អង់គ្លេស​កំណត់​សាក្សី​ជាង​២០០​នាក់ ពាក់ព័ន្ធ​ការប៉ុនប៉ង​សម្លាប់​អតីតមន្ត្រី​ចារកិច្ច​រុស្ស៊ី​

11-03-2018 9:48 am
ក្រុមត្រួតពិនិត្យនៅកន្លែងដែលលោកSergei Skripalនិងកូនស្រីត្រូវបានគេរកឃើញសន្លប់

​ប៉ូលិស អង់គ្លេស បានកំណត់​អត្តសញ្ញាណ​សាក្សី​ចំនួន​ប្រមាណ​ជាង​២០០​នាក់ ដើម្បី​ត្រៀម​សួរ​ព័ត៌មាន​បន្ថែម ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​សារធាតុពុល ប៉ុនប៉ង​សម្លាប់ អតីត មន្ត្រី​ចារកិច្ច​រុស្ស៊ី​និង​កូនស្រី​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​លោក Amber Rudd​និយាយ​នៅ​ថ្ងៃ​សៅរ៍​។  យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​រ៉​យ​ទ័រ ក្រៅពី​បង្ហើប​ពី​ចំនួន​សាក្សី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស ក៏បាន​បង្ហើប​ឲ្យដឹង​បន្ថែមទៀតថា បានកំណត់​យក​ភស្តុតាង​ចំនួន​២៤០ ដើម្បី​ស៊ើបអង្កេត​នៅក្នុង​ករណី​ប្រើ​សារធាតុពុល​នេះផងដែរ​។​

​គួរ​ជម្រាបជូន​ថា លោក​Sergei Skripal អតីតមន្ត្រី​ចារកិច្ច​រុស្សី​និង​កូនស្រី ត្រូវបាន​គេ​រកឃើញ​សន្លប់ នៅលើ​កៅអី​នៃ​ផ្សារ​ទំនើប​មួយកន្លែង ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស​។ យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ឲ្យដឹងថា ពួកគេ​ទាំងពីរ​នាក់​ឪពុក កូន បាន​រង​ផលប៉ះពាល់​ដោយ​សារធាតុពុល​កម្រិត​ខ្ពស់​ម្យ៉ាង ដែល​មានលទ្ធភាព​ចូលទៅ​បញ្ឈប់​ប្រព័ន្ធ​សរសៃប្រសាទ និង​បិទ​មុខងារ​ទាំងអស់​របស់​រាងកាយ​។​

​ក្រុមគ្រូពេទ្យ នៅតែ​បន្ត​តាមដាន​ស្ថានភាព​សុខភាព របស់លោក Sergei Skripal​និង​កូនស្រី យ៉ាង​ម៉ត់ចត់ នៅក្នុង​មន្ទីរពេទ្យ អស់​រយៈពេល​ជិត​១០​ថ្ងៃ​មកហើយ​៕

ព័ត៌មានផ្សេងទៀត