ក្រុមហ៊ុន​​ចិន​​គ្រោង​​បង្កើត​​រោងចក្រ​​កែច្នៃ​​ដំឡូង​​មី​​ចំនួន​​០៥​​នៅ​​កម្ពុជា

14-03-2018 11:24 am
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន Green Leader ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​លក់​ភាគហ៊ុន​ជា​សាធារណៈ នៅ​ទីក្រុង ហ៊ុង​កុង ហើយ​បាន​ចូលមក​កម្ពុជា ដើម្បី​បង្កើតជា​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ សម្រាប់​កែច្នៃ​ដំឡូង មី​ទៅជា​ម្សៅ​។ នេះ​ជា​ការលើកឡើង​របស់​នា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចិន Green Leader ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃទី​១៣ មីនា​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រូបនេះ​បាន​អះអាងថា ក្រុមហ៊ុន​របស់ខ្លួន​នឹង​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ទី​១ នៅ​ខេត្តក្រចេះ​នៅ​អំឡុង​ខែមេសា​ខាងមុខនេះ ដែល​រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ​បាន​ប្រមាណ​១០០,០០០ តោន​ក្នុង​មួយឆ្នាំ ជាមួយនឹ​តម្រូវការ​ដំ​ឡូ​ង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច ៥០០,០០០ តោន​ក្នុង​មួយឆ្នាំ​។ 

​លោក Michael Tse សង្ក​ត​ធ្ងន់​ថា ដើម្បី​ទ្រទ្រង់​កម្រិត​ផលិតកម្ម​នេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ​នៃ​កិច្ចព្រមព្រៀង​កសិកម្ម (Contract Farming) ឬ​កសិកម្ម​មាន​កិច្ចសន្យា ជាមួយនឹង​កសិករ ដោយ​ក្រុមហ៊ុន​នឹង​ផ្ដល់ជូន​នូវ​បច្ចេកទេស ពូជ និង​ធនធាន​មួយចំនួនទៀត​។ លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ក៏មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន​៥ ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ ដោយ​រោងចក្រ​ទី​ពីរ​អាច​នឹង​សាងសង់​នៅ​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ។​

គម្រោង​ដ៏​ធំ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​រដ្ឋមន្ត្រី​ខ្មែរ ដោយ​លោក​ប៉ាន សូរ​ស័ក្ដិ បាន​សម្ដែង​ការស្វាគមន៍​ក្រុមហ៊ុន​ចិន​មួយ​នេះ ដែល​បានមក​បោះទុន​ច្រើន​នៅ​កម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដែលជា​វិស័យ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា​។ ជាមួយគ្នានេះ លោក​ប៉ាន សូរ​ស័ក្ដិ​ស្នើឲ្យ​ក្រុមហ៊ុន Green Leader ពិចារណា​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ជា​ការផ្ទេរ​ចំណេះដឹង និង​បច្ចេកវិទ្យា និង​ថា​ក្រសួង​ពាណិជ្ជកម្ម ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ធុរកិច្ច​របស់​ក្រុមហ៊ុន​។ លោក​រដ្ឋមន្ត្រី​រំពឹង​ដែរថា ការវិនិយោគ​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​កសិករ​កម្ពុជា ដូចជា​អាច​បង្កើន​ចំណូល​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ចំណាកស្រុក និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ជាតិ​។ 

ជា​ការកត់សម្គាល់ បច្ចុប្បន្ន​បើទោះជា​ដំណាំ​ដំឡូង​មី​បាន​ក្លាយជា​ដំណាំ​មាន​សក្ដានុពល​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ក្ដី ក៏​ដំណាំ​នេះ​ហាក់​មិនសូវ​ជា​មានតម្លៃ​ខ្ពស់​នៅឡើយ ដោយ​កាលពីពេល​កន្លងទៅ ប្រជាកសិករ​តែងតែ​ត្អ​ញ​ត្អែ​រ​ពី​ការធ្លាក់​ថ្លៃ​ដំឡូង​នៅក្នុង​រង្វង់​ប្រមាណ​ជាង​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដំឡូង​ស្រស់​។​

​បើតាម​របាយការណ៍រ​បស់​អង្គការ​យូ​អិន​ឌី​ភី​បាន​បញ្ជាក់ថា ដំណាំ​ដំឡូង​មី​បាន​រួមចំណែក​ជិត​៤%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​២០០០ ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​មាន​ប្រមាណ​១៦​ពាន់​ហិច​តា ដោយបាន​កើនឡើង​ដល់​៦០០​ពាន់​ហិច​តា​ក្នុង​ឆ្នាំ​២០១៦ និង​បានផ្ដល់​ទិន្នផល​សរុប​១៣​លាន​តោន​ផងដែរ​៕
​ដោយ៖ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត