ជាប់គាំង​កន្ត្រក​យោង​ដ៏​ពេញនិយម​នៅ​ម៉ាឡេស៊ី​ផ្អើល​អ្នកទេសចរ​រាប់រយ​នាក់​

19-02-2018 10:40 am 2449

​បញ្ហា​បច្ចេកទេស ​នៅ​កន្លែង​កម្សាន្ត​កន្ត្រកយោង​ខ្សែកាប​មួយកន្លែង បាន​ធ្វើឲ្យ​មនុស្ស​ជាង​៨០​នាក់ ជាប់​នៅក្នុង​កន្ត្រក​ខ្សែកាប និង​រាប់រយ​នាក់​ផ្សេង​ទៀត ជាប់គាំង​ទៅណា​មិន​រួច​។ ករណីនេះ បាន​កើតឡើង កាលពី​យប់​ថ្ងៃ​អាទិត្យ នៅ​កោះ​ទេសចរណ៍ ឡាំង​កា​វី (Langkawi) ភាគ​ខាងជើង ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​ប្រភព​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា ក្រុម​ការងារ​បច្ចេកទេស បាន​ចំណាយពេល​ប្រមាណ ០៥​ម៉ោង ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ និង​សង្គ្រោះ​មនុស្ស​សរុប​ចំនួន ៩៦០​នាក់ ព្រមទាំង​បុគ្គលិក ៧៨​នាក់​។​

​គួរ​ជម្រាប​ថា យាន​កន្ត្រក​ខ្សែកាប សម្រាប់​ជិះ​កម្សាន្ត​នេះ មាន​ប្រវែង ២.២​គីឡូម៉ែត្រ ដោយ​ស្ថានីយ​ខាង​លើ​របស់​វា ស្ថិត​នៅ​កម្ពស់ ៧០៨​ម៉ែត្រ ពី​លើ​កម្រិត​នីវ៉ូ​ទឹកសមុទ្រ​៕

ព័ត៌មានផ្សេងទៀត