រដ្ឋាភិបាល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​១​ជា​ផ្លូវការ​

13-03-2018 10:37 am
  ស្តាប់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស៊ុន ចាន់ថុល ក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅព្រឹកនេះ ។ រូបថតពី fb លោកហ៊ុន សែន ។
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ដែល​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤​នេះ មាន​ប្រវែង​សរុប ៤​គីឡូម៉ែត្រ គិត​ចាប់ពី​ទីប្រជុំជន ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស ត្រើយ​ខាងកើត គីឡូម៉ែត្រ លេខ​០+០០០ ដល់​គីឡួម៉ែត្រ​៤+០០០ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លោក​ហ៊ុន សែន ថ្លែងថា ការកសាង​ស្ថាបនា​ផ្លូវជាតិ​លេខ​១​នេះ គឺ​ជួប​ការលំបាក​ច្រើន ព្រោះ​ត្រូវ​កសាង​ជាច្រើន​ដំណាក់កាល ហើយ​ចំពោះ​៤​គីឡូម៉េត្រ នេះ​ជា​ដំណាក់កាល​ចុងក្រោយ ។ លោក​ថ្លែង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​ផ្លូវជាតិ​លេខ​១​នេះ ជា​ជំនួយ​ឥត​សំណង​ក្នុងការ​ស្ថាបនា​កសាង​ផ្លូវ​នេះ ក៏​ដូចជា​ផ្លូវ និង​ស្ពាន​ផ្សេង​ទៀត​ផង​ដែរ​។​

​គូសបញ្ជាក់ថា កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​មាន​ប្រវែង​៤​គីឡូម៉ែត្រ ពី​គល់ស្ពាន​ច្បារអំពៅ ដល់​ក្តី​តាកុយ​នេះ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន ដោយ​បាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ថវិកា​ប្រមាណ ១៦​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា​៧,៨៧​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​សម្រាប់​ដោះស្រាយ គោលនយោបាយ និង​ផលប៉ះពាល់ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត