ចិន​អនុម័ត​ច្បាប់អនុញ្ញាតឲ្យ​ប្រធានាធិបតី កាន់តំណែង​មិន​កំណត់​អាណត្តិ​

12-03-2018 8:56 am 1145
  ស្តាប់
លោកស៊ី ជិនពីងទះដៃសាទរបន្ទាប់ពីវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័តដោយជោគជ័យ
ស្តាប់ជាសំឡេង

​សភាជាតិ​ប្រជាជន របស់​ប្រទេស​ចិន បាន​បោះឆ្នោត លុបចោល​នូវ​ការកំណត់​អាណត្តិ​ប្រធានាធិបតី កាលពី​ថ្ងៃអាទិត្យ​ទី​១១​ខែ​មីនាឆ្នាំ​២០១៨​។ ការ​នេះ ជា​ការទម្លាយ​ផ្លូវ ដើម្បី​អនុញ្ញាតឲ្យ​ប្រធានាធិបតីចិន​លោក​ស៊ី ជីន​ពីង ដែល​នឹង​ចប់​អាណត្តិ​ទី​២​នៅក្នុង​ឆ្នាំ ២០២៣ អាចដឹកនាំ​ប្រទេស ដោយ​គ្មាន​ពេល​កំណត់​ឬ​អស់​មួយជីវិត​។ ការបោះឆ្នោត​អនុម័ត លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កាលពី​ថ្ងៃអាទិត្យ គេ​សង្កេតឃើញ​ផងដែ​រថា មាន​អ្នកបោះឆ្នោត​ប្រឆាំង​ចំនួន​២​រូប និង​អនុប្បវាទ​ចំនួន​៣​រូប ក្នុងចំណោម អ្នកបោះឆ្នោត​ចំនួន​២ ៩៦៤​រូប​។​

​យ៉ាងណាក៏ដោយ ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ ក៏មាន​ការមិន​ពេញចិត្ត​ពី​ប្រជាជន​មួយចំនួន​ដែរ​តែ​ហាក់​មិន​បង្ក​ភាពចម្រូងចម្រាស់​ខ្លាំង​នោះទេ​។ 

​លោក​ស៊ី​ទទួលបាន​ឱកាស ក្តោប​ប​ក្តាប់​អំណាច​យ៉ាង​ធំធេង នៅ​អំឡុងពេល​កាន់តំណែង ដែល​គេ​មិន​ធ្លាប់​ឃើញ​នោះទេ ចាប់តាំងពី​អាណត្តិ​របស់​ស្ថាបនិក​ប្រទេស​ចិន​លោក​ម៉ៅ សេទុង​មក​។ តើ​លោក​ស៊ី ជីន​ពីង​នឹង​យក​ឱកាស​នេះ កាន់តំណែង​ប្រធានា​ធិបតិ​អស់​មួយជីវិតឬ​យ៉ាងណា​? ចម្លើយ​នេះ​ត្រូវបាន​អ្នកវិភាគ​លើកឡើងថា ពិបាក​សន្និដ្ឋាន​ណាស់​នៅពេលនេះ​ថា លោក​ស៊ី​ជ្រើសរើស​ជម្រើស​បែបណា​។ 

​តែ​ថា​លោក​ស៊ី អាច​បន្ត​កាន់តំណែង​លើស​២​អាណត្តិ ដោយសារ​មហិច្ឆតា​ចង់ឲ្យ​ចិន​រឹងមាំ​ក្លាយជា​មហាអំណាច ទាំង​សេដ្ឋកិច្ច និង​យោធា​។ ម្យ៉ាង​លោក​ស៊ី​នៅមាន​កិច្ចការ​សំខាន់​មួយទៀត ដែល​មិនទាន់​សម្រេចបាន​នៅឡើយ គឺ​នយោបាយ​សេដ្ឋកិច្ច ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​នៅ​ឆ្នាំ​២០៣០​។ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ចិន​រូបនេះ អាច​នាំ​អត្ថប្រយោជន៍​ដ៏​លើសលប់​សម្រាប់​ប្រជាជន​ចិន​។ 

​លោក​ស៊ី ជីន​ពីង​បច្ចុប្បន្ន​មាន​អាយុ​៦៤​ឆ្នាំ បាន​ក្លាយជា​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១២ ហើយ​បាន​ពង្រឹង​អំណាច​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ខណៈ​ក្រោម​ការដឹកនាំ​របស់បក្សកុម្មុយនិស្ត​នេះ បានធ្វើឲ្យ​ប្រទេ​សចិន​បន្ត​ភាពរឹងមាំ​ជា​មហាអំណាច​លេចធ្លោ​មួយ​ក្នុង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត