ភាព​វិជ្ជមាន​​នៅ​បន្ដ​កើតឡើង​​លើ​ទំនាក់ទំនង​​កូរ៉េខាងត្បូង-​​កូរ៉េខាងជើង​

06-03-2018 11:49 am 1491
លោកគីម ជុងអ៊ុន(ស្ដាំ)ចាប់ដៃមន្ដ្រីជាន់ខ្ពស់កូរ៉េខាងត្បូង​ដែលធ្វើទស្សនកិច្ចទៅ​កូរ៉េខាងជើង

​តាំងពី​មុន​ចាប់ផ្ដើម​ព្រឹត្ដិការណ៍ប្រ​កួ​ត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង បាន​ល្អប្រសើរ​គួរឲ្យ​កត់សម្គាល់បើ​ប្រៀបធៀប​ពីមុន​។ កូរ៉េខាងជើង​បាន​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​ទៅ​កូរ៉េខាងត្បូង ក្នុងពេល​បើក​និង​បិទព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ផងដែរ​។ ចំណែក​ក្រុម​សិល្បៈ អត្ដ​ព​លិក អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ក៏បាន​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍នេះ​ដូចគ្នា​។ កាលពី​ថ្ងៃទី​០៥​មីនា​នេះ មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​កូរ៉េខាងជើង​វិញ​ម្ដង ដើម្បី​ពិភាក្សា​លើ​កិច្ចការ​សំខាន់ៗ​។ នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ ដែល​បងប្អូន​កូរ៉េ​ទាំងពីរ​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ ពី​ការ​រឹតចំណង​មិត្ដ​ភាពឡើ​ង​វិញ​។ តើ​កូរ៉េ​ទាំងពីរ​ពិតជា​ចង់​បង្រួបបង្រួម​គ្នា​វិញ​មែន​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រាយការណ៍​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

សំឡេង៖

​តាំងពី​បញ្ចប់សង្គ្រាម​បែងចែក​ទឹកដី​ឆ្នាំ​១៩៥០-១៩៥៣ ប្រទេស​កូរ៉េ​បាន​កាត់ផ្ដាច់​ចេញ​ជា​ពីរ គឺ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។ មាន​គោលនយោបាយ​ខុសគ្នា របៀប​ដឹកនាំ​ប្រទេស​ផ្សេងគ្នា ម្នាក់​ដឹកនាំ​តាមបែប​កុម្មុយនីស្ដ ម្នាក់​ដឹកនាំ​តាមបែប​សេរី ហើយ​សូម្បី​ការ​សេពគប់​មិត្ដភក្ដិក៏​មិន​ដូចគ្នា​ដែរ​។ កូរ៉េខាងត្បូង​បាន​រឹតចំណង​មិត្ដ​ភាពខ្លាំ​ង​ក្លា​នឹង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ជាក់ស្ដែង​មាន​មហាអំណាច​អាមេរិក​ជាដើម ព្រោះ​វា​ត្រូវ​នឹង​គោលនយោបាយ​ដឹកនាំ​ប្រទេស​របស់ខ្លួន​។​

ដោយឡែក​កូរ៉េខាងជើង​វិញ​បាន​ងាក​ខ្លាំង​ទៅរក​ប្រទេស​ដែលមាន​និន្នាការ​កុម្មុយនីស្ដ តួយ៉ាង​មាន​ចិន​ជា​បង្អែក​ធំ ហើយ​រុស្ស៊ី​ក៏​ជិតស្និទ្ធ​នឹង​កូរ៉េខាងជើង​ដែរ​។ បង្អែក​ធំៗ​ទាំងពីរ​បានធ្វើឲ្យ​កូរ៉េខាងជើង​មាន​ភាពកក់ក្ដៅ ហើយ​ចិន​និង​រុស្ស៊ី​តែង​ចេញមុខ​ការពារ​កូរ៉េខាងជើង​ជារឿយៗ នៅពេល​មាន​បញ្ហា​ម្ដងៗ​។ កើតចេញពី​សាច់ឈាម​តែមួយ​ប៉ុន្ដែ​មាន​និន្នាការ​ដឹកនាំ​ប្រទេស​ផ្ទុយ​ពីគ្នា បានធ្វើឲ្យ​បងប្អូន​កូរ៉េ​ទាំងពីរ​មើលមុខ​គ្នា​លែង​ចំ ក្លាយជា​សត្រូវ​នឹង​គ្នា​ទៅវិញ​។

​កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស ក្លាយជា​ប្រទេស​រីកចម្រើន​ត្រូវបាន​ទទួលស្គាល់​ក្នុង​ពិភពលោក ហើយ​ប្រជាជន​រស់នៅក្នុង​ជីវភាព​ធូរធារ​។ ដោយឡែក​កូរ៉េខាងជើង តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន្ដរជាតិ​កន្លងមក ប្រជាជន​មិន​ជួប​ភាពសម្បូរ​ណ៍ស​ប្បាយ​ដូច​នៅ​កូរ៉េខាងត្បូង​ឡើយ​។ សេដ្ឋកិច្ច​កូរ៉េខាងជើង​ទាប​ខ្លាំង​បើ​ប្រៀបធៀប​នឹង​កូរ៉េខាងត្បូង តែ​អ្វីដែល​រីកចម្រើន​គឺ​អាវុធ​នុយក្លេអ៊ែរ​។ ប្រជាជន​កូរ៉េខាងជើង​ត្រូវបាន​គេ​រាយការណ៍​ថា​រស់នៅក្នុង​ភាពក្រីក្រ​ច្រើន ហើយ​ប្រជាជន​ទៅធ្វើ​ពលករ​ក្រៅ​ស្រុក​ក៏​ច្រើន​។ របាយការណ៍​បញ្ជាក់ថា ប្រជាជន​កូរ៉េខាងជើង​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស ប្រាក់ចំណូល​របស់​ពួកគេ​បាន​ហូរ​ទៅ​ផ្គត់ផ្គង់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ ជាហេតុ​ធ្វើឲ្យ​កម្មវិធី​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​អាចមាន​ដង្ហើមរ​ស់បាន​ដល់​សព្វថ្ងៃ​។​

​យើង​ចាប់អារម្មណ៍​ពី​ទំនាក់ទំនង​ការទូត​វិញ​ម្ដង ក្រោយ​បែងចែក​ជា​ពីរ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​មានតែ​ការ​ថ្កោលទោស វាយប្រហារ​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ និង​ផ្ទុះអាវុធ​ដាក់គ្នា​ប៉ុណ្ណោះ ពេលវេលា​ត្រូវ​គ្នា​មាន​តិចតួច​បំផុត ហើយ​ការ​រឹតចំណង​ការទូត​រវាង​គ្នា​ក៏​គ្មាន​ដែរ​។​

​ប៉ុន្ដែ​នៅ​ដើមឆ្នាំ​២០១៨ រឿង​មិន​នឹកស្មាន​ដល់​ជាច្រើន​បាន​កើតឡើង​។ ពេល​ថ្លែង​សារ​ស្វាគមន៍​ឆ្នាំ​ថ្មី មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បានបង្ហាញ​ជំហរ​ចង់​ចរចា​ជាមួយ​កូរ៉េខាងត្បូង ហើយ​ទីបំផុត​កិច្ច​ជំនួប​ក៏​កើតមានឡើង​។ មន្ដ្រី​តំណាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​ជួបពិភាក្សា​ដល់​ទៅ​បួន​លើក និយាយ​ពី​ការចូលរួម​ព្រឹត្ដិការ​ណ៍​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​។ ទីបំផុត​កូរ៉េខាងជើង​បានសម្រេច​បញ្ជូន​អត្ដ​ព​លិក អ្នកគាំទ្រ អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៅ​ចូលរួម​ព្រឹត្ដិការណ៍នេះ​។ នៅ​ថ្ងៃទី​០៩​ខែកុម្ភៈ​ឆ្នាំ​២០១៨ កូរ៉េខាងជើង​បាន​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​ទៅ​ចូលរួម​ពិធី​បើកព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា ក្នុងនោះ​មាន​ប្អូនស្រី​បង្កើត​របស់លោក​គីម ជុង​អ៊ុន​ផងដែរ​។

ទៅដល់​កូរ៉េខាងត្បូង​កាលនោះ មិន​ត្រឹម​ចូលរួម​ពិធី​បើកព្រឹត្ដិការណ៍​អូឡាំពិ​ក មន្ដ្រី​កូរ៉េខាងជើង​ក៏បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ពិភាក្សា​ការងារ​សំខាន់ៗ និង​ពិសា​អាហារ​ជាមួយគ្នា​ថែមទៀត​។  អ្នកស្រី​គីម យ៉ូ​ជុងបាន​នាំសា​ររបស់​លោក​គីម ជុង​អ៊ុន​ជា​បងប្រុស អញ្ជើញលោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ជែ​អ៊ីន ឲ្យធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​។ លោក​ប្រធានាធិបតី​បាន​ឆ្លើយតប​នឹង​ការអញ្ជើញ​ថា នៅពេល​ស្ថានភាព​បាន​ល្អប្រសើរ លោក​នឹង​ទៅ​កូរ៉េខាងជើង​ដោយផ្ទាល់​។ ទស្សនកិច្ច​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ទៅ​កូរ៉េខាងត្បូង បានបញ្ចប់​ដោយ​ជោគជ័យ​។ នៅ​ថ្ងៃទី​២៥​កុម្ភៈ​ជា​ថ្ងៃ​បិទ​បញ្ចប់​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក កូរ៉េខាងជើង​បាន​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​ផ្សេងទៀត​ឲ្យទៅ​ចូលរួម ដើម្បី​បង្ហាញ​ពី​ការអបអរ​ជាមួយ​កូរ៉េខាងត្បូង​។ ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​អន្ដរ​កូរ៉េ បាន​កើនឡើង​កាន់តែខ្លាំង​គួរឲ្យកត់សម្គាល់​។

​រឿង​ល្អ​នៅតែ​បន្ដ​កើតឡើង​ដដែល​គឺ​កាលពី​រសៀល​ថ្ងៃទី​០៥​មីនា មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​បាន​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​វិញ​ម្ដង​។ ទៅដល់​កូរ៉េខាងជើង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ថ្លែងប្រាប់​មន្ដ្រី​កូរ៉េខាងត្បូង​ថា លោក​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ការបង្រួបបង្រួម​ជាតិ​ជាមួយ​កូរ៉េខាងត្បូង ដែល​នេះ​ជា​លើកដំបូង​ហើយ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​បញ្ជូន​បេសកជន​ពិសេស​បំពេញ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង តប​តាម​ការអញ្ជើញ​របស់លោក​គីម ជុង​អ៊ុន​កាលពី​ខែ​មុន​។ វា​ជា​ជំនួប​ផ្លូវការ​លើកដំបូង​រវាង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង ជាមួយ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង ចាប់តាំងពី​លោក​គីម ជុង​អ៊ុន​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០១១​។​

​ថ្ងៃទី​១​នៃ​ដំណើរ​ទស្សនកិច្ច លោក​គីម ជុង​អ៊ុន បានទទួល​ស្វាគមន៍​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​យ៉ាង​កក់ក្តៅ និង​បើក​បេះដូង​ពិភាក្សា​ជាមួយ​ពួកគេ​ផងដែរ​។ ក្រៅពី​ជួប​ជជែក​គ្នា លោក​គីម ជុង​អ៊ុន​បាន​ពិសា​អាហារ​ពេល​ល្ងាច ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ដោយ​ក្តីរីករាយ​។​

​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​របស់​គណៈប្រតិភូ​មួយក្រុម ដឹកនាំ​ដោយ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ និង​ប្រធានការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង ផ្តោតលើ​ការបង្កើត​លក្ខខណ្ឌ ចរចា​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ស្វែងរក​ការផ្សះផ្សា​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ ព្រមទាំង​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​កិច្ចចរចា​រវាង​កូរ៉េខាងជើង​និង​អាមេរិក​កើតឡើង​។​

​អាមេរិក​គឺជា​ឆ្អឹង​ទទឹង​ក​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​។ កូរ៉េខាងជើង​ចង់ឲ្យ​កូរ៉េខាងត្បូ​ងឈប់​ធ្វើតាម​ការណែនាំ​របស់​អា​មេរិក ពិសេស​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​លើ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្ដែ​កន្លងមក​កូរ៉េខាងត្បូង​មិនបាន​ស្ដាប់​ឡើយ ជាហេតុ​ធ្វើឲ្យ​កូរ៉េ​ទាំងពីរ​នៅ​ខ្វែងគំនិ​តរក​ផ្លូវ​ចរចា​មិនឃើញ​។ ប៉ុន្ដែ​នៅពេល​កូរ៉េខាងត្បូង​និង​អាមេរិក​ផ្អាក​សមយុទ្ធ​ចន្លោះពេល​មាន​ព្រឹត្ដិការណ៍​អូឡាំពិ​ក ជាក់ស្ដែង​ណាស់​ទំនាក់ទំនង​អន្ដរ​កូរ៉េ​បាន​ល្អប្រសើរ​ច្រើន​។

​ទោះបី​មិនអាច​កំណត់​បាន​ថា​ទំនាក់ទំនង​ល្អប្រសើរ​នេះ​ឋិតថេរ​បានយូរ​ប៉ុណ្ណា ប៉ុន្ដែ​វា​ជា​អ្វីដែល​កូរ៉េ​ទាំងពីរ​ចង់បាន​។ និយាយ​ពី​ការបោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ពិតជា​មិន​ងាយស្រួល​ទេ ដ្បិត​កូរ៉េខាងជើង​រំពឹង​អាវុធ​នុយក្លេអ៊ែរ​នេះហើយ អាច​គំរាម​អាមេរិក​មិនឲ្យ​ប៉ះពាល់​ខ្លួន​បាន​។

​តែ​យ៉ាងណាមិញ ចង់​ឬ​មិន​ចង់​កូរ៉េខាងត្បូង​ត្រូវបង្កើត​លក្ខខណ្ឌ​សមស្រប​ណាមួយ ដើម្បី​ចំណេញ​ទាំងសងខាង បើ​ចង់ឲ្យមាន​ជំនួប​ចរចា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។ បច្ចុប្បន្ន កូរ៉េខាងត្បូង​ពិតជា​មិនអាច​បោះបង់​អាមេរិក​បានឡើយ ហើយ​រឹតតែ​មិនអាច​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​។ អ្វីដែល​អាច​ធ្វើបាន​ចន្លោះពេល​មាន​ទំនាក់ទំនង​ល្អ​នឹង​កូរ៉េខាងជើង មានតែ​ការស្នើសុំ​ក្នុងនាម​ធ្លាប់ជា​បងប្អូន ដើម្បី​ស្វែងរក​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ និង​ដើម្បី​រឹត​ចំណតមិត្ដភាព​ផងដែ​រ តែ​ត្រង់​ថា​ព្រម​ឬ​មិន​ព្រម​សម្រេច​លើ​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត