លោក​​ហេង​ សំរិន​​ប្រាប់​​លោក​ស្រី​​ស្មី​ត​​ថា​ ទោះ​​តំ​ណាង​រាស្ត្រ​​មាន​​អភ័យ​ឯក​សិទ្ធិ​ តែ​​មិន​អាច​​រំលោភ​ច្បាប់​​

13-03-2018 4:05 pm 1577
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានរដ្ឋសភា​កម្ពុជា បាន​ប្រាប់​ទៅ​អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ថា ត្បិតតែ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ជា​អ្នកធ្វើច្បាប់ តែ​មិនអាច​ក្លាយជា​អ្នក​រំលោភច្បាប់​នោះទេ​។

​លោក​ហេង សំរិន ប្រធានរដ្ឋសភា បាន​បញ្ជាក់ប្រាប់​លោកស្រី រ៉ូ​ណាល់ ស្មី​ត អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ក្នុងជំនួប​ថា កម្ពុជា​ធ្លាប់​ទទួលរង​នូវ​ការឈឺចាប់ ខ្លោចផ្សារ ដោយសារ​សង្គ្រាមស៊ីវិល អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មកហើយ ដែល​ទាំងនេះ​គឺជា​លទ្ធផល​នៃ​ឥទ្ធិពល​ការជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។​

​លោក​ហេង សំរិន បាន​បញ្ជាក់ថា “​កម្ពុជា​ទើប​មាន​សុខសន្តិភាព ស្ថិរភាព​ពេញលេញ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​បាន​បង្កលក្ខណៈ​ឲ្យ​កម្ពុជា មានឱកាស​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​”​។ យ៉ាងណាមិញ​លោក ហេង សំរិន ក៏បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោកស្រី និង​សហការី​នា​ពេលកន្លងមក និង​ពេលបច្ចុប្បន្ន បាន​រួមចំណែក​ដល់​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។​

​ប្រធានរដ្ឋសភា​រូបនេះ បាន​បញ្ជាក់ទៀតថា សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប មានចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា និង​សិទ្ធិ​ទទួល​នូវ​កិច្ចការពារ​ដោយ​ច្បាប់​ផ្សេងៗ​ជាច្រើន​ទៀត​។ លោក​បន្តថា ពិតណាស់​ប្រជាធិបតេយ្យ និង ការគោរព​សិទ្ធិមនុស្ស វា​ត្រូវតែដើរ​ទន្ទឹមគ្នា និង​នីតិរដ្ឋ គឺ​ការគោរព​ច្បាប់​។ ក៏ប៉ុន្តែ​ថ្វីត្បិតតែ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ជា​អ្នកធ្វើច្បាប់ តែ​មិនអាច​ក្លាយជា​អ្នក​រំលោភច្បាប់ ឬ​បំពាន​ច្បាប់​នោះទេ​។​

​លោក ហេង សំរិន បាន​គូសបញ្ជាក់​ប្រាប់​អ្នកស្រី រ៉ូ​ណាល់ ស្មី​ត ទៀត​ពី​ជំហរ​កម្ពុជា​ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ជា​ចម្បង​លើ​ការរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម រួមទាំង​ការអភិវឌ្ឍ​។ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​​រឹត​តែ​​មាន​​សារៈ​សំខាន់ បន្ទាប់ពី​ប្រទេសជាតិ​មាននូវ​អ្វីៗ​ដូចខាងលើ​។ លោក ហេង សំរិន បន្តថា ប្រសិនបើ​ប្រទេសជាតិ​ធ្លាក់​ក្នុងស្ថានភាព​ដូច​បណ្តា​ប្រទេស​មួយចំនួន នៅ​មជ្ឈិមបូព៌ា កុំ​និយាយ​ឡើយ​ពី​សិទ្ធិមនុស្ស សូម្បីតែ​សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​នៃ​ការរស់រានមានជីវិត ក៏​សឹងតែ​គ្មាន​ផង​។

​គួរ​បញ្ជាក់ថា លោកស្រី​រ៉ូ​ណាល់ ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ តប​តាម​ការអញ្ជើញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១២​ខែ​មីនា មក​ម្លេះ ដោយ​ក្នុងនោះ​លោកស្រី បាន​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត