន​បាន​ស្ដារ​ឋានានុក្រម​នៃ​អំណាច​គ្រប់គ្រង​របស់​រដ្ឋ​ឡើងវិញ បញ្ចប់​ភាព​រីកចម្រើន​របស់​ក្រុម​ឥស្សរជន​ក្នុង​តំបន់ ក៏ដូចជា​បំផ្លាញ​ឥទ្ធិពល​នយោបាយ​បក្សពួកនិយម គ្រួសារនិយម​។ លោកពូ​ទីន​បានចាប់ផ្ដើម​បង្កើត​ច្បាប់​គ្រប់គ្រង​មួយ ដើម្បី​ស្ដារឡើងវិញ​នូវ​តួនាទី​របស់​រដ្ឋាភិបាល និង​បង្ហាញ​ពី​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​។ លោកពូ​ទីន​មាន​សមត្ថភាព​គ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ រដ្ឋបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ផងដែរ​។ ការបែងចែក​តួនាទី​ក្នុង​រដ្ឋាភិបាល​បាន​ច្បាស់លាស់ រៀបចំ​ច្បាប់​គ្រប់គ្រង​ឡើងវិញ លុបបំបាត់​ភាព​អាណាធិបតេយ្យ​ក្នុង​ជួរ​រដ្ឋាភិបាល បក្សពួកនិយម គ្រួសារនិយម បានធ្វើឲ្យ​មុខងា​ររដ្ឋាភិបាល​មាន​សណ្ដា​ប់​ធ្នាប់​ឡើងវិញ​។​

​ទាក់ទង​នឹង​ការស្ដារ​សេដ្ឋកិច្ច លោកពូ​ទីន​បាន​គិតថា​មាន​ប្រជាជន​រុស្ស៊ី​រាប់លាន​នាក់​កំពុង​ចង់បាន​ការផ្លាស់ប្ដូរ​ពី​លោក ចង់បាន​ការរស់នៅ​ល្អប្រសើរ​។ ភ្លាមៗ​លោក​មិនអាច​សម្រេច​លទ្ធផល​ជូន​ប្រជាជន​បានទេ ប៉ុន្ដែ​មួយ​ទសវត្ស​ក្រោយមក ប្រជាជន​រុស្ស៊ី​បាន​កែប្រែ​ជីវភាព​រស់នៅ​របស់ខ្លួន​សឹង​មិន​នឹកស្មាន​ដល់​។ លោកពូ​ទីន​បាន​ធ្វើឲ្យមាន​កំណើនសេដ្ឋកិច្ច​កើនឡើ​ង​៨​ឆ្នាំ​ជាប់​គ្នា ហើយ​GDP​កើនឡើង​រហូតដល់​៧២%​។ កំណើន​នេះ​គឺជា​លទ្ធផល​នៃ​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់ ការរៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​។ ក្នុងអំឡុងពេល​ពីរ​អា​ណ​ត្ដិ​ដំបូង​របស់​លោកពូ​ទីន លោក​បាន​ចុះហត្ថលេខា​លើ​ច្បាប់​កំណែទម្រង់សេដ្ឋកិច្ច​ជាច្រើន ដែល​មានដូចជា​ការកាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ ច្បាប់​ពន្ធ​ដី​ និង​ច្បាប់​ស៊ីវិល​ជាដើម ដែល​ក្នុងអំឡុងពេល​នោះ​ភាពក្រីក្រ​នៅ​រុស្ស៊ី​បាន​កាត់បន្ថយ​ជាង​ពាក់កណ្ដាល ហើយ​GDP​ពិតប្រាកដ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ រដ្ឋ​ក៏​ចាប់ផ្ដើម​យកចិត្ដទុកដាក់​លើ​ការថែទាំ​សុខភាព​ប្រជាជ​ន​បន្ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្ដិសុខ លោកពូ​ទីន​បាន​បញ្ជា​ឲ្យ​កម្ទេច​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​រដ្ឋាភិបាល​ចោល​ទាំងអស់ រឹតបន្ដឹង​យ៉ាងខ្លាំង​មិន​ឲ្យមាន​ការបះបោរ​តវ៉ា​បង្កអ​ស្ថិរភាព​ឡើយ​។ ត្រង់ចំណុច​នេះ​ដែលមាន​ក្រុម​សិទ្ធិមនុស្ស​ចោទថា លោកពូ​ទីន​បាន​រិត​ត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​។ រីឯ​គោលនយោបាយ​នៅក្នុង​ស្រុក​វិញ លោក​បាន​បង្កើត​គោលនយោបាយ​ទាក់ទង​នឹង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​គោលនយោបាយ​ថាមពល​។ ក្រៅពីនេះ​មាន​គោលនយោបាយ​បរិស្ថាន សាសនា ការអភិវឌ្ឍ​យោធា សិទ្ធិមនុស្ស ប្រព័ន្ធ​ផ្សព្វផ្សាយ ជំរុញ​ការអភិរក្ស ព្រឹត្ដិការណ៍​កីឡា​អន្ដរជាតិ និង​ការការពារ​សត្វព្រៃ​ជាដើម​។ ទាំងអស់នេះ​សុទ្ធតែជា​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស​រុស្ស៊ី ឲ្យ​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត​។​

គោលនយោបាយ​ការបរទេស រុស្ស៊ី​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​ខាងកើត អាស៊ីអាគ្នេយ៍ មាន​ចំណង​ការទូត​នឹង​ប្រទេស​ជា​អតីត​រដ្ឋ​របស់​សហភាព​សូ​វៀត មាន​ទំនាក់ទំនង​នឹង​អាមេរិក អឺរ៉ុប អង្គការ​ណា​តូ ចក្រភព​អង់គ្លេស​។ ក្រៅពីនេះ​នៅមាន​អូស្ដ្រាលី បណ្ដា​ប្រទេស​នៅ​អាមេរិក​ឡាទីន នៅ​មជ្ឈិមបូព៌ា និង​បណ្ដា​ប្រទេស​នៅអាហ្វ្រិក​ខាងជើង​។ រុស្ស៊ី​បាន​ស្វះស្វែង​យ៉ាងខ្លាំង​ពង្រីក​ឥទ្ធិ​ល​នយោបាយ​នៅលើ​ឆាក​អន្ដរជាតិ ដើម្បី​ទទួលបាន​ផលប្រយោជន៍​មកវិញ​។ ប៉ុន្ដែ​យ៉ាងណាមិញ ឃើញថា​ជាមួយ​បណ្ដា​ប្រទេស​លោកខាងលិច មាន​អឺរ៉ុប អាមេរិក ជាពិសេស​អង់គ្លេស រុស្ស៊ី​មិន​ជាមាន​ចំណងមិត្ដភាព​ល្អប្រសើ​រឡើយ​។

​អឺរ៉ុប អាមេរិក​មាន​ភាពល្អក់​កករ​ជាមួយ​រុស្ស៊ី តាំងពី​ការដាក់​បញ្ជូន​តំបន់​គ្រីមេ​របស់​អ៊ុ​យក្រែន​ជា​ឧបសម្ព័ន្ធ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៤​។ លោកខាងលិច​ចោទថា​រុស្ស៊ី​ធ្វើបែបនេះ​រំលោភ​យ៉ាងធ្ងន់ធ្ង​រលើ​ច្បាប់​អន្ដរជាតិ ហើយ​ក្នុងនាម​ជា​សម្ព័ន្ធ​របស់​អ៊ុ​យក្រែន លោកខាងលិច​មិនអាច​ឈរ​ឱបដៃ​មើល​បានទេ​។ ក្រោយមកទៀត​មាន​ការចោទប្រកាន់ថា រុស្ស៊ី​បាន​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៅ​អ៊ុ​យក្រែន បង្កឲ្យមាន​វិបត្ដិនយោបា​យ រហូត​មាន​ការគាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។ ករណីនេះ រុស្ស៊ី​ត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​លោក​ខាងលិច្ច​ជា​បន្ដបន្ទាប់​។​

​ដោយឡែក​ក្នុងពេល​ថ្មីៗ រុស្ស៊ី​ជាមួយ​អង់គ្លេស​បាន​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា​ករណី​បំពុល​អតីតមន្ដ្រី​ចារកិច្ច​រុស្ស៊ី​និង​កូនស្រី​នៅក្នុង​ប្រទេស​អង់គ្លេស​។ អង់គ្លេស​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ព្រោះ​តាម​ការស៊ើបអង្កេត​បង្ហា​ញ​ថា សារធាតុ​ក​គីមី​ដែល​ប្រើ​មាន​ដើមកំណើត​នៅ​រុស្ស៊ី​។ អង់គ្លេស​បានទាមទារ​ឲ្យ​រុស្ស៊ី​ចេញមុខ​បកស្រាយ​ឲ្យបាន​ច្បាស់លាស់ ប៉ុន្ដែ​រុស្ស៊ី​បដិសេធ​ការចោទប្រកាន់ និង​មិន​ធ្វើតាម​សំណើ ជាហេតុ​ធ្វើឲ្យ​អង់គ្លេស​បណ្ដេញ​មន្ដ្រី​ទូត​រុស្ស៊ី​២៣​រូប​ចេញពី​អង់គ្លេស​។ ចំណែក​រុស្ស៊ី​ក៏​សងសឹក​ដោយ​ការបណ្ដេញ​មន្ដ្រី​ទូត​អង់គ្លេស​២៣​រូប​ដូចគ្នា​ចេញពី​រុស្ស៊ី​។ រហូត​មកទល់ពេលនេះ បញ្ហា​នៅ​មិនទាន់​ដោះស្រាយ​បានទេ​។​

ប៉ុន្ដែ​ទោះជា​មាន​បញ្ហា​កើតឡើង​បែបនេះ​ក្ដី លោកពូ​ទីន​បាន​ប្ដេជ្ញា​ចិត្ដថា លោក​នឹង​ព្យាយាម​ដោះស្រាយ​ជម្លោះ​ជាមួយ​លោកខាងលិច​។ លោក​សង្កត់ធ្ងន់ថា សម្រាប់​រុស្ស៊ី​នឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចទៅរួច​។ ដូច្នេះ​ជម្លោះ​ជាមួយ​ដៃគូ​អន្ដរជាតិ​នឹងត្រូវ​ដោះស្រាយ​តាមផ្លូវ​ការទូត​។

​ជារួម​ទៅ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​វា្លឌី​មៀ ពូ​ទីន​រយៈពេល​ជិត​២០​ឆ្នាំ​កន្លងមកនេះ រុស្ស៊ី​ពិតជា​បាន​អភិវឌ្ឍ​ខ្លួន​ខុស​ពីមុន ដែល​សមិទ្ធផល​ទាំងអស់នេះ​ហើយ​ធ្វើឲ្យ​លោ​កពូទីនទទួលបាន​ការគាំទ្រ​ដល់​សព្វថ្ងៃ​។ លោកពូ​ទីន​ក្រោយ​ទទួលបាន​លទ្ធផល​ឈ្នះឆ្នោត លោក​បាន​និយាយ​ដែរថា ប្រជាជន​រុស្ស៊ី​បាន​មើលឃើញ​ពី​សមិទ្ធផល​ក្នុងពេល​ចុងក្រោយ ហើយ​លោក​ប្ដេជ្ញា​នឹង​ប្រឹងប្រែង​ដើម្បី​អនាគត​ប្រទេសជាតិ ក៏ដូចជា​កូនចៅ​ជំនាន់​ក្រោយ​៕

ព័ត៌មានផ្សេងទៀត