នាយករដ្ឋមន្ត្រី​អង់គ្លេស៖រុស្ស៊ី​ទំនង​នៅ​ពីក្រោយ ការប្រើសារធាតុពុលលើ​អតីតមន្ត្រី​ចារកិច្ច​

13-03-2018 10:21 am 728
​លោកស្រីTheresa Mayនាយករដ្ឋមន្រ្តីអង់គ្លេសនៅខាងឆ្វេងលោកVladimir Putinប្រធានាធិបតីរុស្ស៊ី

​លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​និយាយថា លោក Sergei Skripal អតីតមន្ត្រី​ចារកិច្ច​រុស្ស៊ី និង​កូនស្រី បាន​រង​ផលប៉ះពាល់ ដោយសារ​ធាតុគីមី ផលិត​ដោយ​រុស្ស៊ី​។ លោកស្រី​សន្និដ្ឋានថា ទំនងជា​រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​ដោយសារ​ធាតុគីមី​ពុល នៅ​ក្រុង Salisbury​ប្រទេស​អង់គ្លេស​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ការិយាល័យ​កិច្ចការបរទេស ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ដើម្បី​ពន្យល់​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​លោក Boris Johnson បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​មូ​ស្គូ ឲ្យ​ផ្តល់ ការបង្ហាញ​ពេញលេញ ពីសារ​ធាតុគីមី​ពុល​នេះ ទៅកាន់​អង្គការ​អន្តរជាតិ​សម្រាប់​ការហាមឃាត់​អាវុធ​គីមី ។​

​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថា ប្រសិនបើ​គ្មាន​ការពន្យល់​ឲ្យបាន​ច្បាស់លាស់​ពី​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ អង់គ្លេស​នឹង​សន្និដ្ឋាន​ទាំងស្រុង​តែ​ម្តងថា​មូ​ស្គូ ជា​អ្នក​នៅ​ពីក្រោយ​ការប្រើប្រាស់​អាវុធ​គីមី​ដោយ​ខុសច្បាប់​នេះ​។ ចក្រភព​អង់គ្លេស​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការចាត់វិធានកា​រលើ​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ ប្រសិនបើ​គ្មាន​ការពន្យល់​គ្រប់​ជ្រុងជ្រោយ​ពី​ប្រទេស​រុស្ស៊ី​។​

យោងតាម​ការសិក្សា​ស្រាវជ្រាវ របស់​អ្នកជំនាញ​មួយក្រុម បានកំណត់​អត្តសញ្ញាណ​សារធាតុ​គីមី​ពុល​នោះ​ថា​មានឈ្មោះ Novichok​។ សារធាតុ​គី​មីនេះ គឺជា​សារ​ធាតុគីមី​ពុល​កម្រិត​ខ្ពស់ ដែល​មានលទ្ធភាព​ទៅ​បញ្ឈប់​ប្រព័ន្ធ​សរសៃប្រសាទ និង​បិទ​មុខងារ​របស់​រាងកាយ​ទាំងអស់ ។ សារធាតុ​នេះ អាច​ជ្រាប​ចូលក្នុង​រាងកាយ តាម​មាត់ និង​ច្រមុះ ប៉ុន្តែ​វា​ក៏​អាច​ស្រូប​ចូល​តាមរយៈ​ភ្នែក​និង​ស្បែក​ផងដែរ​។ សាស្ត្រាចារ្យ Malcolm Sperrin ដែលជា​សមាជិក​នៃ​វិទ្យាស្ថាន​រូបវិទ្យា និង​វិស្វកម្ម​វេជ្ជសាស្ត្រ និយាយថា អ្នក​ដែល​រង​ផលប៉ះពាល់​ពី​សារធាតុពុល​នេះ នឹង​ធ្វើឲ្យ​អ្នក​ជំងឺពិបាក​ដកដង្ហើម និង​កន្ត្រាក់​សាច់ដុំ​ជាដើម​។ វា​ក៏​អាចធ្វើឲ្យ​អ្នករង​ផលប៉ះពាល់ ស្លាប់បាត់​បង់ជីវិត​បា​ន​ផងដែរ ។​

​គួរ​ជម្រាបជូន​ថា លោក Sergei Skripal​អតីត​ចារកិច្ច​រុស្ស៊ី​អាយុ​៦៦​ឆ្នាំ និង​កូនស្រី Yulia Skripal អាយុ​៣៣​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​សន្លប់ នៅលើ​កៅអី​នៅ​ខាងក្រៅ ផ្សារ​ទំនើប Maltings នៃ​ប្រទេស​អង់គ្លេស​។ មកទល់ពេលនេះ មាន​រយៈពេល​ជិត​កន្លះ​ខែ​ហើយ ដែល​ឪពុក កូន​ទាំងពីរ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​។​

​លោក Sergei Skripal ជា​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី និង​បាន​ចូលនិវត្តន៍​ហើយ​។ លោក​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១៣​ឆ្នាំ​នៅក្នុង​ឆ្នាំ​២០០៦​។ គាត់​ត្រូវបាន​ផ្តន្ទាទោស ពីបទ​បញ្ជូន​អត្តសញ្ញាណ របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី ដែល​កំពុងធ្វើការ​សម្ងាត់​នៅ​អឺរ៉ុប ទៅកាន់​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​របស់​ច​ក្រ​ភព​អង់គ្លេស​៕

ព័ត៌មានផ្សេងទៀត