តើ​លោក​​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​អាច​ជួបគ្នា​​នៅ​កន្លែង​ណា​?

13-03-2018 3:16 pm 1290
  ស្តាប់
លោកគីម ជុងអ៊ុន(ឆ្វេង)និងលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ទោះបី​ហាក់​ស្ងាត់​ដំណឹង​ពី​កូរ៉េខាងជើង ទាក់ទង​នឹង​កិច្ច​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​របស់គេ​លោក​គីម ជុង​អ៊ុន ក៏​អាមេរិក​សង្ឃឹម​ខ្ពស់​ថា​កិច្ច​ជំនួប​លើកដំបូង​នេះ នឹង​អាច​ធ្វើឡើង​តាម​ការគ្រោងទុក​។ លោក​ដូណាល់ ត្រាំ​បានប្រកាស​ព្រម​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​ខែឧសភា​ខាង​មុន បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បានធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង ជា​អ្នក​នាំសារ​អញ្ជើញ​ពី​លោក​គីម ជុង​អ៊ុន​មក​ប្រាប់​លោក​ដូណាល់ ត្រាំ​។​

​ក្រោយ​ទទួល​ព័ត៌មាន​ថា​លោក​ត្រាំ​ព្រម​ជួប​លោក​គីម បាន​បង្ក​ជា​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អន្ដរជាតិ ដោយ​មេដឹកនាំ​អន្ដរជាតិ​បាន​សម្ដែង​ការគាំទ្រ​ឲ្យមាន​ជំនួប​នេះ​។ លោក​ដូណាល់ ត្រាំ​ធ្លាប់​បានប្រកាសថា លោក​នឹង​សម្រេច​ឲ្យបាន​គោលបំណង​រំលាយចោល​នុយក្លេអ៊ែ​រចេ​ញ​ពី​ឧបទ្វីប​កូរ៉េ​។ ប៉ុន្ដែ​នៅ​មិនទាន់​ដឹងថា កូរ៉េខាងជើង​អាច​ធ្វើតាម​សំណូមពរ​ណាខ្លះ​ទេ​។​

​ចំណែក​អ្នកវិភាគ​បានគិត​ទុកជាមុន​ពី​ទីតាំង​ដែល​លោក​ត្រាំ​និង​លោក​គីម​អាច​ជួបចរចា​គ្នា​។ មន្ដ្រី​នៃ​វិមាន​ខៀវ​របស់​កូរ៉េខាងត្បូង​ម្នាក់​បាន​និយាយថា ទីតាំង​ដែល​សមរម្យ​មួយ​សម្រាប់​កិច្ច​ជំនួប​នេះ គឺ​នៅ​តំបន់​សន្ដិសុខ​រួម​ប៉ាន់​មុន​ជុម​។ ប៉ាន់​មុន​ជុម​គឺជា​បន្ទាត់​ខណ្ឌសីមា​រវាង​យោធា​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ហើយ​ជា​តំបន់​តែមួយគត់​ស្ថិតនៅតាម​តំបន់​គ្មាន​យោធា ដែលមាន​កងកម្លាំង​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​កងកម្លាំង​អង្គការសហប្រជាជាតិ​ចាំ​ឃ្លាំមើល​ស្ថានការណ៍​។​

​ដោយឡែក​សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​Yonsei​លោក​John Delury បាន​និយាយ​នៅលើ​ប្រព័ន្ធ Twitter​ថា ទីតាំង​ដែល​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​អាច​ជួបគ្នា អាចជា​កោះ​Jeju​របស់​កូរ៉េខាងត្បូង​។ អ្នកខ្លះ​ទៀតថា​កិច្ច​ជំនួប​កំពូល​នេះ​អាច​ធ្វើឡើង​នៅ​អឺរ៉ុប មាន​ប្រទេ​សស្វី​សនិងប្រទេស​ស៊ុយអែត​។ ប្រទេស​ទាំងពីរ​មានឈ្មោះ​ជា​អ្នកសម្របសម្រួល​អន្ដរ​ជាតិ និង​បាន​ដើរតួ​ជា​សមាជិក​គណៈកម្មការ​ត្រួតពិនិត្យ​អព្យាក្រឹតភាព ដើម្បី​ជួយ​គ្រប់គ្រង​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​តាំងពី​មាន​បទ​ឈប់​បាញ់​ឆ្នាំ​១៩៥៣​មកម្ល៉េះ​។

ក្រៅពី​នៅ​អឺរ៉ុប​អាស៊ី​ក៏​ជា​ទីតាំង​មួយទៀត​ដែរ ដែលមាន​ទីក្រុង​ប៉េកាំង សិង្ហ​បុរី ហាណូយ និង​ទីក្រុង​របស់​ម៉ុង​ហ្គោល សុទ្ធតែជា​កន្លែង​ដែល​លោក​ត្រាំ​និង​លោក​គីម អាច​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​បាន​។ រីឯ​ទីតាំង​ចុងក្រោយ​គឺអាច​នៅ​ព្យុងយ៉ាង​ជា​ទីក្រុង​របស់​កូរ៉េខាងជើង ឬ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​របស់​អាមេរិក​តែម្ដង​ក៏​ថា​បាន​៕

ព័ត៌មានផ្សេងទៀត