មនុស្ស​៨​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ជម្លោះដីធ្លី​នៅ​ក្រចេះ​ត្រូវបាន​ដោះលែង

13-03-2018 11:40 am

​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​ហិង្សា ជាមួយ​កម្លាំង​សមត្ថកិច្ច រឿង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ត្រូវបាន​តុលាការ​សម្រេច ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ ប៉ុន្តែ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ​។

​បើ​តាម​ការបញ្ជាក់​ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បានឲ្យដឹងថា ការដោះលែង​នេះ ធ្វើឡើង​បន្ទាប់​ពី ពួកគេ​ទាំង​៨​នាក់ បាន​ចូល​បង្ហាញ​តាម​ដីកា​កោះហៅ​របស់​តុលាការ និង​បាន​ធ្វើ​កិច្ចសន្យា​មួយ​ចំនួន​។​

​គួរ​រម្លឹក​បន្តិច​ថា កាលពី​រសៀល ថ្ងៃទី​០៨ ខែ​កុម្ភៈ  មាន​អំពើ​ហិង្សា​មួយ បាន​ផ្ទុះ​ឡើង​រវាង​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្នូល ខេត្ត​ក្រចេះ ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​។​
​ការប៉ះទង្គិច​នេះ ដំបូង​ឡើយ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក មួយចំនួន​ចុះផ្សាយ​ថា បាន​បណ្តាលឲ្យ​មាន​ប្រជាពល​រដ្ឋ ស្លាប់ និង​របួស រាប់​សិន​នាក់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​បដិសេធ​ពី​មន្ត្រី​អាជ្ញាធរ​។​

​រហូត​នៅ​ថ្ងៃទី​១០ មីនា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​បាន​បញ្ជាក់ថា ក្រោយ​ពី​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ដោយ​ហ្មត់ចត់​រួចមក អាជ្ញា​ធរមាន​សមត្ថកិច្ច ពុំ​បាន​រកឃើញ​មាន​ករណី​បាត់បង់​ជីវិត​មនុស្ស ដូច​ដែល​បណ្តាញ សារព័ត៌មាន​មួយចំនួន​តូច ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​នោះឡើយ​។

​ព័ត៌មាន​ដែល​ថា មាន​មនុស្ស​ស្លាប់​៦​នាក់ និង​របួស​ជាង​៤០​នាក់ គឺជា​ការនិយាយ​បំផ្លើស​ខុស​ពី​ការពិត ពី​សំណាក់​អ្នកស្រី ទិន សុភ័ក្ត្រ ក្រោម​ការបង្គាប់បញ្ជា​ពី​សំណាក់​ឈ្មោះ​អេង និង​បុគ្គល​មួយចំនួនទៀត​។ នេះ​ជា​សម្តី​សារភាព​របស់​អ្នកស្រី ទិន សុភ័ក្ត្រ ប្រាប់​ដល់​តុលាការ​។​

​សូមបញ្ជាក់​ថា យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​នេះ លោក ស ខេង រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ចម្រុះ​មួយ បើក​ការស៊ើបអង្កេត​បន្ថែម លើក​ករណី​ហិង្សា​នេះ បើ​ទោះបីជា​លោក ទទួលបាន​របាយការណ៍​បឋម​មួយចំនួន ក៏ដោយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត