លោក​ដូណាល់ ត្រាំ​​ទម្លាក់​​រដ្ឋមន្ដ្រី​ការបរទេស​​ចេញពី​តំណែង​

14-03-2018 8:31 am 1101
  ស្តាប់
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក​រ៉េ​ច ធី​ល​ល័​រសុនដែលត្រូវទម្លាក់ចេញពីតំណែង
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បណ្ដេញ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​រ៉េ​ច ធី​ល​ល័​រសុន​ចេញពី​តំណែង​ហើយ​។ លោក​ត្រាំ​បានប្រកាស​នៅលើ​ប្រព័ន្ធ​Twitter​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ថា លោក​ធី​ល​ល័​រសុន​នឹងមាន​អ្នកជំ​នួ​ស​តំណែង គឺជា​ថ្នាក់ដឹកនាំ​នៅ​ទីភ្នាក់ងារ​កណ្ដាល​ស៊ើបការណ៍​សម្ងាត់​(CIA)​លោក​ម៉ៃ ផុម​ភី​អូ​(Mike Pompeo)​។ លោក​ត្រាំ​និង​លោក​ធី​ល​ល័​រសុន​ត្រូវ​បានគេ​រាយការណ៍​ថា បាន​ខ្វែងគំនិត​គ្នា​លើ​ការដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។​

​ទាក់ទង​នឹង​លោក​ម៉ៃ ផុម​ភី​អូ លោក​ត្រាំ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​និយាយថា លោក​មាន​ទំនុកចិត្ដ​លើលោក​ផុម​ភី​អូ មាន​សមត្ថភាព​ទទួល​តំណែង​នេះ​។ លោក​ផុម​ភី​អូ​នឹង​បន្ដ​ដឹកនាំ​តាម​គោលនយោបាយ​ដែលមាន​ស្រាប់ ដើម្បី​ស្ដារឡើងវិញ​នូវ​ជំហរ​របស់​អាមេរិក ក្នុង​ការពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ជា​មិត្ដ ហើយ​ប្រឈមមុខ​នឹង​ប្រទេស​ដែលជា​សត្រូវ ក៏ដូចជា​ស្វែងរក​ការរំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ លោក​ត្រាំ​បន្ថែម​ដូច្នេះ​។​

​សូមបញ្ជាក់ថា លោក​ម៉ៃ ផុម​ភី​អូ​ដែលជា​ប្រធាន​CIA មាន​អាយុ​៥៤​ឆ្នាំ បានធ្វើការ​ទាក់ទង​នឹង​ការប្រមូល​ព័ត៌មាន ពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ លោក​ផុម​ភី​អូ​ជា​មន្ដ្រី​កងទ័ព​ចូលនិវត្ដន៍​របស់គ​ណបក្សសាធារណ​រដ្ឋ មុនពេល​តែងតាំង​ជា​ប្រធាន​CIA ។ ចំណែក​លោក​ធី​ល​ល័​រសុន​ដែល​ទើបត្រូវ​លោក​ត្រាំ​ទម្លាក់​ចេញពី​តំណែង​មាន​អាយុ​៦៥​ឆ្នាំ បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​អស់​រយៈពេល​១៣​ខែ​។ លោក​ជា​មនុស្ស​ទីមួយ​ដែល​កាន់តំណែង​នេះ​បាន​ខ្លី​ជាងគេ ក្នុង​រយៈពេល​១២០​ឆ្នាំ​កន្លងមកនេះ​៕

ព័ត៌មានផ្សេងទៀត