វិធី​ដាំ​ដំណាំ​ននោងពស់ ឬ​ននោងទេស​

14-03-2018 8:33 am 471

​ននោង​ពស់ ឬ​ននោងទេស ជា​ដំណាំ​ដែល​ប្រជាកសិករ និយម​ចូលចិត្ត​ដាំ ព្រោះ​វា​ឆាប់​ផ្តល់​ផល ឬ​អាច​ធ្វើ​ម្ហូប​ដូចជា ឆា ហូប​អន្លក់ ស្ល​ប្រហើរ ស្ល​កកូរ ឬ​អាច​ស្ងោរ​ញាត់​សាច់ជ្រូក​ដូច​ម្រះ​ដែរ ។​

​ប្រភេទ​ននោង​នេះ មាន​ផ្កា​ពណ៌​ស​ខុសពី​ននោង​ផ្សេងទៀត​ដែល​មាន​ផ្កា​ពណ៌​លឿង ។ ផ្លែ​មាន​រាង​មូល​តូច​វែង មាន​ឆ្នូត​ពណ៌​ស​ពព្លាក់​តាម​បណ្ដោយ​ផ្លែ ។ ននោង​ទាំងនេះ​គ្មាន​ស្រកី​ដូចជា​ននោងជ្រុង និង​ននោង​មូល​ទេ ។ ផ្លែ​ប្រើ​ជា​អន្លក់ និង​បន្លែ​ធ្វើ​ជា​សម្ល​បាន​ច្រើន​មុខ ។ 

​ការរៀបចំ​ដាំ​ដុះ ៖
- យក​ផើង​ដំណាំ​ដែលមាន​ទំហំ​ធំ​ល្មម លាង​សម្អាត រួច​ហាល​ក្រោម​កម្តៅ​ព្រះអាទិត្យ ដើម្បី​សម្លាប់​មេរោគ​ផ្សេងៗ​
- ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ដី​ផុស​ល្អ​

​ការជ្រើសរើស​ពូជ ៖
- ពូជ​ដើម​ធន់​នឹង​ជំងឺ​
- ពូជ​ផ្តល់​ផល​រយៈពេល​ខ្លី (​ឆាប់​ផ្លែ​)
- ពូជ​ផ្លែ​ធំ​ល្អ គ្មាន​ស្នាម​ទិច​របស់​សត្វ​ចង្រៃ​
- ពូជ​ដែល​កសិករ​ចូលចិត្ត​បរិភោគ និង​ទីផ្សារ​ត្រូវការ​

​ការដាំដុះ ៖
- យក​ដី ដែល​រៀបចំ​រួច ចាក់​ចូល​ផើង​ដំណាំ  
- យក​គ្រាប់​ពូជ​ននោង ដាក់​ដាំ​ក្នុង​រណ្តៅ ក្នុង​ជម្រៅ​មួយ​លិច​គ្រាប់ 
- រួច​ស្រោច​ទឹក​ឱ្យ​ជោគ​

​ការថែទាំ ៖
- ក្រោយ​ចេញ​ពន្លក ឬ​ក្រោយ​ដុះ​បាន​១៥​ថ្ងៃ ត្រូវ​ជ្រួយដី ដាក់​ជីកំប៉ុស្ត​បន្ថែម​
- ជួនកាល​គេ​កប់ដើម​ននោង ដើម្បី​បង្កើន​ឫស​ថ្មី ដែល​ធ្វើឱ្យ​ននោង​ផ្លែ​ច្រើន និង​មាន​អាយុ​វែង 
- ពី​២០ ទៅ​២៥​ថ្ងៃ ននោង និង​បោះដៃ​រក​ទ្រើង ដូច្នេះ​យើង​ត្រូវ​ធ្វើ​ទ្រើង ២​ទៅ​៣​ថ្ងៃមុន​
- ក្នុង​រដូវក្តៅ ស្រោច​ទឹក ពី​១ ទៅ​២​ដង ក្នុង​១​ថ្ងៃ បើ​នៅ​រដូវវស្សា មិន​ស្រោច​ទេ ព្រោះ​ននោង​មិន​ត្រូវការ​ទឹក​ច្រើន​ប៉ុន្មាន​ទេ​

​ការប្រមូល​ផល ៖
- ក្រោយ​ដាំ​ដុះ​រយៈពេល​ពី ៧០ ទៅ ៧៥​ថ្ងៃ យើង​អាច​ចាប់ផ្តើម​ប្រមូល​ជា​លើកដំបូង ។ ការប្រមូល​ផល​បាន​បន្ត​បន្ទាប់​ច្រើនដង អាស្រ័យ​ដោយ​យើង​ដាក់​ជី​ថែទាំ​បានល្អ ។​

​ការ​រក្សាទុក​ពូជ ៖
- ទុក​ផ្លែ​ដែល​ធំ ហើយ​ថ្លោស​ល្អ គ្មាន​សត្វ​ល្អ​ត​ចង្រៃ​ទិច​
- ទុក​ផ្លែ​ឱ្យ​ទុំ​នៅ​ដើម​ឡើង​ក្រហម ហើយ​បេះ​យក​មក​ពុះ យក​គ្រាប់​ចេញ រួច​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ហាលថ្ងៃ​ឱ្យ​ស្ងួត​រក្សាទុក ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ប្រភព​ឯកសារយោង​៖ សៀវភៅ​កន្ត្រក​នៃ​ជម្រើស​សំរាប់​សន្តិសុខ​ស្បៀង​)

ព័ត៌មានផ្សេងទៀត