លោក​ត្រាំ​ថា​ ការចរចា​ជាមួយ​កូរ៉េខាងជើងអាច​បរាជ័យ ​ឬ​អាច​ទទួលជោគជ័យ​ដ៏​ធំធេង​

11-03-2018 1:47 pm 1213
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងស្តាំលោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​គ្មាន​នរណា​ដឹង​នោះទេ​ថា នឹងមាន​អ្វី​កើតឡើង​? ប៉ុន្តែ​បើ​ការចរចា​ចាប់ផ្តើម លទ្ធផល​អាច​នឹង​បរាជ័យ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់ ឬ​អាច​ជោគជ័យ ដោយ​ទទួលបាន​នូវ​កិច្ចព្រមព្រៀង​ដ៏​ធំធេង​ល្អ​បំផុត​សម្រាប់​ពិភពលោក ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំងពីរ​។ នេះ​ជា​ការលើកឡើង​របស់លោក​ដូណាល់ ត្រាំ​ប្រធានា​ធិបតិ​អាមេរិក​កាលពី​ថ្ងៃសៅរ៍​។​

​ទន្ទឹមនឹង​ការសន្និដ្ឋាន​លទ្ធផល​ទុក​មុន ស្ទើរ​ស្មើ​៥០​ភាគរយ​លើ​៥០​ភាគរយ​នេះ លោក​ត្រាំ​បន្ត​បង្ហាញ​សុទិដ្ឋិនិយម​ថា លោក​គីម ជុង​អ៊ុន ពិតជា​ចង់បាន​សន្តិភាព ហើយ​សម្រាប់​លោក​ត្រាំ​ក៏​យល់ថា វា​ដល់ពេល​ហើយ​ដែល​ត្រូវ​គិតពី​រឿងនេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ កូរ៉េខាងជើង​ធ្លាប់​អះអាង​ដែរ​ពី​បំណង​បោះបង់​កម្មវិធី​នុយក្លែអ៊ែ​រ ប្រសិនបើ​ធានាបាន​ថា គ្មាន​ការប៉ុនប៉ង​រំលោភបំពាន​លើ​ដែន​អធិបតេយ្យ​របស់គេ​។ ការលើកឡើង​របស់​កូរ៉េខាងជើង​បែបនេះ ធ្វើឡើង​នៅ​អំឡុងពេលលោកគីម ជុងអ៊ុន​ជួបពិភាក្សា ជាមួយ​បេសកជន​ពិសេស​របស់​កូរ៉េខាងត្បូង​។​

​ក្តីសង្ឃឹម​សម្រាប់​ការទម្លាយ​ភាពទាល់ច្រក​មួយ​នេះ បាន​កើនឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅពេលដែល​លោក ត្រាំ​បាន​យល់ព្រម​ជួបពិភាក្សា តប​តាម​ការអញ្ជើញ​របស់លោក​គីម មេដឹកនាំ​កូរ៉េខាងជើង ដែល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ មិន​ធ្លាប់មាន​ពីមុនមក រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។ រឿង​គួរឲ្យភ្ញាក់ផ្អើល​នេះ កំពុង​ស្ថិតក្រោម​ការ​តាម​ដែន​ពី​ក្រសែភ្នែក​របស់​អន្តរជាតិ​ផងដែរ​។ 

​សម្រាប់​ចិន​និង​ជប៉ុន ដែល​ម្ខាង​ជា​មិត្ត​ជិតស្និទ្ធ​របស់​អាមេរិក និង​ម្ខាង​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​កូរ៉េខាងជើង​គឺ​ចិន សុទ្ធតែ​គាំទ្រ​នូវ​គម្រោង​ជួបចរចា​គ្នា រវាង​លោក​ត្រាំ​ជាមួយ​លោក​គីម​។ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​បាន​សាទរ​ដំណឹង​នេះ និង​សរសើរ​អាមេរិក​ថា កំពុង​ដោះស្រាយ​បញ្ហា​ដោយ​ភាពឈ្លាសវៃ​។ លោក​ថា ជា​ជម្រើស​ល្អ ដែល​អាមេរិក​មិន​ដោះស្រាយ​បញ្ហា ដោយ​ជ្រើស​យក​ជម្រើស​ទុច្ចរិត ហើយ​ប្រទេស​ចិន​នៅតែ​បន្ត​ជួយ​ជានិច្ច​។​

​សូមបញ្ជាក់ថា តាម​គម្រោង​លោក​ត្រាំ​និង​លោក​គីម នឹង​ជួបចរចា​តទល់​គ្នា​លើកដំបូង នៅ​ខែឧសភា​ខាងមុខ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ​នេះ មិនទាន់​កំណត់​កាលបរិច្ឆេទ​ពិតប្រាកដ និង​ទីកន្លែង​ជាក់លាក់ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ដ៏​កម្រ​មួយ​នេះ​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត