អ៊ីរ៉ាក់​ត្រូវការ​អាវុធ​បន្ថែម ដើម្បី​បោស​ម្អាត​ក្រុម​IS ​ដែល​នៅ​សេសសល់​

11-03-2018 3:26 pm
  ស្តាប់
មន្រ្តីយោធាអ៊ីរ៉ាក់កំពុងដើរមើលសម្ភារយោធានៅក្នុងពិធីតាំងពិព័រណ៍
ស្តាប់ជាសំឡេង

​ក្រុម​សកម្មប្រយុទ្ធ​ត្រូវបាន​បញ្ចប់​ដោយ​ការប្រើប្រាស់​យោធា ហើយ​យើង​ត្រូវ​ការលុបបំបាត់​ឫសគល់​មនោគមន៍វិជ្ជា របស់​ក្រុម​សកម្ម​ប្រយុទ្ធ​IS​នេះ​ឲ្យអស់​។ ដូច្នេះ​អាវុធ​ដែល​យើង​ត្រូវការ មិនមែន​យកមក​ធ្វើសង្គ្រាម​ទេ ប៉ុន្តែ​ដើម្បី​បង្កើត​សន្តិភាព និង​ស្ថាបនា​ប្រទេស​ឡើងវិញ​។ នេះ​ជា​ការពន្យល់​របស់លោក Haider al-Abadi​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ នៅពេល​បើក​ពិធី​ពិព័រណ៍ សម្ភារ​ការពារជាតិ​លើក​ទី​៦ នៅក្នុង​ទីក្រុង​បា​ដា​ត​កាលពី​ថ្ងៃ​សៅរ៍​។​

​នៅក្នុង​ឱកាស​នោះ លោក Haider al-Abadi​ក៏បាន​ថ្លែង​លើកទឹកចិត្ត ដល់​កងកម្លាំង​សន្តិសុខ ថា​អ៊ីរ៉ាក់​មិនអាច​ខ្វះ​ការចូលរួម​ពី​កងកម្លាំង​សន្តិសុខ ដើម្បី​បន្ត​បេសកកម្ម កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​IS​ឲ្យអស់​បានទេ​។ 

​សូមបញ្ជាក់ថា អ៊ីរ៉ាក់​បានរៀបចំ​ការ​តាំងពី​ព័​រណ៍​សម្ភារ​យោធា​អន្តរជាតិ​លើ​ទី​៦ រយៈពេល​៤​ថ្ងៃ ដែលមាន​ការចូលរួម​ពី​ប្រទេស​ចំនួន​១៨ និង​ក្រុមហ៊ុន​សព្វាវុធ​ចំនួន​៧០​។ ការតាំងពិព័រណ៍​នេះ មាន​បង្ហាញ​នូវ​ផលិតផល​យោធា​ជាច្រើន ដូចជា​យាន​អាកាស​គ្មាន​មនុស្ស​បើក (UAV) និង​មី​ស៊ី​ល​ជាដើម​។​

​គួរ​ជម្រាបជូន​ដែរថា នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បានប្រកាស​ជា​ផ្លូវការ នូវ​ការរំដោះ​ប្រទេស​បាន​ពេញលេញ ពី​ពួក​សកម្មប្រយុទ្ធ IS នៅ​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ ២០១៧ បន្ទាប់ពី​កងកម្លាំង​អ៊ីរ៉ាក់ បាន​កាន់កាប់​ឡើងវិញ​នូវ តំបន់​ទាំងអស់​ដែល​ត្រូវបាន​រឹបអូស​ដោយ​ក្រុម​ជ្រុលនិយម ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​តូចៗ​នៃ​ពួក​សកម្មប្រយុទ្ធ IS ដែល​នៅ​សេ​សល់​លាក់ខ្លួន​នៅតាម​តំបន់​ដាច់ស្រយាល នៅតែ​ឆ្មក់​វាយប្រហារ​ជា​បន្តបន្ទាប់ ប្រឆាំងនឹង​កងកម្លាំង​សន្ដិសុខ​និង​ជន​ស៊ីវិល​៕

ព័ត៌មានផ្សេងទៀត