​ឆ្នាំ​២០១៧​កម្ពុជា​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ចំនួន​១.២​លាន​នាក់​

14-03-2018 10:32 am 1200
  ស្តាប់
ពលរដ្ឋជាពលករចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក ។
ស្តាប់ជាសំឡេង

​ក្នុង​មួយ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បាន​ផ្តល់​សេវា​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ជូន​ដល់​ពលរដ្ឋ​បាន​ជាង ១.២ លាន​នាក់ ។ នេះ​បើ​តាម​របាយការណ៍​លទ្ធ​ផល​នៃ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​នៅ​ថ្ងៃទី​១៣ ខែ​មីនា ។​

​របាយការណ៍​ដដែល​បញ្ជាក់ថា ក្នុងចំណោម​ពលក​រទាំង ១.២ លាន​នាក់​នោះ កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅកាន់​ប្រទេស​ថៃ មាន​ចំនួន ១,០៥៦,៣៥៨ នាក់​, ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន ៤៤,២២៩​នាក់​, ប្រទេស​ជប៉ុន​មាន​ចំនួន ៦,០០០​នាក់​, ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ៣០,០០០​នាក់​, ប្រទេស​សិង្ហ​បុរី​មាន​ចំនួន ៤៨៧​នាក់ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បានចាប់ផ្ដើម​បញ្ជូន​ពល​ការិនី​មាន​ចំនួន ១៥​នាក់ ។ បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​នេះ ក៏​បាន​អះអាង​បញ្ជាក់ថា ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​សរុប​ចំនួន ៩៩,៣ % ។ 

​យ៉ាងណាម៉ិញ បើ​យើង​និយាយ​អំពី​ពលករ​បរទេស ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៣២,៥១២ នាក់ ក្នុងនោះ​មាន ៩៣ សញ្ជាតិ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​គ្រឹះស្ថាន​ចំនួន ៣,៩៦៩ គោលដៅ ។ នេះ​បើ​តាម​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។​

​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បានបង្ហាញ​ថា ក្រុម​ការងារ​ចម្រុះ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស ដែល​មាន​ក្រសួង​ការងារ និង​ក្រសួង​មហាផ្ទៃ បាន​ផាកពិន័យ​ជនបរទេស​ប្រកបមុខរបរ និង​បម្រើ​ការងារ​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​១,៣៨៩​នាក់ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត