ប្រវត្តិ​សង្ខេបនៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ឡាវ លើ​វិស័យ​សិល្បៈ​របាំ​រាំវង់​

17-03-2018 5:29 pm 1795
  ស្តាប់
ស្តាប់ជាសំឡេង

​របាំ​រាំវង់ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ក្បាច់​របាំ​ប្រជាប្រិយ​ខ្មែរ ដែល​ដូនតា​បាន​បង្កើត​តាំងពី​យូរលង់​ណាស់​មកហើយ ដោយយោង​តាម​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​នានា ។ យ៉ាងណាក៏ដោយ ថ្មីៗ​នេះ កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៨ របាំ​រាំវង់ ត្រូវបាន​ប្រទេស​ឡាវ​ស្នើ​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​ទៅហើយ ។ តើ​មាន​តឹកតាង​អ្វីខ្លះ ដែល​យើង​អាច​អះអាងថា របាំ​រាំវង់​ជា​សម្បត្តិ​របស់​ខ្មែរ​? តើ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​អ្វីខ្លះ ទើប​មាន​ហេតុភេទ​ដែល​អាច​ឱ្យ​ឡាវ​យក​របាំ​រាំវង់ ទៅ​ស្នើ​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់ខ្លួន​? តទៅ​នេះ​សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ជូន​ដោយ គង់ ឧត្តម …

​រាល់ពេល​ដែល​យើង​ឮ​ភ្លេង​រាំវង់​ម្តងៗ បទ​ចម្រៀង​ដំបូង​ដែល​យើង​អាច​នឹង​នឹកគិត​ដល់​មុនគេ​ភ្លាមៗ​នោះ​គឺ​បទ ប្រជុំ​គ្នា​រីករាយ​សប្បាយចិត្ត ឬ​ហៅ​ថា អារ៉ាប់​ពី​យ៉ានេះ​តែម្តង ។ របាំ​រាំវង់ និង​រាំក្បាច់ គឺជា​របាំ​ប្រជាប្រិយ​របស់​ខ្មែរ ដែល​គេ​តែង​និយម​សម្តែង ឬ​លេង​នៅក្នុង​កាល​មាន​ពិធី​បុណ្យ​ប្រពៃណី​របស់​ខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ ។ 

​ពាក្យ​ថា ប្រជាប្រិយ មានន័យ​សេចក្តី​ថា ជាទី​ស្រឡាញ់រ​បស់​ប្រជារាស្ត្រ​, គួរ​ឱ្យ​ប្រជារាស្ត្រ​ស្រឡាញ់ ពេញចិត្ត​, និង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។ ជារួម របាំ​ប្រជាប្រិយ គឺ​មានន័យថា ជា​ល្បែង​រាំ​ដែល​ជាទី​គួរ​ឱ្យ​ស្រឡាញ់​របស់​ប្រជារាស្ត្រ ជាទី​ពេញចិត្ត​សម្រាប់​ពលរដ្ឋ ។ របាំ​ប្រជាប្រិយ​របស់​ខ្មែរ​នេះ ជា​ប្រភេទ​របាំ​ដែល​ងាយ​ចាំ ងាយ​ចេះ ងាយ​ក្នុង​ការរៀបចំ​សម្តែង ។​វា​ជា​សិល្បៈ​ដែល​គេ​និយម​លេង​ជា​ទូទៅ​ទូទាំង​ប្រទេស ទោះ​ក្នុង​ទីក្រុង ឬ​ជនបទ នៅ​តំបន់​ភ្នំ វាលទំនាប ឬ​នៅ​តំបន់​មាត់សមុទ្រ​ក្តី ។ ហេតុដូច្នេះ​ហើយ​ទើប​គេ​សង្កេតឃើញ​ពលរដ្ឋ​ខ្មែរ តាំង​ពី​ព្រះរាជា​នាម៉ឺន​សព្វ​មុខមន្ត្រី រហូត​ដល់​ប្រជារាស្ត្រ ទាំង​ក្មេង ទាំងចាស់ ប្រុស​ស្រី ចេះ​រាំ​របាំ​នេះ​គ្រប់ៗ​គ្នា ។​

​តទៅ​នេះ ខ្ញុំ​សូម​លើក​និយាយ​អំពី​ប្រវត្តិ​សង្ខេប​ត្រួសៗ​អំពី​របាំ​រាំវង់​វិញ​ម្តង ។​ បើ​យោង​តាម​សៀវភៅ​ទស្សនីយភាព​ខ្មែរ បោះពុម្ព​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ឆ្នាំ​២០០៣ បានសរសេរថា ពាក្យ​ថា រាំវង់ គឺជា​លក្ខណៈ​ពិសេស​សម្រាប់​សម្គាល់​រូបភាព​នៃ​របាំ​នេះ ពោល​គឺ​ពេល​រាំ គេ​នាំគ្នា​រាំ​បន្ត​គ្នា​ជា​រង្វង់​មូល ។ វា​ជា​របាំ​សម្រាប់​រាំ​លេង​កម្សាន្ត ឬក៏​រាំ​ដើម្បី​បំបាត់​ការនឿយហត់ ក្រោយ​ពី​ការបំពេញ​ពលកម្ម​ផ្សេងៗ​រួច ។​

​យើង​ជឿ​ថា ដើមកំណើត​នៃ​សិល្បៈ​របាំ​រាំវង់ មាន​អាយុកាល​ជាច្រើន​សតវត្សរ៍​ណា​ស់ម​ក​ហើយ ក្នុង​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​នេះ ដោយហេតុ​ថា តាំង​ពី​បុព្វេ​ដ៏​យូរលង់ ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ឯទៀត ដែល​ស្ថិត​ក្នុង​អម្បូរ​ជាមួយគ្នា​ដូចជា ព្នង គ្រឹង ទំ​ពួន ព្រៅ ជាដើម មានការ​ទាក់ទង​នឹង​ការ​រាំវង់ ឬ​ជា​រង្វង់​មូល​នេះ​ជាច្រើន ។​បងប្អូន​ជនជាតិ​ខ្មែរលើ ភូមិភាគ​ឦសាន​នៃ​ប្រទេស ឬ​តំបន់​ព្រៃភ្នំ នៃ​ភូមិភាគ​ដទៃទៀត និយម​រាំ​លេង​កម្សាន្ត​នៅ​ជុំវិញ​ភ្នក់ភ្លើង​នាពេល​រាត្រី ។ ទម្លាប់​រាំវង់​ជុំវិញ​ភ្នក់ភ្លើង​នេះ មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ ហើយ​ក៏​នៅតែ​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។​ក្នុង​ពិធី​លៀង​អារក្ខ ឬ​ឡើងអ្នកតា ជនជាតិ​ខ្មែរ​តែងតែ​នាំគ្នា​សង់រោង​តូច​មួយ ដោយ​ធ្វើ​រាជ​វត្តិ​ព័ទ្ធជុំវិញ ហើយ​រូប​មេមត់ ឬ​ហៅ​ថា អ្នក​ចូល​រូប តែងតែ​រាំ​ជា​រង្វង់​មូល​ជុំវិញ​រោង​នោះ ក្នុង​ពេល​ប្រារព្ធ​ពិធី​លៀង​អារ​ក្ខ ។​

​ចំណែក​ឯ​ពិធី​កាប់​ក្របី​ថ្វាយ​អ្នកតា​របស់​បងប្អូន​ជនជាតិ​ព្នង គ្រឹង ទំ​ពូន ដែល​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ គេ​ឃើញ​មាន​រូបចម្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (១១៨១-១២១៨) ក៏​មាន​ទម្លាប់​រាំ​ជា​វង់ ឬ​ជា​រង្វង់​មូល​ដែរ ។​

​លើសពីនេះទៅទៀត បងប្អូន​ជនជាតិ ព្រៅ ព្នង គ្រឹង ទំ​ពូន នៅ​ប្រកាន់​ភ្ជាប់​ទំនៀម «​រាំវង់​ភូមិ​ថ្មី​» ដែល​ភាសា​ជន​ជាតិនិយម​ហៅថា «​រាំវង់​ស្រ៊ុក ហាន់​ទើម​» ។ របាំ​រាំវង់​ភូមិ​ថ្មី គេ​មាន​ទម្លាប់​ធ្វើ​នៅក្នុង​ពេល​ប្តូរ​ភូមិ​ពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​ថ្មី ។ គេ​នាំគ្នា​ប្រារព្ធ​ពិធី​សម្តែង​របាំ​រាំវង់​ភូមិ​ថ្មី ពេល​ចូល​ដល់​ទឹក​ដី​ភូមិ​ថ្មី​ដំបូង ដោយ​អ្នក​ភូមិ​ស្រី ប្រុស នាំគ្នា​រាំ​ជា​គូៗ តៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន ដោយ​គេ​ជឿថា នឹង​នាំឱ្យ​គេ គ្រប់ៗ​គ្នា​បាន​សេចក្តីសុខ​ចម្រើន ។​

​តាម​ការលើកឡើង​ទាំងអស់​ខាងលើ​នេះ បញ្ជាក់​ថា​របាំ​រាំវង់ គឺជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី​របស់​ដូនតា​ខ្មែរ តែ​លុះ​ចំណេរ​ក្រោយមក ទើប​ក្លាយជា​របាំ​ប្រជាប្រិយ ដែល​មាន​ការ​និយម​ចូលចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ ក្រោយមក​ក្នុង​ពេល​ដែល​ប្រទេស​ជិតខាង​មាន សៀម និង​ឡាវ បានចាប់កំណើត​ឡើង របាំ​រាំវង់​នេះ ក៏ដូចជា​ទម្រង់​សិល្បៈ​ឯ​ទៀត​ដែរ បាន​ហូរ​ចុះ​ហូរ​ឡើង ឬក៏​ជះឥទ្ធិពល​ឆ្លង​គ្នា​ទៅវិញទៅមក​រវាង​ខ្មែរ​និង​លាវ ខ្មែរ​និង​សៀម ពិសេស​គ្រប់​តំបន់​ជាយដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​-​ឡាវ ឬ​ខ្មែរ​-​សៀម​រស់​នៅ​លាយឡំ​គ្នា​ច្រើន​នោះ ។​

​បើ​យើង​និយាយ​ឱ្យ​ស៊ីជម្រៅ​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ​ទៅទៀត​នោះ ឯកសារ​មួយចំនួន​បាន​រៀបរាប់​ថា ប្រទេស​ទាំង​ពីរ មាន​ប្រវត្តិ​ជា​ចំណង​មិត្តភក្តិ​ផង និង​សាច់​សារ​លោហិត​ផង គឺ​មាន​ទំនាក់ទំនង​នឹង​គ្នា​តាំងពី​យូរលង់​មកហើយ ពោល​គឺ​តាំងពី​សម័យ​មហានគរ​មកម្លេ៉ះ ។ ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​លើកយក​ប្រវត្តិ​ត្រួសៗ​សង្ខេប​អំពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ផ្សារភ្ជាប់​ទៅ​នឹង​សិល្បៈ​បុរាណ​ខ្មែរ ។​

​ព្រះ​ចៅហ្វាងូ​ម ជា​រាជា​ដំបូង ល្បីល្បាញ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​អាណាចក្រ​ឡាន​សាង គឺជា​បុត្រ​សុណី​សា របស់​ព្រះ​ចៅ​ក្រុង​កម្ពុជា​នា​សម័យអង្គរ ។​កាលពី​នៅ​កុមារ ព្រះអង្គ​ត្រូវ​បាន​គេ​បណ្តែតពោងពាយ​តាម​ដង​ទន្លេមេគង្គ មក​ទើរ​នៅ​ត្រង់​តំបន់​ចម្ប៉ា​សាក់ ហើយ​ត្រូវបាន​ព្រះចៅអធិការ​វត្ត​មួយ​នៅ​ចម្ប៉ា​សាក់ រើសយក​មក​បីបាច់​ថែរក្សា រួច​នាំ​ទៅ​ថ្វាយ​ព្រះរាជា​នា​ទីក្រុង​អង្គរ ។ ព្រះរាជា​ខ្មែរ​នៅ​អង្គរ ទ្រង់​សព្វព្រះរាជហឫទ័យ​យ៉ាងខ្លាំង ទ្រង់​ផ្គត់ផ្គង់ ទំនុក​បម្រុង ហើយ​ផ្ចុងផ្តើម​ឱ្យ​ចៅហ្វាងូ​មសាង​ផ្នួស​បួស​រៀន នូវ​វិជ្ជា​សព្វសារពើ​រហូត​មាន​ការចេះដឹង​កម្រិត​ខ្ពស់ ។ លុះ​លាចាក​សិក្ខាបទ ព្រះរាជា​ខ្មែរ​នា​សម័យអង្គរ​នេះ ក៏​បាន​រៀប​អភិសេក​បុត្រី​សំណប់​ព្រះទ័យ​របស់​ព្រះអង្គ ព្រះនាមក្សត្រី​កែវឡ​ត​ហ្វា ឱ្យទៅ​ចៅហ្វាងូ​ម ។ រួច​បាន​ជួយ​ផ្តល់​កម្លាំង​ទ័ព​យ៉ាងច្រើន ដើម្បី​ឱ្យ​ទៅ​ចៅហ្វាងូ​មយាង​ទៅ​រំដោះ​ទឹកដី​កំណើត (​ទំនង​ជា​សាមន្តរដ្ឋ ដែល​សត្រូវ​ឈ្លានពាន​យក​ទៅ​នោះ​មក​វិញ​) ។ ក្នុង​ដំណើរ​វិលត្រឡប់​នេះ ចៅហ្វាងូ​មបាន​នាំ​ទៅ​ជាមួយ​នូវ​ទំនៀមទម្លាប់​ប្រពៃណី សិល្បៈ​មួយចំនួន និង​ទាំង​ផ្នែក​សាសនា​ផង ។ ជាទីបំផុត ព្រះអង្គ​ទ្រង់​បាន​ទទួល​ជោគជ័យ និង​ឡើង​សោយរាជ្យ​នៅ​ហ្លួង​ព្រះ​បាង ក្នុង​អំឡុង​ឆ្នាំ​១៣៥៣ គឺ​ដំណាលគ្នា​នឹង​កាលបរិច្ឆេទ​នៃ​ការ​បែក​ក្រុង​អង្គរ​នេះ​ឯង ។ តាមរយៈ​ឯកសារ​ទាំងនេះ គួបផ្សំ​ដោយ​ការពិនិត្យ​ជាក់ស្តែង​ផង យើង​អាច​យល់​បាន​ថា វប្បធម៌​ឡាវ និង​កម្ពុជា​មួយ​ភាគ​ធំ ដែល​សេសសល់​ដល់​សព្វថ្ងៃ គឺជា​បងប្អូន​នឹង​គ្នា ។ ម្យ៉ាងទៀត យើង​ពិនិត្យ​មើល​របាំ​ក្បាច់បុរាណ​ដែល​សព្វថ្ងៃ ឡាវ​ក៏មាន ខ្មែរ​ក៏​មាន ក្នុង​រូបភាព​ប្រហាក់ប្រហែលគ្នា ទាំង​តន្ត្រី ជួន​សិល្បៈ​របាំ​នេះ ក៏​ដូចគ្នា​ទៀតផង ហើយ​ដែល​នៅ​ប្រទេស​ឡាវ គេ​មាន​ការនិយម​ឱ្យឈ្មោះ​ថា «​ណា​ង​កែវៗ​» គឺ «​នាង​កែវ​» រហូត​ដល់​សព្វថ្ងៃនេះ ។ ឈ្មោះ​នាង​កែវ​នេះ ក៏​ប្រហែល​អាច​ជា​ភស្តុតាង​បញ្ជាក់​បន្ថែម​ពី​ទំនាក់ទំនង​រវាង​ទម្រង់​សិល្បៈ​របាំ ឬ​ល្ខោន​ក្បាច់បុរាណ​ឡាវ ទៅ​នឹង​សិល្បៈ​ទេវៈ​របស់​មហានគ​រដែ​រ ។ ឯ​ក្សត្រី​កែវឡ​ត​ហ្វា​បុត្រី​ព្រះ​ចៅ​ក្រុង​កម្ពុជា នា​សម័យ​អាណាចក្រ​ខ្មែរ ដែល​បាន​ក្លាយទៅជា​មហេសី​របស់​ព្រះ​ចៅហ្វាងូ​ម ក៏​ប្រហែល​អាច​ជា​សិល្បការិនី នៃ​ទម្រង់​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ទៀតផង ។​

​យ៉ាងណាម៉ិញ ជារួម​បើ​យើង​និយាយ​អំពី ទស្សនៈ​យល់ដឹង​អំពី​សិល្បៈ​របាំ​ប្រជាប្រិយ​ខ្មែរ ដែល​រាំ​ជា​រង្វង់​មូល ហើយ​ប្រើ​កាយវិការ និង​ក្បាច់​ដៃ «​ជីប​» ពីក្រោម ហើយ​លើក​ឡើង «​លា​» នោះ​វិញ មាន​មតិ​ភាគច្រើន​យល់ថា នោះ​ជា​ការបង្កើត​សាមគ្គីភាព​រវាង​គ្នា និង​គ្នា​ផង​ការបង្ហាញ​ពី​សុភមង្គល​ក្នុង​ជីវិត​ខ្មែរ​ផង និង​ជា​និម្មិត​រង្វង់​នៃ​ជីវិត​ដែល​ត្រូវតែ​មាន​ពលកម្ម​ដាំ​ដុះ​ផលដំណាំ សារ​ចុះ​សារ​ឡើង បន្ត​ជា​និរន្ត មិនចេះចប់ ដើម្បី​ទ្រទ្រង់​ជីវិត និង​ការចាំបាច់​នៃ​ការបន្ត​ពូជពង្សវង្សត្រកូល (​បន្ត​វេន​) នៃ​ធម្មជាតិ និង​មនុស្ស ពិសេស​គឺ ពូជពង្សវង្សត្រកូល​ខ្មែរ​នេះ​តែម្តង ៕

 

ព័ត៌មានផ្សេងទៀត