អង្គការ​សង្គ្រោះ​សត្វ​មួយ​ប្រើការ​គ្រៀវ​សត្វ​ដើម្បី​កាត់បន្ថយ​ចំនួន​សត្វ​អនាថា​

10-03-2018 9:13 am 502
  ស្តាប់
សត្វឆ្មាមួយក្បាល ដែលក្រុមការងាររបស់ Animal Rescue Cambodia យកពីវត្តអារាម ដើម្បីគ្រៀវ ត្រូវបានកាត់ស្លឹកត្រចៀកមួយចំហៀង ដើម្បីចំណាំ ។ រូបថតពី Animal Rescue Cambodia ។
ស្តាប់ជាសំឡេង

​សត្វ​ឆ្កែ សត្វ​ឆ្មា​អនាថា​ជាច្រើន កំពុង​រស់នៅ​តាម​ទី​វត្ត​អារាម​នានា ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទី​វត្ត​អារាម​នានា​ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ។ អង្គការ​សង្គ្រោះ​សត្វ​អនាថា​ក្រៅ​រដ្ឋាភិបាល​មួយ ក្រោយ​បាន​ឃើញ​ពី​ចំនួន​នៃ​ការកើនឡើង​សត្វ​ចិញ្ចឹម​អនាថា​ទាំងនោះ​នៅ​តាម​វត្ត​អារាម ពួកគេ​ក៏​បាន​ចាប់ផ្តើម​បង្កើត​បេសកកម្ម​កាត់បន្ថយ​ចំនួន​សត្វ​អនាថា តាមរយៈ​ការ​គ្រៀវ​សត្វ ការចាក់​វ៉ាក់សាំង និង​ផ្តល់​ការអប់រំ​ដែរ ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន អង្គការ​នេះ​ក៏​មាន​កម្មវិធី​គ្រៀវ​សត្វ​ដោយ​មិន​គិត​ប្រាក់​សម្រាប់​ម្ចាស់​សត្វ​ទាំងឡាយ​ដែរ...

​នៅពេល​មាន​គេ​លើក​ឡើង​ជា​សំណួរ​ថា តើ​នៅ​ទីណា​ដែល​មាន​សត្វ​អនាថា​ច្រើន​ជាង​គេ​នៅ​ភ្នំពេញ​? អ្វី​ដែល​យើង​ស្រមៃ នឹកគិត​ដល់​មុនគេ​នោះ​គឺ ទី​វត្ត​អារាម ដែល​ជា​ទីកន្លែង​មួយ សំបូរ​ទៅ​ដោយ​សត្វ​ឆ្កែ សត្វ​ឆ្មា​អនាថា​ច្រើន​បំផុត ។ ចំនួន​ដ៏​ច្រើន​នោះ គឺ​កើតឡើង​ដោយសារ ពលរដ្ឋ បាន​យក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ទាំង​នោះ ទៅ​បំបរបង់​នៅ​វត្ត ក្រោម​ហេតុផល ពុំមាន​លទ្ធភាព​ចិញ្ចឹម ដោយសារ​កូន​ច្រើនពេក​ជាដើម ។ ក៏​ប៉ុន្តែ​បើ​យើង​អាច​ចោទ​ជា​សំណួរ​ថា តើ​មាន​ដំណោះស្រាយ​ល្អ​ផ្សេងទៀត ក្រៅ​ពី​យក​សត្វ​ចិញ្ចឹម​ទាំងនោះ ឱ្យទៅ​ក្លាយ​ជា​សត្វ​អនាថា​នៅ​វត្ត​អារាម​ទេ​? ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងឡាយ អាច​នឹង​ទាក់​ទើរ​ក្នុង​ការឆ្លើយតប ដោយ​គ្មាន​ជម្រើស ឬ​អាចជា​ជម្រើស​ចុងក្រោយ មាន​តែ​វិធី​មួយគត់ គឺ​ផ្តល់​ផ្ទះ​ថ្មី​ឱ្យ​ពួកគេ​នៅ​ទី​វត្ត​អារាម​នោះឯង ។​

​ដោយសារតែ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ចំនួន​សត្វ​អនាថា នៅ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​បែបនេះហើយ អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia) ដែល​មាន​ការិយាល័យ​កណ្តាល នៅ​ប្រទេស​អាឡឺម៉ង់ បច្ចុប្បន្ន​កំពុង​ធ្វើការ​សង្គ្រោះ​សត្វ​អនាថា ជា​សត្វ​ឆ្កែ និង​សត្វ​ឆ្មា តាម​ទី​វត្ត​អារាម​ធំៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ អស់​រយៈពេល​២​ឆ្នាំ​ជាង​មកហើយ ។​

​ជំនួយការ​អ្នកគ្រប់គ្រង​នៅ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា កញ្ញា ញឹម កែវ​ពេជ្រ​នារី​រ័ត្ន បាន​រៀបរាប់​ប្រាប់​ខ្ញុំ​អំពី​ប្រវត្តិ​នៃ​ការកកើត​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​បេសកកម្ម​សង្គ្រោះ​សត្វ​ឆ្កែ និង​សត្វ​ឆ្មា នៅ​កម្ពុជា​ថា អង្គការ​នេះ កើតឡើង​ក្រោយ​ប្រធាន​អង្គការ​ជា​ស្ត្រី​ជនជាតិ​អាឡឺម៉ង់ បាន​ឃើញ​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​មាន​ជំងឺ​នៅ​តាម​ផ្លូវ ពិសេស​នោះ​គឺ គាត់​បាន​សង្កេតឃើញថា នៅ​កម្ពុជា សំបូរ​ទៅ​ដោយ​សត្វ​ឆ្កែ សត្វ​ឆ្មា​អនាថា​ជាច្រើន ដូច្នេះហើយ ស្ត្រី​ជា​ប្រធាន​អង្គការ​រូបនោះ ក៏​ចាប់ផ្តើម​ធ្វើ​ការងារ​នេះ​តែ​២​នាក់​មិត្តភក្តិ​របស់​ខ្លួន​តែម្តង រហូត​ឈាន​ដល់​បង្កើតជា​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​ទល់​នឹង​សព្វថ្ងៃ​​… 
​សំឡេង​កញ្ញា ញឹម កែវ​ពេជ្រ​នារី​រ័ត្ន ៖

​នារីរ័ត្ន​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ថា រាប់​ចាប់តាំងពី​មុន​ពេទ្យសត្វ​មក​ធ្វើការ​ជាមួយ អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​បាន​សម្រេច​ជួយសង្គ្រោះ​សត្វ តាមរយៈ​ការ​គ្រៀវ​បាន​ចំនួន​ជាង​១០០​ក្បាល ដែល​កាលនោះ គឺ​ក្រុម​សង្គ្រោះ​យក​សត្វ​ទាំងអស់​ទៅ​ព្យាបាល​នៅ​ពេទ្យសត្វ​ផ្សេងៗ​នៅក្នុង​ទីក្រុង ។ បច្ចុប្បន្ន ក្រោយ​មាន​ការ​ប្រចាំការ​របស់​ពេទ្យសត្វ​ចាប់​តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៧​មក សត្វ​ប្រមាណ​ជាង​២០០​ក្បាល​ត្រូវបាន​សង្គ្រោះ ដែល​ចំនួន​នេះ រាប់បញ្ចូល​ទាំង​សត្វ​ឆ្កែ និង​សត្វ​ឆ្មា ។ បើ​គិត​ជា​មធ្យម សម្រាប់​តួលេខ​នៃ​ការសង្គ្រោះ មាន​សត្វ​ឆ្កែ​៦​ក្បាល និង​ឆ្មា​៣០​ក្បាល ត្រូវបាន​សង្គ្រោះ​ក្នុង​មួយខែ ។ នារីរ័ត្ន​បញ្ជាក់ថា មូលហេតុ​ដែល​ចំនួន​សង្គ្រោះ​សត្វ​ឆ្កែ តិច​ជា សត្វ​ឆ្មា ក៏​ព្រោះ​ដោយសារ សត្វ​ឆ្កែ​ពិបាក​ក្នុង​ការចាប់ ខ្វះ​កម្លាំង ណាមួយ​សត្វ​ឆ្កែ​មាន​ទំហំ​ធំ ត្រូវ​ចំណាយ​ពេល​ច្រើន​សម្រាប់​ការវះកាត់​ម្តងៗ ផ្ទុយទៅវិញ សត្វ​ឆ្មា ការវះកាត់​មាន​រយៈពេល​ខ្លី លឿន ម្យ៉ាងទៀត បើ​យើង​មើល​ពី​ចំនួន​សត្វ​ឆ្កែ និង​ឆ្មា ដែល​នៅ​វត្ត គឺ​ចំនួន​សត្វ​ឆ្មា​ក៏​ច្រើន​ជាង​សត្វ​ឆ្កែ​ដែល​នៅ​វត្ត​ដែរ ។​

​បើ​និយាយ​អំពី​វត្ត​ដែល​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​បាន​ចុះ​ទៅ​សង្គ្រោះ​សត្វ​ឆ្មា​និង​សត្វ​ឆ្កែ តាមរយៈ​ការគ្រៀវ និង​ចាក់​វ៉ាក់​សាំង គឺ​មាន​គោលដៅ​ចំនួន​៤​វត្ត​ធំៗ ក៏​ព្រោះ​វត្ត​ទាំង​នោះ ជា​វត្ត​ធំ​សំបូរ​សត្វ ណាមួយ​វត្ត​ទាំងនោះ នៅ​ជិត​ការិយាល័យ​របស់​អង្គការ​នេះ​ផង​…
​សំឡេង​កញ្ញា ញឹម កែវ​ពេជ្រ​នារី​រ័ត្ន ៖

​នារីរ័ត្ន​បញ្ជាក់ប្រាប់​ខ្ញុំ​ថា ជា​បេសកកម្ម​របស់​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា មាន​៣​ធំៗ​គឺ ទីមួយ កាត់បន្ថយ​ចំនួន​សត្វ​អនាថា​នៅតាម​វត្ត​អារាម​តាមរយៈ​ការគ្រៀវ ទី​ពីរ ផ្តល់​ការចាក់​វ៉ាក់សាំង​ដល់​សត្វ​អនាថា​ទាំងនោះ និង​ទី​បី ផ្តល់​ការអប់រំ បណ្តុះ​គំនិត​ដល់​ពលរដ្ឋ​ទូទៅ ទាំងចាស់ ទាំង​ក្មេង​ឱ្យ​ចេះ​ស្រឡាញ់​សត្វ ដើម្បី​កាត់បន្ថយ​ការ​យក​សត្វ​ទៅ​បំបរបង់​នៅ​វត្ត​អារាម​ជាដើម ។ មូលហេតុ​នៃ​ការចាប់យក​ការសង្គ្រោះ តាមរយៈ​ការគ្រៀវ គឺ​ដើម្បី​កាត់បន្ថយ​ចំនួន​សត្វ​អនាថា ពិសេស​នោះ​គឺ​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​របស់​សត្វ ដូចជា​មហារីក​ជាដើម​…
​សំឡេង​កញ្ញា ញឹម កែវ​ពេជ្រ​នារី​រ័ត្ន ៖

​កញ្ញា​នារីរ័ត្ន​បញ្ជាក់ថា សម្រាប់​សត្វ​ឆ្មា បច្ចុប្បន្ន​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត និង​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ រីឯ​សត្វ​ឆ្កែ គឺ​មាន​វ៉ាក់សាំង​ច្រើន​ប្រភេទ​ដើម្បី​ការពារ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ទៀត ដែល​អាច​បណ្តាល​ឱ្យ​ឆ្កែ​ឆាប់​ស្លាប់​…
​សំឡេង​កញ្ញា ញឹម កែវ​ពេជ្រ​នារី​រ័ត្ន ៖

​សព្វថ្ងៃ សត្វ​ឆ្កែ និង​សត្វ​ឆ្មា ដែល​កំពុង​ស្ថិត​នៅក្នុង​បន្ទុក​របស់​អង្គការ មាន​ចំនួន​សរុប​ប្រមាណ​ជាង​២០​ក្បាល ។ សម្រាប់​សត្វ​ឆ្មា​មាន​ចំនួន​ជាង​១០​ក្បាល ដែល​គ្រៀវ​រួចរាល់ គឺ​កំពុង​រង់ចាំ​ម្ចាស់​ថ្មី​យក​ទៅ​ចិញ្ចឹម ។ ចំណែកឯ​សត្វ​ឆ្កែ​មាន​ចំនួន​៧​ក្បាល និង​៤​ក្បាល កំពុង​រង់ចាំ​ម្ចាស់​ថ្មី​យកទៅ​ចិញ្ចឹម​ដូចគ្នា នៅសល់​ប៉ុន្មាន​ផ្សេងទៀត គឺ​បន្ទាប់ពី​គ្រៀវ​រួចរាល់ ក្រុមការងារ​នឹង​យក​ទៅ​វត្ត​វិញ ។​

​ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​បញ្ជាក់ថា រាល់​សត្វ​អនាថា​ទាំងឡាយណា​ដែល​ក្រុមការងារ​របស់​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា យក​ពី​វត្ត​មក​សង្គ្រោះ តាមរយៈ​ការគ្រៀវ ទាំង​ឈ្មោល​និង​ញី និង​ចាក់​វ៉ាក់​សាំង​រួចរាល់ សត្វ​ទាំងនោះ ត្រូវបាន​យក​ទៅ​វត្ត ដែល​ជា​ទីកន្លែង​រស់នៅ​ដើម​របស់​ពួកគេ​វិញ ។ ពួកគេ​នឹង​ត្រូវ​កាត់​ស្លឹកត្រចៀក​ទុក​ជា​ការ​ចំណាំ ហើយ​សត្វ​ខ្លះទៀត ក្រោយ​សង្គ្រោះ​រួចរាល់ នឹង​ត្រូវបាន​ប្រកាស​ស្វែងរក​ម្ចាស់​ថ្មី​ដើម្បី​យក​ទៅ​ចិញ្ចឹម ។ ហើយ​បើ​និយាយ​អំពី ម្ចាស់​ថ្មី​ដែល​តែង​ទទួល​យក​សត្វ​ទៅ​ចិញ្ចឹម នារីរ័ត្ន​ប្រាប់​ខ្ញុំ​ថា ភាគច្រើន​សត្វ​អនាថា​ទាំងនោះ ច្រើន​តែ​បរទេស​យកទៅ​ចិញ្ចឹម បើ​គិត​ជា​ភាគរយ​វិញ បរទេស​ស្ទើរ​ស្មើនឹង​៩០​ភាគរយ​ទៅ​ហើយ ។​

​នារីរ័ត្ន​បញ្ជាក់ប្រាប់​ខ្ញុំ​ថា ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ ជា​ការល្អ ដើម្បី​ចៀសវាង​ពី​ការ​យក​សត្វ​ទៅ​បំបរបង់​នៅ​តាម​ទី​វត្ត​អារាម គំនិត​ដែល​ល្អ​បំផុត​នោះ​គឺ គួរតែ​យក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ទៅ​គ្រៀវ និង​ទទួលយក​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​ដែរ​…
សំឡេង​កញ្ញា ញឹម កែវ​ពេជ្រ​នារី​រ័ត្ន ៖

​សូមបញ្ជាក់​ថា កម្មវិធី​គ្រៀវ​និង​ចាក់​វ៉ាក់សាំង​សម្រាប់​សត្វ​ចិញ្ចឹម របស់​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា មាន​ជា​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ ។ ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​សត្វ​ចិញ្ចឹម​អាច​ទទួល​បាន​ការ​គ្រៀវ​សត្វ ដោយ​មិន​គិត​ប្រាក់ គ្រាន់តែ​ទាមទារ​ឱ្យមាន​ការទាក់ទង​ណាត់​ជួប​ជាមុន នៅ​ការិយាល័យ​អង្គការ​ដោយផ្ទាល់ តាមរយៈ​ទូរស័ព្ទ​លេខ ០៦១ ៥១០ ៥០៧ ។ អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​១៣៧B ផ្លូវ​លេខ​៩៩ (​កែង​៥០៨) សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត