ហ្វីលីពីន​​ប្រតិកម្ម​​នឹង​មន្ដ្រីជាន់ខ្ពស់​​UN​​ដែលថា​​លោក​Duterte​​គួរ​ទៅ​ជួប​គ្រូពេទ្យ​​វិកលចរិត​

10-03-2018 3:16 pm 2178
  ស្តាប់
ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រី ហ្គោឌុយទែតេពេលថ្លែងសុន្ទរកថា
ស្តាប់ជាសំឡេង

​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក​Zeid Ra’ad Al-Hussein បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន​Rodrigo Duterte គួរតែ​ទៅ​ជួប​គ្រូពេទ្យ​វិកលចរិត​។ លោក​Zeid​និយាយថា ការវាយប្រហារ​របស់​លោក Duterte​ប្រឆាំង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ជា​រឿង​មិនអាច​ទទួលយកបាន ដូច្នេះ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ត្រូវតែមាន​គោលជំហរ​ច្បាស់លាស់​លើ​បញ្ហា​នេះ​។ លោក​បាន​សង្កត់ធ្ងន់ថា មេដឹកនាំ​ហ្វីលីពីន ចាំបាច់​ត្រូវតែ​បញ្ជូនទៅឲ្យ​គ្រូពេទ្យ​ផ្នែក​វិកលចរិត​ពិនិ​ត្យ​មើល​។​

​ឆ្លើយតប​នឹង​អ្វីដែល​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើកឡើង​បែបនេះ រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​នៅ​ថ្ងៃ​សៅរ៍​ទី​១០​មីនា​នេះ​និយាយថា វា​ជា​រឿង​មិនអាច​ទទួលយកបាន និង​គ្មាន​ការគោរព​សូម្បី​បន្ដិច​ដល់​លោក​ប្រធានាធិបតី Duterte​។ លោក​រដ្ឋមន្ដ្រីការបរទេស Alan Peter Cayetano​បន្ដថា ការកត់សម្គាល់​របស់​មន្ដ្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ អាចជា​គំរូ​ដ៏​គ្រោះថ្នាក់​មួយ​។​

​លោក​រដ្ឋមន្ដ្រី​សង្កត់ធ្ងន់ថា ហ្វីលីពីន​សូម​ជំទាស់​ដាច់ខាត​ទៅនឹង​អ្វីដែល​លោក​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​និយាយ ព្រោះ​ជា​ទង្វើ​គ្មាន​ការទទួលខុសត្រូវ​និង​គ្មាន​ការគោរព ដល់​ប្រធានាធិបតី​ហ្វីលីពីន​។ ហ្វីលីពីន​ស្វាគមន៍​ជានិច្ច​ឲ្យ​អង្គការសហប្រជាជាតិ​ស៊ើបអង្កេត​លើ​ការចុះហត្ថលេខា​របស់លោក​Duterte​លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ប៉ុន្ដែ​ហ្វីលីពីន​សូម​ជំទាស់​នឹង​ការដឹកនាំ​របស់​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី​Agnes Callamard ព្រោះ​អ្នកស្រី​មាន​ភាពលម្អៀង​និង​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​។​

​ដោយឡែក​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី​Duterte បាន​និយាយថា​ភាសា​របស់លោក​ឧត្ដម​ស្នងការ​Zeid គឺជា​ការប្រមាថ​ដល់​អ​ធិបតេយ្យ​ភាព​ហ្វីលីពីន​។ លោក​បាន​និយាយ​ក្នុង​សារ​មួយ​ផ្ញើ​ទៅកាន់​លោក​Zeid​ថា “​ខ្ញុំ​សង្ឃឹមថា​ទោះបី​អ្នក​មិនមាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដូចគ្នា​នៅក្នុង​ប្រទេស​ហ្ស៊កដានី​ក៏ដោយ ប៉ុន្ដែ​អ្នកនឹង​គោរព​ដល់​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​នៅក្នុង​ប្រទេស​ហ្វីលីពីន​” ៕

ព័ត៌មានផ្សេងទៀត