ពលរដ្ឋ​​អាច​​ឃាត់​​​ជនបង្ក​​គ្រោះថ្នាក់​​ចរាចរណ៍​​​​​ទុក​​ តែ​​មិន​អាច​​បង្ក​​ហិង្សា

13-03-2018 6:08 pm 848
  ស្តាប់
ស្តាប់ជាសំឡេង

​ប៉ុន្មាន​ថ្ងៃនេះ​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កំពុង​ចាប់អារម្មណ៍​យ៉ាង​ក្តៅគគុក​នឹង​ព្រឹត្តិការណ៍​បង្ក​ហិង្សា លើ​អ្នកបើកបរ​ស្ទើរ​ស្លាប់​រស់ ព្រោះ​ត្រូវគេ​ចោទថា បាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់គេច​។​ពាក់​ពន្ធ័​បញ្ហា​នេះ​អ្នកនាំពាក្យ​សាលាក្រុង បាន​លើកឡើងថា ពលរដ្ឋ​អាច​ចូលរួម​ឃាត់​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ព្យាយាម​រត់គេច ប៉ុន្តែ​សូមកុំ​ប្រើ​បញ្ហា​ហិង្សា​។​

<<​ពលរដ្ឋ​គួរ​ចូលរួម​ក្នុង​ការឃាត់ទុក ទាំង​ជន​បង្កហេតុ ក៏ដូចជា​យានជំនិះ ទាំងឡាយណា ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នកដទៃ ហើយ​ព្យាយាម​រត់គេច ដោយ​មិនមាន​ទំនួល​ខុសត្រូវ ក៏ប៉ុន្តែ​ចំពោះ​ការវិនិច្ឆ័យ​ទោស​យ៉ាងណា​នោះ ត្រូវ​ទុកឲ្យ​សមត្ថកិច្ច និង​ច្បាប់​ជា​អ្នកដោះស្រាយ ដោយ​កុំ​បង្កបញ្ហា​ដល់​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​។ >> នេះ​ជា​ការលើកឡើង របស់លោក​ម៉េត មាស​ភក្តី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​វិទ្យុ​វាយោ​នា​រសៀល​ថ្ងៃទី​១៣ ខែ​មិនា​នេះ​...​

​សំឡេងលោក ​ម៉េត មាស​ភក្តី៖ 

​គួររំលឹកថា កាលពី​ថ្ងៃអាទិត្យ កន្លងទៅ មាន​ករណី​ប្រជាពលរដ្ឋ​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ ទៅលើ​អ្នកបើកបរ​រថយន្ត​ម្នាក់ ដែល​ត្រូវគេ​ចោទថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់ រួច​បើក​រត់គេច​មិន​ទទួលខុសត្រូវ​។ អ្នកបើករថយន្ត​បាន​រង​អំពើហិង្សា​ស្ទើរ​បាត់​បង់ជីវិត បាត់បង់​ទ្រព្យសម្បត្តិ និង​ខូចខាត​រថយន្ត​ស្ទើរតែ​ទាំងស្រុង​។ ក្រោយ​កើតហេតុ ទើប​មានការ​បំភ្លឺថា អ្នកបើកបរ​រូបនេះ មិនបាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ធ្វើឲ្យមាន​អ្នក​ស្លាប់ទេ ហើយ​ហេតុការណ៍ នោះ​កើតឡើង​ដោយ​មនុស្ស​មួយក្រុម ដែល​ផ្អើល​ពី​មាត់​មួយ ទៅ​មាត់​មួយ​។​

​ជាមួយគ្នានេះ​លោក​ជួន សុវណ្ណ​នាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់ថា ករណី​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រត់គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម​។​នាយ​ឧត្តមសេនីយ៍​រូបនេះប​ន្តថា ក្នុងករណី​អ្នក​ដែល​បង្ក​ហិង្សា​លើ​អ្នកបើកបរ គឺជា​បទល្មើស​ជាក់ស្តែង ព្រោះ​ជា​បទល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​៕

​ដោយ​៖ ប៉ា សុ​ខេង​  

ព័ត៌មានផ្សេងទៀត