មី​យ៉ាន់​ម៉ាកំពុង​សាងសង់​មូលដ្ឋាន​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន ​ដែល​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ធ្លាប់​រស់នៅ​

12-03-2018 12:25 pm
  ស្តាប់
ទិដ្ឋភាពភូមិរបស់អ្នកស្រុករ៉ូហ៊ីងយ៉ាស្ថិតនៅភាគខាងជើងរដ្ឋរ៉ាក់ហ៊ីន ដែលត្រូវបានដុតបំផ្លាញនៅក្នុងអំពើហិង្សាកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧
ស្តាប់ជាសំឡេង

​បន្ទាប់ពី​បណ្តេញ​អ្នកស្រុក រ៉ូ​ហ៊ីង​យ៉ា​ចំនួន​ជាង​៧​សែន​នាក់ យ៉ាង​ព្រៃផ្សៃ ឲ្យ​រត់​ភៀសខ្លួន​ចេញពី​ប្រទេស យោធា​មី​យ៉ាន់​ម៉ា កំពុង​សម្ងំ​សាងសង់​មូលដ្ឋាន ដែល​កន្លែង​ខ្លះ​ក៏បាន​សាងសង់​ប៉ះ​លើ​ទីតាំង​ផ្ទះសម្បែង និង​វិហារ​អ៊ីស្លាម របស់​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។ នេះ​បើតាម​អង្គការ Amnesty International ឲ្យដឹង​នៅថ្ងៃចន្ទ ដោយយោង​លើ​រូបភាព​ដែល​ទទួលបាន​ពី​ផ្កាយរណប​។ ក្រុម​សិទ្ធិមនុស្ស និយាយថា ក្រៅពី​ការសាងសង់​លំនៅដ្ឋាន និង​ការស្ថាបនា​ផ្លូវថ្នល់​យ៉ាង​រហ័ស​នៅក្នុង​តំបន់​នោះ យ៉ាងហោចណាស់​ប្រព័ន្ធ​សន្តិសុខ​ថ្មី​ចំនួន ៣ កំពុង​ត្រូវបាន​សាងសង់​។ 

​អង្គការ​នេះ​ក៏បាន​បរិយាយ​បន្តថា ភូមិ​ចំនួន​ជាង​៣៥០ ស្ថិតនៅ​ភាគ​ខាងលិច​រដ្ឋ​រ៉ាក់​ហ៊ីន ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ អំឡុងពេល​អំពើហិង្សា​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន កើតឡើង​កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៧ ។ ប៉ុន្តែ សំណល់​នៃ​ភូមិ​ទាំងនោះ​មួយចំនួន រួមទាំង​អគារ​មួយចំនួន ដែល​មិន​ត្រូវបាន​បំផ្លិចបំផ្លាញ​កាលពីមុន ពេលនេះ​ត្រូវបាន​ឈូសឆាយ​កម្ទេចចោល​ផងដែរ​។​

​របាយការណ៍​ដដែល​លើកឡើងថា  អ្វីដែល​យើង​កំពុង​ឃើញ​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន គឺ​ការរំលោភ​ដីធ្លី ដោយ​យោធា​។ Amnesty International និយាយថា យ៉ាងហោចណាស់​វិហារ​អ៊ីស្លាម​ចំនួន ៤ ដែល​មិន​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ ត្រូវបាន​បំផ្លាញ​ឬក៏​រុះរើ និង​សម្ភារៈ​ផ្សេងទៀត​ត្រូវបាន​យកចេញ ចាប់តាំងពី​ចុង​ខែធ្នូ​ម្ល៉េះ​។ អង្គការ​នេះ បាន​ពន្យល់​ពី​មូលហេតុ មិនគួរ​សង់​មូលដ្ឋាន​នៅ​ជិត​ភូមិ​អ្នកស្រុក​រ៉ូ​ហ៊ីង​យ៉ា​ថា ក្រុម​ប្រជាជន​ដែល​រត់គេច​ចេញពី​សេចក្តីស្លាប់ បង្កឡើង​ដោយ​យោធា មិនអាច​ត្រឡប់មក​រស់នៅ​ក្បែរមនុស្ស ដែល​ធ្លាប់ប្រើ​អំពើហិង្សា​លើ​ពួកគេ​វិញ ដោយ​សុវត្ថិភាព​បាន​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មិនទាន់មាន​ការឆ្លើយ​តប​ជា​ផ្លូវការ​បែបណា ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​យោធា​នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​មី​យ៉ាន់​ម៉ា​និយាយថា សកម្មភាព​ឈូសឆាយ​លើ​ភូមិ​នានា ដើម្បី​ធ្វើ​ផ្លូវ និង​សង់​លំនៅដ្ឋាន​ថ្មី សម្រាប់​ជនភៀសខ្លួន ដែល​វិលត្រឡប់​មកពី​ប្រទេស​បង់​ក្លា​ដែស​វិញ​។ ទន្ទឹមគ្នា​នោះ មី​យ៉ាន់​ម៉ា​បាន​ស្នើសុំ បង្ហាញ​ភ័ស្តុតាង​ច្បាស់លាស់ ដើម្បី​គាំទ្រ​ដល់​សេចក្តីសន្និដ្ឋាន របស់​អង្គការសហប្រជាជាតិ និង​អ្នក​ដទៃទៀត​ដែលថា យោធា​មី​យ៉ាន់​ម៉ា បាន​បោសសម្អាត​ជនជាតិភាគតិច​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន​។​

​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែសបាន​ព្រមព្រៀងគ្នា បញ្ជូន​និង​ទទួល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។ មី​យ៉ាន់​ម៉ា​អះអាងថា ជំរុំ​បណ្តោះអាសន្ន សម្រាប់​ទទួល​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បាន​ត្រៀម​រួចរាល់​ហើយ ប៉ុន្តែ​ដំណើរការ​ធ្វើ​មាតុភូមិ​និវត្ត មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ​៕


ព័ត៌មានផ្សេងទៀត