ភូមិ​ចំនួន​២០​ទទួល​កិច្ចព្រមព្រៀង​លក់​ឥណទាន​កាបូន​ជម្រក​សត្វព្រៃ​កែវ​សីមា​

13-03-2018 11:55 am 748
  ស្តាប់
ពលរដ្ឋតំណាង សហគមន៍ភូមិ អណ្តូងក្រឡឹង ទទួលបានកិច្ចព្រមព្រៀងលក់ឥណទានកាបូន ពីតំណាងអង្គការ WCS ។ រូបថតពី wcs ។
ស្តាប់ជាសំឡេង

​សហគមន៍​ចំនួន​២០​ភូមិ បាន​ទទួល​កិច្ចព្រមព្រៀង​មូលនិធិ​អភិវឌ្ឍន៍ សហគមន៍​របស់​គម្រោង​រេ​ដ​បូក ឬ​ហៅ​ថា​គម្រោង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្តាល​មកពី​ការបាត់បង់​ព្រៃឈើ និង​ការ​រេ​ចរិល​នៃ​ព្រៃឈើ ពី​ក្រសួង​បរិស្ថាន ដោយ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ។ 

​កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​ឱ្យ​សហគមន៍​ទទួលបាន​ថវិកា​ពី​ការលក់​ឥណទាន​កាបូន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សម្រាប់​ការងារ​អភិវឌ្ឍន៍​សហគមន៍​ជា​អាទិភាព​របស់​ពួកគេ ដូចជា ការទទួល​បាន​ទឹកស្អាត និង​ការសាងសង់​ស្នាក់ការ សហគមន៍​សម្រាប់​ប្រជុំ​ជាដើម ។​

​លោក កែ​ន សេរី​រដ្ឋា ប្រធាន​អង្គការ WCS ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ការលក់​ឥណទាន​កាបូ​ន ស្ថិតនៅ​ក្នុង​ចំណោម សកម្មភាព​សំខាន់ៗ ដែល​ក្រសួង​បរិស្ថាន និង​អង្គការ​WCS កំពុង​អនុវត្ត រួម​គ្នា​បង្កើត​នូវ​យន្តការ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ដើម្បី​អភិរក្ស​ធន ធាន​ធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហ​គ​មន៍​នៅក្នុង​ដែន​ជម្រក សត្វព្រៃ​នេះ ។​

​លោក​បន្តថា ឥណទាន​កាបូន​នេះ ស្ថិត​នៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នៅឡើយ ដែល​អាច​ឱ្យ​ក្រុមហ៊ុន​ឯកជន អង្គការ និង​បុគ្គល​ម្នាក់ៗ ធ្វើ​ការបង់ប្រាក់ សម្រាប់​សកម្មភាព​ជាច្រើន​ដែល​រួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល ។ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា បរិមាណ និង​គុណភាព នៃ​ឥណទាន​កាបូ​ន ត្រូវបាន ផ្ទៀងផ្ទាត់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ ឈាន​មុខ​គេ​ចំនួន​០២ គឺ​ស្តង់ដារ​ផ្ទៀងផ្ទាត់​កាបូន និង​អាកាសធាតុ និង​ស្តង់ដារ​សហគមន៍ និង​ជីវចម្រុះ ។​

​គូសបញ្ជាក់ថា គម្រោង​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ត្រូវបាន​បង្កើតឡើង ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និច ជាង​១៤​លាន​តោន​សម្រាប់ រយៈពេល​១០​ឆ្នាំ ចន្លោះ​ឆ្នាំ​២០១០ ដល់ ២០១៩ ។ នៅ​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ WCS បាន​លក់​ឥណទាន​កាបូន​ដំបូង​ក្នុង​ដែន​ជម្រក​សត្វព្រៃ កែវ​សីមា​ទៅឱ្យ​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត