បើ​លោក​ស៊ី ជីន​ពីង​​កាន់តំណែង​​មួយជីវិត​​ក្ដីសង្ឃឹម​​ធ្វើកំណែទម្រង់​​របស់​ក្រុម​​សកម្មជន​​នឹង​បាត់បង់​?

09-03-2018 4:50 pm 1959
  ស្តាប់
ប្រធានាធិបតី​ចិន​​លោក​ស៊ី ជីនពីង
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន បានស្នើ​ឲ្យធ្វើ​វិសោធនកម្ម​រដ្ឋធម្ម​នុ​ញ្ញ គឺ​លុបចោល​ការកំណត់​អាណត្ដិ​ប្រធានាធិបតី​។ តាម​រដ្ឋធម្មនុញ្ញ​ចិន​ប្រធានាធិបតី​អាច​កាន់តំណែង​បានតែ​ពីរ​អាណត្ដិ​ប៉ុណ្ណោះ​ស្មើនឹង​១០​ឆ្នាំ​។ ប៉ុន្ដែ​ការស្នើឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្ម​នុ​ញ្ញ មានន័យថា​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង អាច​បន្ដ​កាន់តំណែង​អស់​មួយជីវិតក៏ថាបាន បើទោះបី​លោក​ផុត​អាណត្ដិ​ហើយ​ក្ដី​។ នៅក្នុង​កិច្ចប្រជុំ​សភាជាតិ​លើក​ទី​១៣​របស់​ចិន បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០៥​មីនា​រហូត​មកដល់ពេលនេះ​មិនទាន់​បញ្ចប់​ផង​នោះ គេ​រំពឹងថា​នឹងមាន​ការអនុម័ត​លើ​ការស្នើសុំ​លុបចោល​ការកំណត់​អាណត្ដិ​ប្រធានាធិបតី​ចេញពីរដ្ឋធម្មនុញ្ញ​។

​ទោះបី​ពេលនេះ​មិនទាន់មាន​ការប្រកាស​ស​ម្រេច​នៅឡើយ ប៉ុន្ដែ​មាន​ការរំពឹង​ខ្ពស់​ថា​សំណើ​នឹងត្រូវ​សភា​អនុម័ត​។ គេ​អាច​សន្មត់​បានថា វា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង ប៉ុន្ដែ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ក្រុម​សកម្មជន​ដែល​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ ឈានទៅរក​លទ្ធិប្រជាធិបតេយ្យ​។​

​ការលុបចោល​ច្បាប់​កំណត់​អាណត្ដិ​ប្រធានាធិបតី ក្ដីសង្ឃឹម​របស់​ក្រុម​សកម្មជន​ដែល​ខំ​បំពេញការងារ​ទាមទារ​ឲ្យមាន​ការកែប្រែ​លើ​ចំណុច​មួយចំនួន​ក៏ត្រូវ​បាត់បង់​។ ក្នុង​ឆ្នាំ​ដំបូង​ដែល​លោក​ស៊ី​ចូល​កាន់តំណែង ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បាន​ព្យាយាម​យ៉ាងខ្លាំង​រក្សា​ភាពរឹងមាំ ប៉ុន្ដែ​ពួកគេ​មានឱកាស​តិចតួច​ណាស់ ដ្បិត​លោក​ស៊ី​មិន​អនុញ្ញាតឲ្យ​មានការត​វ៉ា​ប្រឆាំង​រដ្ឋាភិបា​លឡើយ​។ ការតវ៉ា​អាច​ធ្វើបាន​ក្នុង​ទ្រង់ទ្រាយ​តូច​បំផុត ដើម្បី​គ្រាន់​ជា​សារ​ផ្ញើ​ទៅកាន់​ក្រុមគាំទ្រ​និង​ក្រុមគ្រួសារ​របស់​សកម្មជន​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់ខ្លួន​។ ការកំណត់​ឲ្យ​លោកស៊ី​​បន្ដ​កាន់​តំណែង​បាន​ទោះបី​ផុតអាណត្ដិ ប្រៀប​ដូច​បិទទ្វារ​មិនឲ្យ​ក្ដី​សង្ឃឹមនៃ​ការធ្វើកំណែ​ទម្រង់​នយោបាយ​បែប​ប្រជាធិបតេយ្យ​រស់​ឡើងវិញ​ដូច្នេះ​ដែរ​។​

​មាន​អ្នកតាមដាន​ស្ថានការណ៍​ជាច្រើន​និយាយថា លោក​ស៊ី ជីន​ពីង​មានអំណាច​គ្រប់គ្រង​ប្រទេស​ខ្លាំង​ជាង​លោក​ម៉ៅ សេទុង ដែលជា​ស្ថាបនិក​គណបក្ស​កុម្មុយនីស្ដ​ចិន​ទៅទៀត​។ សម័យកាល​គ្រប់គ្រង​របស់លោក​ស៊ី មាន​ក្រុម​សកម្មជន​ជាច្រើន​ត្រូវបាន​រឹតត្បិត​មិនឲ្យ​បញ្ចេញ​សកម្មភាព​ប្រឆាំង​រដ្ឋា​ភិ​បាលជា​សាធារណៈ ស្របពេល​មាន​ការបង្កើន​ការត្រួតពិនិត្យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​កាន់តែខ្លាំង​។ មេធាវី​ការពារ​សិទ្ធិមនុស្ស​មួយចំនួន ត្រូវបាន​អាជ្ញាធរ​ដកតំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពីបទ​រំលោភច្បាប់​គ្រប់គ្រង​អាកប្បកិរិយា​របស់​ពួកគេ​។ ការបង្ក្រាប​បែបនេះ​មានន័យថា មាន​មនុស្ស​កាន់តែ​តិច​អាច​រៀបចំ​ការរិះគន់​ជា​សាធារណៈ​ដល់​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង ដែល​គេ​ចាត់ទុកជា​បុរស​ខ្លាំង​របស់​ចិន​៕​

ព័ត៌មានផ្សេងទៀត