ការប្រើប្រាស់​​ពាក្យ​«​ដ្បិត និង​ត្បិត​»​

11-03-2018 3:26 pm 982

​ស្មេរ​ជាច្រើន​តែង​យល់ថា​ពាក្យ​«​ដ្បិត​,​ត្បិត​» ជា​ពាក្យ​តែមួយ មាន​អត្ថន័យ​ដូចគ្នា​។​ប៉ុន្តែ​តាម​ការពិត​ពាក្យ​«​ដ្បិត និង ត្បិត​» ជា​ពាក្យ​ពីរ មានន័យ​ផ្សេងគ្នា ដែល ពាក្យ​«​ត្បិត​» មានន័យ​ផ្សេង និង ពាក្យ​«​ដ្បិត​» នេះ មានន័យ​ផ្សេង​មួយទៀត​។ ប៉ុន្តែ​ឃើញ​មាន​ស្មេរ​មួយចំនួន សរសេរ​ពាក្យ​នេះ​ច្រឡំបល់​គ្នា អត្ថន័យ​ខ្លះ ត្រូវ​សរសេរ​ពាក្យ​«​ដ្បិត​» នេះ បែរជា សរសេរ​«​ត្បិត​» នេះ​ទៅវិញ​។​

​ពាក្យ​នេះ​មាន​សូរសំឡេង​ដូចគ្នា​ក៏ដោយ ប៉ុន្តែ​វចនានុក្រម​ខ្មែរ​បាន​ពន្យល់ ថា​ជា​ពាក្យ​ពីរ​ដែល​មានន័យ​ខុសគ្នា​ស្រឡះ​។ «​ត្បិត​» ជា​ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ «​រឹត​» ដូចជា​«​រឹត​ត្បិត​»​គឺ​ប្រិត​ខ្លាំង​។ ត្បិតត្បៀត​ពេក​។ កុំ​បណ្តែតបណ្តោយ​ពេក ត្រូវ​រឹតត្បិត​បន្តិច​ទៅ​។ ត្រូវ​ចាយប្រាក់​រឹតត្បិត​បន្តិច កុំ​កញ្ជះកញ្ជាយ​ពេក​។ សូមកុំ​រឹតត្បិត​សេរីភាព​ពួកយើង​ពេក​។​

​ឯ​ពាក្យ ដ្បិត (​និបាត​សព្ទ​)​បុរាណ​ប្រើ​ជា បទ ។ ពាក្យ​នេះ​ប្រហែល​ក្លាយ​មកពី​ពាក្យ​បាលី​«​តប្បទ​» គឺ «​ត​»​មានន័យថា នោះ +«​បទ​» មានន័យថា ផ្លូវ គន្លង​, ហេតុ​,​ហេតុការណ៍​។ ពាក្យ​«​ដ្បិត​»​នេះ មានន័យថា ព្រោះតែ​,​ព្រោះ​ហេតុ ដោយហេតុ ដ្បិត​ថា​,​ដ្បិត​អ្វី​,​ដ្បិតតែ​។​

​ឧទាហរណ៍​៖ ព្រឹក​នេះ ខ្ញុំ​មិនបាន​ទៅ​ធ្វើការ​ទេ ដ្បិតអី​ខ្ញុំ​មិនសូវ​ស្រួលខ្លួន​។ កាព្យ​បុរាណ​មួយ​វគ្គ​លើកឡើងថា​«​ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ ពល​ជា​ដ្បិត​នាយ ហ្វឹកហ្វឺន​ដ្បិត​ខំ​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត