ទីបំផុត​! លោក​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​នឹង​ជួបគ្នា​​នៅ​ខែ​ឧសភា​

09-03-2018 8:52 am 1484
  ស្តាប់
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នឹង​ជួបគ្នា​នៅ​ខែឧសភា ដើម្បី​ពិភាក្សា​ពី​ការធានា​ឲ្យបាន​នូវ​ការដកហូត​អាវុ​ធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង ក្រោយ​កិច្ច​ជំនួប​មួយ​នៅ​សេត​វិមាន​។ មន្ដ្រី​កូរ៉េខាងត្បូងបានលើកឡើង​ថា ​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក​គីម ជុង​អ៊ុន​និង​មន្ដ្រី​កូរ៉េខាងត្បូង​ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​ថ្មីៗ​នេះ លោក​គីម​បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ ដើម្បី​រំលាយចោល​នុយក្លេអ៊ែ​រ​។ លោក​គីម​សន្យាថា​កូរ៉េខាងជើង​នឹង​អត់ធ្មត់​មិន​ធ្វើតេស្ដ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​ទៀត​ទេ​។

​ក្រោយពី​មន្ដ្រី​កូរ៉េខាងត្បូង​បានបញ្ជាក់​បែបនេះ លោក​ដូណាល់ ត្រាំ​ក៏​ប្រកាស​ឯកភាព ហើយ​និយាយថា​លោក​នឹង​ជួប​លោក​គីម ជុង​អ៊ុន​នៅ​ខែឧសភា ដើម្បី​សម្រេច​ឲ្យបាន​ការរំលាយចោល​នុយក្លេអ៊ែ​រ​ជា​អចិន្ដ្រៃយ៍​។ លោក​ត្រាំ​បាន​សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង អាមេរិក និង​ដៃគូ​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក នៅតែ​បន្ដ​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន​និង​ប្ដេជ្ញាចិត្ដ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការលុបបំបាត់ចោល​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។​

​មន្ដ្រី​កូរ៉េខាងត្បូង​ដែល​បាន​ទៅ​រាយការណ៍​ពី​បញ្ហា​នេះ​ដល់​លោក​ដូណាល់ ត្រាំ បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ថា នឹងមាន​យន្ដការ​ការទូត​ដើម្បី​បន្ដ​ដោះស្រាយ​វិបត្ដិ​លើ​ឧបទ្វីប​កូរ៉េ ក្នុង​គោលបំណង​ស្វែងរក​សន្ដិភាព​។លោក​ថា​កូរ៉េខាងត្បូង​អាមេរិក​រួមទាំង​ប្រទេស​ជា​ដៃគូ​ផ្សេងទៀត នឹងមិន​ធ្វើឲ្យមាន​កំហុស​ដូចកាល​ពីអតី​ត​កាល​ឡើយ ហើយនឹង​បន្ដ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង រហូតដល់​ទទួលបាន​លទ្ធផល​វិជ្ជមាន​។​ ​យ៉ាងណាមិញ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃទី​០៨​មីនា​ថា  ទោះបីជា​មាន​កិច្ចពិភាក្សា​កើតឡើង​ក៏ដោយ  ប៉ុន្ដែ​ការចរចា​រឿង​រំលាយចោល​នុយក្លេអ៊ែ​រ នៅ​បន្ដ​រយៈពេល​យូរ​ទៀត មិនអាច​បញ្ចប់​ឆាប់ៗ​បានឡើយ​៕

ព័ត៌មានផ្សេងទៀត