ការព្រួយបារម្ភបានកើតឡើងកាន់តែខ្លាំង ចំពោះការសម្រេចរបស់គណបក្សកុម្មុយនីស្ដចិន ស្នើឲ្យលុបចោលការកំណត់អាណត្ដិប្រធានាធិបតី។ គណៈកម្មាធិការកណ្ដាលបានស្នើឲ្យផ្លាស់ប្ដូរការកំណត់អាណត្ដិប្រធានាធិបតីចេញពីរដ្ឋធម្មនុញ្ញ។ តាមរដ្ឋធម្មនុញ្ញប្រធានាធិបតីអាចកាន់អំណាចបានតែពីរអាណត្ដិប៉ុណ្ណោះស្មើនឹង១០ឆ្នាំ។ តើផែនការដែលគណបក្សកុម្មុយនីស្ដចិនបង្ហាញនេះ ជាចេតនាចង់ពង្រីកអំណាចគ្រប់គ្រងប្រទេស ឲ្យស្ថិតក្រោមការដឹកនាំរបស់មនុស្សតែម្នាក់ដូចសម័យលោកម៉ៅ សេទុងគ្រប់គ្រងប្រទេសចិនឬយ៉ាងណា?
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
សារព័ត៌មានរដ្ឋចិនស៊ីនហ៊ួរបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យទី២៥កុម្ភៈ ហើយត្រូវបានសារព័ត៌មានអន្ដរជាតិនានាដកស្រង់ទៅចុះផ្សាយបន្ដ រឿងដែលចិនស្នើឲ្យលុបចោលការកំណត់អាណត្ដិប្រធានាធិបតី។ គណៈកម្មាធិការកណ្ដាលបក្សកុម្មុយនីស្ដចិន បានស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកចេញការកំណត់អាណត្ដិប្រធានាធិបតីដែលបានចែកក្នុងរដ្ឋធម្មនុញ្ញ ត្រឹមតែពីរអាណត្ដិស្មើនឹង១០ឆ្នាំ។ ការធ្វើដូច្នេះអាចជួយពង្រឹងដល់មេដឹកនាំប្រទេសចិន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋស៊ីនហ៊ួរ។
សំណើដែលបានដាក់នឹងត្រូវលើកយកទៅពិភាក្សា ក្នុងសមាជសភាជាតិនៅខែមីនាឆ្នាំ២០១៨នេះហើយ។ បើសិនជាត្រូវបានអនុម័តមែននោះ លោកប្រធានាធិបតីស៊ី ជីនពីងនឹងអាចបន្ដកាន់តំណែងប្រធានាធិបតីដល់ក្រោយឆ្នាំ២០២៣ បើទោះបីលោកចប់អាណត្ដិទីពីរហើយក្ដី។ ការព្រួយបារម្ភបានកើតឡើងកាន់តែខ្លាំង បានរម្ភខ្លាចការផ្លាស់ប្ដូរនេះធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៅចិន ទាំងនយោបាយ សេដ្ឋកិច្ច និងសន្ដិសុខសង្គម។
តើលោស៊ី ជីនពីងពិតជាចង់ឲ្យចិនស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សតែម្នាក់ដូចសម័យកាល របស់ លោកម៉ៅ សេទុងឬយ៉ាងណា?
ទោះបីលោកស៊ីមិនបានបញ្ជាក់ ប៉ុន្ដែវាហាក់ឆ្លុះបញ្ចាំងឲ្យឃើញរួចទៅហើយពីចេតនាចង់បំប៉ោងអំណាចគ្រប់គ្រងប្រទេស។ ការស្នើធ្វើឡើងដោយគណបក្សកុម្មុយនីស្ដចិន ក្រោមការដឹកនាំរបស់លោក អ្នកវិភាគជាច្រើនរូបបានបញ្ចេញប្រតិកម្ម ព្រោះពួកគេបានឃ្លាំមើលមិនដាក់ភ្នែកពីស្ថានភាពនៅក្នុងប្រទេសចិន។ ក្រុមអ្នកវិភាគលើកឡើងថា គោលបំណងចង់ដកចេញការកំណត់អាណត្ដិប្រធានាធិបតី វាដូចជាការបង្ហាញពីអំណាចផ្ដាច់ការ ហើយអាចជាចំណុចខ្សោយផងដែរ ដែលលោកស៊ីមិនចង់ឲ្យមានគូប្រជែងនយោបាយលេចមុខឡើង។ ធ្វើបែបនេះអាចដឹកនាំប្រទេសចិនទៅជួបបញ្ហាអស្ថរិភាពនៅពេលអនាគត។ លោកស៊ីក៏អាចក្លាយជាមនុស្សងាយរងគ្រោះ ក្នុងកាលៈទេសៈដែលមានវិបត្ដិសេដ្ឋកិច្ចឬនយោបាយការបរទេសកើតឡើង។
លោកMichael Duttonជាសាស្ដ្រាចារ្យទំនាក់ទំនងអន្ដរជាតិនៃសាកលវិទ្យាល័យGoldsmiths University និងលោកRobert Weatherley ជាគ្រូបង្រៀនផ្នែកនយោបាយចិននៅសាកលវិទ្យាល័យ Cambridge បានមើលឃើញដូច្នេះថា ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០១២ លោកស៊ី ជីនពីងបានបង្កើនយុទ្ធនាការប្រឆាំងនិងចាប់ខ្លួនសកម្មជនដែលប្រឆាំងរដ្ឋាភិបាល។ លោកបានបង្ក្រាបយ៉ាងចាស់ដៃលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកដែលបញ្ចេញមតិតាមបណ្ដាញសង្គមនានា។ ក្រុមអ្នករិះគន់ចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំង ហើយក៏ពិបាកជាងមុននៅពេលពួកគេបញ្ចេញទស្សនៈប្រឆាំងបក្សកុម្មុយនីស្ដចិន។ លោកស៊ីកំពុងបង្កើតបរិយាកាសដែលមិនខុសគ្នាប៉ុន្មានឡើយពីលោកម៉ៅ សេទុង។
លោកប្រធានាធិបតីស៊ី ជីនពីងក៏បានពង្រឹងអំណាចនៅជុំវិញខ្លួន ដែលមិនត្រូវបានគេមើលឃើញឡើយ។ លោកស៊ីបានធ្វើរឿងជាច្រើន បើប្រៀបធៀបទៅលោកតេង ស៊ាវពីងជាមេដឹកនាំចិនល្បីឈ្មោះម្នាក់ដែរនោះ គឺខុសគ្នាស្រឡះ។ លោកស៊ីបានតម្រែតម្រង់ផ្លូវនយោបាយរបស់លោក ដោយធ្វើជាប្រធានាធិបតីផងនិងជាអគ្គលេខាធិការបក្សកុម្មុយនីស្ដផង មានអំណាចច្បាស់លាស់ពិតប្រាកដ។ ចំណែកលោកស៊ាវពីងបានដឹកនាំប្រទេសចិនមែន ប៉ុន្ដែគ្មានអំណាចជាក់លាក់ទេ មានន័យថាលោកជាក្រុមប្រឹក្សាយោធា ប៉ុន្ដែលោកមិនមែនជាអគ្គលេខាធិការបក្សឡើយ ក្នុងអំឡុងពេលធ្វើជាមេដឹកនាំកំពូល។
បើគិតតាំងពីលោកម៉ៅ សេទុងស្លាប់ក្នុងឆ្នាំ១៩៧៦ នៅឆ្នាំ១៩៨២ក៏មានការកំណត់អាណត្ដិប្រធានាធិបតី នៅពេលមានបដិវត្ដន៍វប្បធម៌។ អ្នកដឹកនាំជំនាន់ក្រោយបានផ្លាស់ប្ដូរចេញការគ្រប់គ្រងប្រទេសដោយមនុស្សតែម្នាក់ ទៅរកប្រព័ន្ធឯកភាពមួយដែលអំណាចត្រូវបានចែករំលែកដោយមន្ដ្រីគណបក្សមានឋានៈខ្ពស់។ តាំងពីពេលនោះមកការផ្ទេរអំណាចបានធ្វើឡើងជាបន្ដបន្ទាប់ គឺពីលោកប្រធានាធិបតីជាំង ហ្សេមីនទៅលោកហ៊ួ ជីនតាវក្រោយមកទៅលោកស៊ី ជីនពីង សុទ្ធតែបានកាន់តំណែងពីរអាណត្ដិ។
ប៉ុន្ដែនៅក្នុងអាណត្ដិទីមួយរបស់លោកស៊ី បានស្ដែងឲ្យឃើញថាលោកបានខិតខំប្រឹងប្រែងឲ្យមាននិន្នាការពង្រឹងអំណាច។ លោកត្រូវបានប្រកាសជាមេដឹកនាំស្នូលរបស់បក្ស ហើយទស្សនៈរបស់លោកបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងពេលលោកស៊ីកាន់តំណែង លោកបានព្យាយាមយ៉ាងខ្លាំងក្នុងការបង្ក្រាបអំពើពុករលួយ។ មើលតែម្ខាងយុទ្ធនាការនេះពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមចិន តែបើមើលម្ខាងទៀតលោកស៊ីបានព្យាយាមបង្ក្រាបលើគូប្រជែងក្នុងបក្សដែលមានសក្ដានុពល។
គួរបញ្ជាក់ថា ការប្រកាសស្នើសុំលុបចោលការកំណត់អាណត្ដិប្រធានាធិបតីរបស់ចិន ក៏ជាសារមួយប្រាប់ទៅដល់គូសត្រូវថា បុរសខ្លាំងស៊ី ជីនពីងជាមេដឹកនាំគណបក្សកុម្មុយនីស្ដចិននឹងមិនចាកចេញទៅណាឡើយ លោកអាចបន្ដដឹកនាំប្រទេសចិនបានច្រើនឆ្នាំទៀត។ អាមេរិកដែលជាគូប្រជែងធំរបស់ចិនក្នុងពិភពលោក ក៏មិនអាចមើលស្រាលចិនបានដែរ ដ្បិតថាតំណែងមហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងលោកនឹងធ្លាក់ក្នុងកណ្ដាប់ដៃចិនឆាប់ៗ បើអាមេរិកហ៊ានតែប្រហែសមួយពព្រិចភ្នែក៕