កំណែទម្រង់​ស៊ីជម្រៅ​របស់រដ្ឋាភិបាល​ហាក់តឹង​ ព្រោះមន្ត្រីប្រឹង​មិនស៊ីចង្វាក់គ្នា​

09-03-2018 11:06 am 5918
  ស្តាប់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករកន្លងទៅ។
ស្តាប់ជាសំឡេង

រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមអណត្តិទី៥ បានប្រកាស​ធ្វើកំណែទម្រង់​ស៊ីជម្រៅបន្ថែម​លើកិច្ចការងារមន្ត្រីក្នុង​ជួររដ្ឋាភិបាលរបស់លោក។ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រីប្រកាសមក គេកត់សម្គាល់ថា ទាំងលោកនាយករដ្ឋមន្ត្រី និង មន្ត្រីក្រោមឱវាទបានកែប្រែឥរិយាបថបានច្រើន។ ប៉ុន្តែនៅមានមន្ត្រីមួយចំនួន ហាក់នៅពុំទាន់ភ្ញាក់រលឹក ជាហេតុធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅនៅតឹង។ជាបន្តសូមស្តាប់បទវិភាគដោយគួន សំបូរ

«មុជទឹក ឆ្លុះកញ្ចក់ ដុះក្អែល និង ព្យាបាល» ជាសារខ្លីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែង​ដាស់តឿន​មន្ត្រីដែលធ្លាប់​ស្ពឹកស្រពន់​ ឱ្យភ្ញាក់រលឹក ក្នុងន័យកំណែ​ទម្រង់ស៊ីជម្រៅ​នៅក្នុងជួរ​គណបក្ស និង ជួររាជរដ្ឋាភិបាល​។ ​ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​យ៉ាងដូច្នេះ បន្ទាប់ពីគណបក្ស​លោកបាត់បង់​២២អាសនៈកាលពីបោះឆ្នោតអាណាត្តិទី៥។

ជាទូទៅស្ទើតែពេលមួយអាណាត្តិទី៥សារខ្លីរបស់លោកនាយករដ្ឋមន្ត្រី​ហាក់ដូចជា បាលី​ សម្រាប់ដាស់​អារម្មណ៍​ដល់មន្ត្រីនៅតាម​ក្រសួង និង ស្ថាប័ននីមួយៗ ឱ្យមានភាព​ស្ទុះស្ទាជាងមុន​។ម្លោះហើយ ​ក្នុងក្រសែភ្នែក​របស់ក្រុមអ្នក​តាមដាន​មួយចំនួន ពិនិត្យឃើញថា ក្នុងអាណាត្តិទី៥​ ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន​ សែនផ្ទាល់ និង មន្ត្រីនៅតាម​ក្រសួង ស្ថាប័ននីមួយៗ បាន​ធ្វើការងារ​យ៉ាងសកម្ម។

សម្រាប់លោក ហ៊ុន សែន ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់ក្នុងគណបក្សកាន់អំណាច ចាប់តាំងពីក្រោយឆ្នាំ២០១៥ លោកបានចំណាយពេលជាច្រើន ចុះជួបប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានផង និង ស្វែងរកសំឡេងឆ្នោតផង។ ការចុះនេះ ក៏ព្រោះតែលោកអាចអស់ជំនឿលើរបាយការណ៍ ឬទិន្ន័យរបស់មន្ត្រីថ្នាក់ក្រោម ដើម្បីបំប៉ោងចង់យកល្អតែរៀងៗខ្លួន ដែលធ្វើឱ្យគណបក្សលោកបាត់សំឡេងឆ្នោត ហើយនៅចុងអណត្តិទី៥នេះ លោកបន្តចុះដោះស្រាយផលលំបាកនានាជូនកម្មករ កម្មការរិនីរោងចក្រ និង កម្មករក្រៅប្រព័ន្ធ ដោយ​ផ្តល់ជា​កាដូរជា​ច្រើន​ដល់ពួកគេ​។

មិនចាញ់នឹងកម្មករទេ​ ចំពោះមន្ត្រីរាជការស៊ីវិល នគរបាលជាតិ យោធិននៃ​កងយោធពល​ខេមរភូមិន្ទ គ្រូបង្រៀន​ ក៏ត្រូវបានដំឡើង​ប្រាក់បៀវត្សជា​បន្តបន្ទាប់ រួមទាំងធ្វើ​លំនៅឋាន សាធារណៈ​ តម្លៃសមរម្យ​សម្រាប់លក់ជូន គ្រួសារ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការ ដែលមាន​ប្រាក់ចំណូលទាប និង មធ្យម អាចបង់​រំលោះ​បានក្នុង​តម្លៃទាប​ផងដែរ។

ដោយឡែកសម្រាប់ការងាររបស់ក្រសួង និង ស្ថាប័នទាំង២៨របស់រដ្ឋាភិបាល ក៏មានក្រសួង និង ស្ថាប័នខ្លះ ប្រឹងមិន​ចាញ់​លោកនាយករដ្ឋមន្រ្តីដែរ​ដូចជា៖​ ក្រសួងអប់រំ, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងរ៉ែនិងថាមពល, ក្រសួងសាធារណៈការជាដើម។

ទោះបីជាអនុវត្តមិនបានជោគជ័យ១០០ភាគរយ ប៉ុន្តែតាមរយៈកំណែទម្រង់ និង ការអនុវត្តការងាររបស់ក្រសួង និង ស្ថាប័នទាំងនេះ កំពុងទទួលបានការស្វាគមន៍ និង គាំទ្រពីប្រជាពលរដ្ឋ។ ឧទាហរណ៍ ​ដូចជា ​ការរឹតបន្តឹង​ការអប់រំមួយ​ប្រកបដោយ​គុណភាពខ្ពស់,​ ការរៀបចំជាឧទ្យានជាតិ និង ដែនការពារ​ធនធានធម្មជាតិ ​ដោយចំហឱ្យ​មានការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ, ​ការទប់ស្កាត់ជនអន្តោប្រវេសន៍រស់នៅលើទឹកដីកម្ពុជាខុសច្បាប់, ទប់ស្កាត់ការបូម​ខ្យាច់ខុសច្បាប់ និង ខុសបច្ចេកទេស, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាព, ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឈាន​ទៅលុបបំបាត់​ភាពអនាធិបតេយ្យពាស​វាលពាសកាលពេញផ្លូវជាដើម។

ជាការពិតភាពសកម្មនឹងការងាររបស់ក្រុមមន្ត្រីទាំងនេះហើយ ជាចលករ​យ៉ាងសំខាន់ ​ដើម្បីជំរុញផែន​ការកំណែទម្រង់​ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាលអាច​ជោគជ័យបាន។​ ប៉ុន្តែក៏មានក្រសួង និង ស្ថាប័នមួយចំនួន នៅតែមានភាពស្ពឹក​ស្រពន់ ហើយបង្កផលលំបាកដល់ប្រជាពលរដ្ឋ និង ធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿ។

ក្រសួង ឬមន្ទីរខ្លះ ហាក់មិនមានវិធានការ ឬក៏ចក្ខុវិស័យថ្មី ដើម្បីផ្តល់ភាពជឿជាក់ដល់ពលរដ្ឋនៅឡើយ។ ផ្ទុយទៅវិញ ការងារហាក់នៅទ្រឹង ដូចមិនមានសកម្មភាព ហើយនៅស្រងំសុខ ទោះជាមានការរិះគន់ក្តី។ ពេលខ្លះទាល់តែមានការបញ្ជាខ្លាំងៗ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទើបស្ទះស្ទាដូចភ្ញាក់ពីដេក។ ម្លោះហើយ បានជាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញជាចម្ងល់ថា តើមន្រ្តីកំពុងអនុវត្តន៍ច្បាប់ ឬ អនុវត្តបទបញ្ជារបស់លោក។ លោកសង្កត់ធ្ងន់ថា ច្បាប់មាន​ហើយមិន​ព្រមនាំគ្នាធ្វើ​​ បែរជានៅរង់​ចាំបទបញ្ជា​រ​ពីលោក​ទៅវិញ។

តាមគំនិតរបស់អ្នកជំនាញខ្លះយល់ថា មន្ត្រីបែបនេះហើយ ជាហេតុធ្វើឲ្យកំណែទម្រង់ស៊ីជម្រៅរបស់លោកហ៊ុន សែន មិនទាន់ដំណើការទៅរលូន ហើយប្រសិនបើលោកប្រហែសអាចធ្វើឱ្យកំណែទម្រង់នេះ បរាជ័យក៏អាចថាបាន។ ជាគំនិតរបស់អ្នកវិភាគ ដើម្បីលុបបំបាត់បញ្ហានេះ លោកនាយករដ្ឋមន្ត្រី គួរប្រើវិធានការស្វែងរកសាច់ណាដែលស្អុយ ហើយកាត់ចោល។ ក្រោយមកលើកទឹកចិត្តចំពោះមន្ត្រីមានសមត្ថភាពដោយមិនគិតពីក្រុម ឬបក្សពួក។

ម៉្យាងវិញទៀត គួរបន្តព្យាយាមព្យាបាលជំងឺសង្គម ដែលកើតមានរ៉ាំរ៉ៃរាប់ឆ្នាំដូចជា៖ អំពើអយុត្តិធម៌ អំពើពុករលួយ ការបំផ្លាញ​ធនធាន​ធម្មជាតិ​ បញ្ហារំលោភដីធ្លី​ ពលរដ្ឋអត់ការងារធ្វើ ​សេវាសាធារណៈខ្សោយ ការហូរចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​ វិស័យសុខាភិបាលមិនទាន់មានទំនុកចិត្តពីពលរដ្ឋ និង កសិផលផលិតគ្មានទីផ្សារលក់ ឬលក់ក្នុងតម្លៃថោកជាដើម.... កិច្ចការងារទាំងអស់នេះ គួរធ្វើដូចភ្លៀងរលឹម។

ប្រសិនបើគោលនយោបាយចាំបាច់ទាំងនេះ អនុវត្តបានត្រឹមត្រូវ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាចនឹង​ជោគជ័យ​បានឆាប់​ ហើយ​លោកនាយករដ្ឋមន្ត្រីក៏​មិនសូវហត់ស្រែកដូចសព្វថ្ងៃ។ គួរបញ្ជាក់ថា ទោះអត់គណបក្សប្រឆាំង ក៏រដ្ឋាភិបាលនៅតែប្រឈមនឹងការបាត់បង់ប្រជាប្រិយភាព ប្រសិនណាការដឹកនាំអស់ជំនឿពីប្រជាជន៕ 

ព័ត៌មានផ្សេងទៀត