លោកស្រី​រ៉ូ​ណា ស្មី​ត បារម្ភ​ពី​ព្រឹទ្ធសភា​កម្ពុជា​ដែល​មាន​សម្លេង​គណបក្ស​តែមួយ​

13-03-2018 5:30 pm 943
  ស្តាប់
លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ទាក់ទង​ទៅនឹង​ការងា​រគ​.​ជ​.​ប និង​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា​ពេលកន្លងមក​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ច​ជំនួប​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី​រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​ព្រឹទ្ធសភា​នា​ពេលកន្លងមក ដោយសារ​តែ​សភា​មាន​គណបក្ស​តែ​មួយ​។​

​ការព្រួយបារម្ភ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នេះ ដោយសារ​តែ​លោកស្រី​សង្កេតឃើញថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ កន្លងមកនេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លទ្ធផល​ច្រើនជាងគេ ហើយ​ឈ្នះ​អាសនៈ​ទាំង​អស់​ក្នុង​ការប្រកួតប្រជែង​ចំនួន​៥៨​អាសនៈ ក្នុងចំណោម​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង ដែល​រួម​មាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង គណបក្ស​យុវជន​កម្ពុជា​។​

​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ​នេះ​ដែរ​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​អះអាង​ថា មិន​មាន​នរណា​អាច​កែ​លទ្ធផល​នេះ​បានទេ ហើយ​គ​.​ជ​.​ប មាន​តួនាទី​រៀបចំ​ការបោះឆ្នោត តែបើ​មាន​សំឡេង​បក្ស​តែ​មួយ​ក្នុង​ព្រឹទ្ធសភា នោះ​គឺជា​ហេតុផល និង​ជា​លទ្ធផល​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​...

​សំឡេង​លោក​ហង្ស ពុទ្ធា​៖

​បន្ថែម​ពីលើ​នេះ​លោក​ហង្ស ពុទ្ធា បានបញ្ជាក់​ថា គ​.​ជ​.​ប ក៏​បាន​ស្នើ​ឲ្យ​លោកស្រី​រ៉ូ​ណា ស្មី​ត ដាក់​តំណាង​សង្កេតការណ៍ ឬ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីស្នាក់កា​រគ​.​ជ​.​ប ផងដែរ ដើម្បី​តាមដាន​ការរៀបចំ​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​ពីរ​ហើយ​ដែល​បាន​ដាក់​ទីស្នាក់ការ​របស់​ខ្លួន​នៅ​គ​.​ជ​.​ប​។​

​សូមបញ្ជាក់​ថា លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ថ្មី​ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី​៥ មីនា​មក ដើម្បី​ពិនិត្យមើល​ឡើងវិញ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​អនុសាសន៍​របស់​លោកស្រី ដែល​បាន​ដាក់​ជូន​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៧ ៕

 

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត