១៦​ឆ្នាំ​នៃ​ការ​ហែល​ឆ្លង​ជម្នះ​ឧបសគ្គ​របស់​ស្ត្រី​កវីនិពន្ធ​ពិការ​មួយ​រូប​

24-02-2018 8:38 am 1988
  ស្តាប់
កញ្ញា ពៅ សុផានី (ពាក់អាវក្រហម អង្គុយលើរទេះរុញ) ចូលរួមក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយអង្គការ ADD នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ ។ រូបថតដោយ ADD ។
ស្តាប់ជាសំឡេង

​តើ​លោក​អ្នក​អាច​ស្រមៃ​បាន​ទេ​ថា បើសិនជា​យើង​បាត់បង់​ផ្នែក​ណាមួយ​នៃ​រាងកាយ ក្លាយ​ជា​ជនពិការ តើ​យើង​អាច​នៅ​និយាយ​ដោយ​ញញឹម ឬ​សប្បាយ រីករាយ​បាន​កម្រិត​ណា​? ចុះ​តើ​ជា​អ្វី ដែល​ជនពិការ​ត្រូវការ​ពី​យើង​ក្នុង​នាម​ជា​មនុស្សជាតិ​ដូចគ្នា​? ហើយ​តើ​ជនពិការ​ខ្លួនឯង ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ជម្នះ​ឧបសគ្គ​ទាំងឡាយ ដើម្បី​ស្វែងរក​ស្នាមញញឹម​ក្នុង​ជីវិត​? ចម្ងល់​ទាំងនេះ នឹង​មាន​បកស្រាយ​បង្ហាញ​តាមរយៈ​កិច្ចសម្ភាសន៍​រវាង​ស្ត្រី​កវីនិពន្ធ​ជា​ជនពិការ​មួយ​រូប និង​បុគ្គលិក​វិទ្យុ​វាយោ ដែល​បាន​ចុះ​ទៅ​ជួប​ផ្ទាល់​កាលពី​ពេល​ថ្មីៗ​នេះ ។ សូម​ស្តាប់​សេចក្តីរាយការណ៍ ដែល​រៀបចំ​ជូន​ដោយ​គង់ ឧត្តម ដូចតទៅ​…

​តើ​នៅពេល​ណា​ខ្លះ ដែល​លោកអ្នក​អាចមាន​អារម្មណ៍​សប្បាយរីករាយ​? តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​លោកអ្នក​អាច​បន្ត​ស្នាមញញឹម​របស់​ខ្លួន​ពេញ​មួយថ្ងៃ​? ប្រសិន​បើ​លោក​អ្នកជា​ជនពិការ ទៅលើ​សារពាង្គកាយ​ណាមួយ តើ​អ្នកនឹង​អាចមាន​អារម្មណ៍​សប្បាយរីករាយ​ជា​រៀងរាល់ថ្ងៃ​ទេ​? សំណួរ​ទាំងនេះ អាច​នឹង​ធ្វើឱ្យ​យើង​ពិបាក​ឆ្លើយ​បន្តិច បើសិនជា​យើង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​មាន​ពិការភាព ក៏ប៉ុន្តែ កញ្ញា ពៅ សុ​ផានី ជា​ជនពិការ​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប ស្គាល់ និង​បាន​ស្វែងយល់​ពី​គាត់​តាមរយៈ​កិច្ចសម្ភាសន៍​នាពេល​ថ្មីៗ​នេះ បាន​ស្រាយ​នូវ​ចម្ងល់​ទាំងនេះ​ប្រកប​ដោយ​ភាពជឿជាក់ សប្បាយរីករាយ និង​ពោរពេញ​ទៅ​ដោយ​សុទិដ្ឋិនិយម​នៅក្នុង​សម្តី​របស់​នាង បើ​ទោះបីជា​ខ្លួន​ជា​ជនពិការ​ដោយសារ​ជំងឺ​ពី​កំណើត​មក​ក៏ដោយ ។​

​សុ​ផានី គឺជា​ស្ត្រី​គំរូ​ម្នាក់ ដែល​បាន​ចូលរួម​កែប្រែ​ស្ថានភាព​ការរើសអើង​ជនពិការ នៅក្នុង​សហគមន៍​ដែល​គាត់​រស់នៅ​តាម​រយៈ​ការតាំង​ជំហរ​ដ៏​រឹងមាំ​របស់​នាង ។ ក្នុង​អំឡុង​រយៈពេល​១៦​ឆ្នាំ ដែល​នាង​តែងតែ​ឮ​ពាក្យ​មាក់ងាយ មើលស្រាល ទៅលើ​ពិការភាព​របស់​នាង សុ​ផានី​បាន​ជំនះ​ពាក្យ​ទាំងនោះ រហូត​អាច​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៦ ។ សព្វថ្ងៃ​រទេះរុញ​ដែលជា​មិត្តសម្លាញ់​ដ៏​ស្មោះត្រង់​របស់​នាង ក៏​កំពុង​បន្ត​ជូន​ដំណើរ​សុ​ផានី​ទៅ​បន្ត​ចាប់​យក​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ខ្មែរ ផ្នែក​អក្សរសិល្ប៍ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែរ ។​

​ដោយសារ​តែ​វា​ជាក្តី​ស្រមៃ ស្រឡាញ់ ចូលចិត្ត និង​ចង់​ជំនះ​ឱ្យ​សង្គម​ទាំងមូល​បានឃើញ​ពី​សមត្ថភាព​របស់​ខ្លួន ដែល​ជា​ស្ត្រី​ពិការ សុ​ផានី​បាន​ប្រឹងប្រែង​រុញច្រាន​ខ្លួនឯង រហូត​បាន​ទម្លាយ​សម្រេចបាន​នូវ​ក្តី​ស្រមៃ​របស់ខ្លួន ក្លាយ​ជា​អ្នកនិពន្ធ​សាច់​រឿង​ភាគ​ឯករាជ្យ​មួយ​រូប តាំងពី​នាង​នៅ​រៀន​ឆ្នាំ​ទី​២​មកម្ល៉េះ ។ បច្ចុប្បន្ន ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​របស់​នាង សុ​ផានី​ក៏​បាន​ទទួល​នូវ​ភាពជោគជ័យ​ក្នុង​អាជីព​ជា​អ្នកនិពន្ធ​រឿង​ឯករាជ្យ តាមរយៈ​សាច់រឿង​ជា​ស្នាដៃ​ដំបូង ដែល​ទទួលស្គាល់​ពី​ម្ចាស់​ផលិតកម្ម ក៏​ដូចជា​ទទួលបាន​កា​រ​គាំទ្រ​ពី​អ្នកទស្សនា គឺ​រឿង​កំហឹង​អ្នកស្រុក ដែល​ទើបតែ​បញ្ចប់​ការចាក់​បញ្ចាំង​នៅលើ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ ។​

​សុ​ផានី​បាន​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​នៃ​ការជ្រើសរើស​យក​អាជីព​ជា​អ្នកនិពន្ធ​សាច់​រឿង​ឯករាជ្យ​នេះ ដោយសារ​នាង​គិត​ថា ការងារ​នេះ​វា​ងាយស្រួល សមស្រប​តាម​ភាពជាក់ស្តែង​នៃ​សារពាង្គកាយ​របស់ខ្លួន ពិសេស​វា​គឺជា​ក្តី​ស្រមៃ​របស់​នាង​តាំងតែ​ពី​តូច​មក​ម្ល៉េះ​…
សំឡេង​កញ្ញា ពៅ សុ​ផានី ៖

​ស្ត្រី​វ័យ​២៩​ឆ្នាំ ដែល​មាន​ដើមកំណើត​នៅក្នុង​ភូមិ​ដូង ឃុំ​បល្ល័ង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ រូបនេះ សព្វថ្ងៃ​នាង​ក៏​ជា​សមាជិក​ក្រុម​ជួយ​ខ្លួនឯង ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទឹកដី​ស្រុកកំណើត​របស់​ខ្លួន​ដែរ ។ សុ​ផានី​បាន​អះអាង​ប្រាប់​ខ្ញុំ​ថា បច្ចុប្បន្ន ក្រោយ​មើលឃើញ​ពី​ភាព​ជោគជ័យ​ទៅលើ​អាជីព​ការងារ​របស់​នាង រហូត​ត្រូវបាន​សហគមន៍​របស់​នាង​ចាត់ទុក​នាង​ថា​ជា​ជន​គំរូ តាំងពី​ពេលនោះ​មក នៅក្នុង​សហគមន៍​ដែល​នាង​ធ្លាប់​រស់នៅ ពួកគេ​ក៏​បាន​ចាប់ផ្តើម​មើលឃើញ​ពី​ចំណុច​ខ្លាំង ជាជាង​មើលឃើញ​តែ​ទៅលើ​ចំណុច​ពិការភាព​របស់​សុ​ផានី​ ។

​កញ្ញា ពៅ សុ​ផានី គឺជា​កូនស្រី​ពៅ ក្នុងចំណោម​គ្រួសារ​ដែល​មាន​បងប្អូន​ចំនួន​៧​នាក់ និង​មាន​ឪពុក​ម្តាយ​ជា​កសិករ ។ ពិការភាព​របស់​នាង គឺ​បាន​កើតឡើង​ដោយសារ​ជំងឺ​ប៉ូ​រី​យូ ឬ​ហៅ​ថា ជំងឺ​គ្រុន​ស្វិត​ដៃជើង ដែល​បាន​កើតឡើង​ទៅ​លើ​រូបនាង​តាំងពី​អាយុ​៦​ខែ​មក​ម្ល៉េះ ។ ដោយហេតុតែ​បែបនេះហើយ ឪពុកម្តាយ ក្រុមគ្រួសារ​របស់​នាង តែងតែ​នៅចាំ​ជួយ​ជ្រំ​ជ្រែង​គាំទ្រ​នាង​ជា​និច្ច ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​កត្តា​នេះ​ហើយ បាន​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​រឹងមាំ​ខាង​ផ្នែក​ផ្លូវចិត្ត អាច​ជំនះ​ឧបសគ្គ​ក្នុង​ជីវិត រហូត​ទទួលបាន​ជោគជ័យ​ទាំង​ការសិក្សា និង​អាជីព​ការងារ​…
​សំឡេង​កញ្ញា ពៅ សុ​ផានី ៖

​កាល​ពី​សុ​ផានី​នៅ​ក្មេង នាង​ត្រូវបាន​អ្នក​ភូមិ​មួយ​ចំនួន​ហៅ​នាង​តាម​រូបភាព​នៃ​ពិការភាព​របស់​ខ្លួន បើទោះបីជា​ម្តាយ​ឪពុក​របស់​នាង ហាម​ពួកគេ​យ៉ាងណាក៏ដោយ ក៏​អ្នក​ភូមិ​ទាំងនោះ បាន​ថាឱ្យ​ម្តាយ​ឪពុក​នាង​វិញ​ថា «​បើ​កូន​ខ្វិន​ចឹង ឱ្យ​ហៅ​មី​ចេះ​ដើរ​ទៅ​ហ្អី​?» តែ​ម្តាយ​នាង​សុំ​ឱ្យ​គេ​ហៅ​ឈ្មោះ​នាង ដែល​គាត់​បាន​ដាក់​ឱ្យ ។ ពេលវេលា​ចេះ​តែ​រំកិល​ទៅមុខ នាង​ក៏​នៅតែ​ប្រឈម​ជួប​នឹង​ការរើសអើង ដោយ​ពាក្យ​សម្តី​របស់​អ្នកស្រុក​ភូមិ​ជាមួយគ្នា ដោយសារតែ​ពួកគេ​មិន​បាន​យល់ដឹង​ពី​ពិការភាព និង​សមត្ថភាព​ឱ្យបាន​ច្បាស់ ។​

​សុ​ផានី​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​មួយ​ដែល​មាន​អ្នកជិតខាង​ហៅ​សុ​ផានី​ក្នុង​ភាសា​តាម​រូបភាព​នៃ​ពិការភាព​របស់​នាង សុ​ផានី​បាន​តាំងចិត្ត​ខ្លួនឯង​ថា ថ្ងៃ​ណា​មួយ​នាង​នឹង​ផ្លាស់ប្តូរ​ឱ្យ​អ្នក​ទាំងនោះ ត្រឡប់​ហៅ​ឈ្មោះ​ដែល​ម្តាយ​ឪពុក​របស់​នាង​បាន​ដាក់​ឱ្យ​ទាល់តែ​បាន ហើយ​ពេល​ខ្លះ នាង​ក៏​បាន​ប្រើប្រាស់​សារ​វ៉ៃ​បក ដើម្បី​បង្ហាញ​ពី​ការឈឺចាប់​ទៅ​អ្នក​ទាំងនោះ​វិញ រហូត​ទទួលបាន​ការកែប្រែ​…
​សំឡេង​កញ្ញា ពៅ សុ​ផានី ៖

​ចាប់តាំងពី​ថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់​បរិញ្ញាបត្រ នាង​តែង​ទទួលបាន​នូវ​ពាក្យសម្តី​រើសអើង​ជារឿយៗ​ថា រៀន​ធ្វើ​អី វា​គ្មាន​ប្រយោជន៍​អី​ទេ រៀន​ខាត​តែ​លុយ មិនដឹង​ធ្វើការ​អី​កើត ឈប់រៀន​ទៅ ។ ពាក្យសម្តី​ទាំងនេះ វា​ប្រៀបដូចជា​កាំបិត​ចាក់​ដោត​បេះដូង​របស់​នាង​អ៊ីចឹង តែ​ផ្ទុយទៅវិញ ក្រោយ​ទទួលបាន​ពាក្យ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ ពាក្យ​ដែល​ធ្លាប់​តែ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​រើសអើង​នាង ក៏​បាន​ប្រែ​ក្លាយទៅជា​កម្លាំង​ជំរុញ​រទេះ​ជីវិត​របស់​នាង​ទៅ​មុខ រហូត​បាន​ក្លាយទៅជា​ជន​គំរូ​នៅក្នុង​សហគមន៍​ដែល​នាង​រស់នៅ …
​សំឡេង​កញ្ញា ពៅ សុ​ផានី ៖

​សុ​ផានី បាន​អះអាង​ប្រាប់​ខ្ញុំ​បន្តថា ការ​ចាំ​ជួយ​គាំទ្រ លើកទឹកចិត្ត​ពី​សំណាក់​ក្រុម​គ្រួសារ គឺជា​កត្តា​សំខាន់​បំផុត​សម្រាប់​ជនពិការ ។ ឪពុក​ម្តាយ​របស់​សុ​ផានី បាន​អប់រំ​នាង​និង​បងៗ​របស់​នាង កាល​ពី​កុមារភាព​ថា ត្រូវ​រៀន​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់ ដឹង​ពី​ខ្លួនឯង​ថា​ជា​អ្នក​ណា ដើរ​ទៅ​ផ្លូវ​នោះ គឺ​ប្រាកដជា​មិន​ខុស​ទេ ។ ដោយ​ទទួលបាន​ពាក្យ​អប់រំ បែបនេះហើយ នាង​ក៏​អាច​ស្វែងរក​ផ្លូវ​ដើរ​ខ្លួនឯង ប្រកប​ដោយ​សុភមង្គល​ដូច​សព្វថ្ងៃនេះ ។ 

​ទៅ​ថ្ងៃ​ខាង​មុខ​ទៅ សុ​ផានី​ប្រាប់​ខ្ញុំ​ថា បើសិនជា​អាច នាង​មាន​បំណង​ចង់​បង្កើត​មូលនិធិ​ជួយ​ដល់​ជនពិការ​ដទៃទៀត ដើម្បី​ឱ្យ​ពួកគេ​មាន​ភាពរឹងមាំ អាច​ជួយ​ខ្លួនឯង​បាន តាមរយៈ​ការផ្តល់​ចំណេះ ជំនាញ​ផ្សេងៗ ។ សុ​ផានី ប្រាប់ថា បើសិន​ជា​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ណា​ដែល​មាន​កូន​ជា​ជនពិការ គួរ​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​អាច​ទទួលបាន​នូវ​ការអប់រំ​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​ជា​ទុន​ជំរុញ​ដំណើរ​ជីវិត​របស់​ពួកគេ​ទៅ​មុខ​…
​សំឡេង​កញ្ញា ពៅ សុ​ផានី ៖​

ព័ត៌មានផ្សេងទៀត