លោក​ត្រាំ​​មិនមែន​​ប្រធានាធិបតី​​អាមេរិក​​ទីមួយ​ទេ​​ដែល​ទទួល​​ការអញ្ជើញ​​ពី​កូរ៉េខាងជើង​

10-03-2018 9:24 am 1105
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​គ្មាន​ប្រធានាធិបតី​អាមេរិក​ណាមួយ​យល់ព្រម​អង្គុយ​ចរចា ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ​រហូត​ដល់ពេលនេះ ទើបតែ​មាន​លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ ដែល​បានប្រកាស​យល់ព្រម​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​ខែឧសភា​ខាងមុខ​។ ដូច្នេះ​មានន័យថា​លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ទីមួយ ដែល​ព្រម​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ប៉ុន្ដែ​លោក​មិនមែនជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​ត្រូវ​កូរ៉េខាងជើង​អញ្ជើញ​នោះទេ​។​

​កិច្ចចរចា​ដែល​គ្រោង​ធ្វើ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាមេរិក ហើយក៏​ជា​រឿង​មួយ​ដ៏​ធំ​របស់លោក​ដូណាល់ ត្រាំ ក្នុង​គោលដៅ​រុះរើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ អាមេរិក​ចង់​សម្រេច​ឲ្យបាន​ផែនការ​រំលាយ​ចោលអា​វុ​ធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​បញ្ជាក់ថា លោក​នឹង​ព្យាយាម​សម្រេច​ឲ្យបាន​លទ្ធផល​វិជ្ជមាន គឺ​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ជា​អចិន្ដ្រៃយ៍​។ លោក​បន្ថែមថា​អាមេរិក កូរ៉េខាងត្បូង និង​ដៃគូ​នៅលើ​ពិភពលោក នៅតែ​បន្ដ​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន​និង​ប្ដេជ្ញាចិត្ដ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការលុបបំបាត់ចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។​

​គួរ​បញ្ជាក់ថា ក្រៅពី​លោក​ដូណាល់ ត្រាំ កូរ៉េខាងជើង​ធ្លាប់បាន​អញ្ជើញ​ប្រធានាធិបតី​អាមេរិក​មួយចំនួនទៀត ដើម្បី​ចូល​ជួបចរចា​ជាមួយ​មេដឹកនាំ​របស់ខ្លួន ក្នុងនោះ​មានដូចជា លោក​ប៊ីល គ្លី​ន​តុ​ន​។ លោកគ្លី​ន​តុន​គេ​រំពឹងថា​លោក​អាចធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ឆ្នាំ​២០០០ ដើម្បី​ដោះស្រាយ​បញ្ហា​មី​ស៊ី​ល ប៉ុន្ដែ​លោក​គ្មាន​ឆន្ទៈ​ដូច​លោក​ត្រាំ​ឡើយ​។ បន្ទាប់មក​មាន​លោក​ច​ច ដឹប​បែ​ល​យូ ប៊ូ​ស (George W. Bush) និង​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ក៏​ធ្លាប់​ត្រូវបាន​អញ្ជើញ​ដោយ​កូរ៉េខាងជើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត