កូនស្រី​លោក​ស៊ុយ សារ៉េត ដាក់ពាក្យ​ប្តឹង​អ្នក​វាយដំ​ឪពុក​ខ្លួន​

13-03-2018 3:52 pm 11856

​កញ្ញា សារ៉េត សុ​ផា​ធិតា​ពេជ្រ ត្រូវជា​កូនស្រី​បង្កើត​របស់​លោក ស៊ុយ សារ៉េត បាន​សម្រេច​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ដល់​មេធាវី​របស់​ខ្លួន លោក ឈី សម្បត្តិ រៀបចំតាក់តែង​ពាក្យបណ្តឹង ដើម្បី​ប្តឹង​ក្រុម​ជន​បង្ក​មួយក្រុម ដែល​បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត អំពើ​ហិង្សា​មាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ ដែល​បាន​កើតឡើង​មក​លើ​ឪពុក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ។ នេះ​បើ​តាម​លិខិត​ប្រគល់​សិទ្ធិ ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែ​មីនា ។​

​លិខិត​ពាក្យបណ្តឹង​រប​ស់លោក ឈី សម្បត្តិ ជា​មេធាវី​តំណាង​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង ស្នើសុំ​ស្រាវជ្រាវ​អំពី​សាវតា​របស់​ក្រុម​ជនបង្ក ដើម្បី​ស្វែងរក​ចាប់ខ្លួន ឱ្យ​មក​ទទួលខុសត្រូវ ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ស្របតាម​ច្បាប់​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទាមទារ​សំណង​ជួសជុល​ការខូចខាត ថ្លៃ​ថ្នាំ​ព្យាបាល ការខាតបង់​ពេលវេលា និង​សំណង​ជំងឺ​ចិត្ត​សរុប​ចំនួន ១.២០០.០០០.០០០ រៀល (​មួយ​ពាន់​ពីរ​រយ​លាន​រៀល​) ប្រមាណ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត