«Go Green » កម្មវិធី​ទូរស័ព្ទ​បង្កើត​ដោយ​ជនបរទេស​ដើម្បី​បរិស្ថាន​កម្ពុជា​

18-02-2018 9:58 am 2339
  ស្តាប់
កញ្ញា ណា​តា​លី រូ​ឌី​អូ​ណូវ៉ា (Nataly Rodionova) អាយុ​៤០​ឆ្នាំ មកពីសាធារណរដ្ឋ​ឡា​ត​វី (Latvia) ជាអ្នកផ្ដើមគំនិតបង្កើតកម្មវិធីទូរស័ព្ទ «Go Green»។
ស្តាប់ជាសំឡេង

​ពលរដ្ឋ​កម្ពុជា​មួយចំនួន នៅតែ​មិន​ព្រម​កែ​ទម្លាប់​ចោល​សំរាម​នៅ​តាម​ទីសាធារណៈ​។ ជា​រៀងរាលថ្ងៃ គេ​សង្កេតឃើញ​ថង់ប្លាស្ទិក កាកសំណល់​ផ្សេងៗ នៅ​រាយប៉ាយ​តាម​ចិញ្ចើម​ផ្លូវ តាម​សួន​សាធារណៈ តាម​ផ្សារ តាម​ឆ្នេរសមុទ្រ និង​នៅតាម​តំបន់​ទេ​ចរណ៍​នានា​ជាដើម​។ បញ្ហា​នេះ​ត្រូវបាន​កញ្ញា ណា​តា​លី ជា​ជនបរទេស​ម្នាក់​រស់នៅ​កម្ពុជា ផ្តួចផ្តើម​គំនិត​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​មានឈ្មោះ​ថា «Go Green» ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ ចង់ដឹងថា​តើ​កម្មវិធី​ទូរស័ព្ទ​នេះ ដំណើរការ និង​ប្រើប្រាស់​ដោយ​របៀប​ណា​នោះ ជា​បន្ត​សូម​ស្ដាប់​នាទី​បទ​យកការណ៍​ដែល​រៀបចំ​ជូន​ដោយ ទ្រី សី​ហៈ ដូចតទៅ​។​

សំរាមនៅលើសួនសាធារណៈក្នុងរាជធានីភ្នំពេញ។ រូបថត៖ ទ្រី សីហៈ

​ចំណាយពេល​២​ឆ្នាំកន្លះ​រស់​នៅក្នុង​ប្រទេស​កម្ពុជា កញ្ញា ណា​តា​លី រូ​ឌី​អូ​ណូវ៉ា (Nataly Rodionova) អាយុ​៤០​ឆ្នាំ បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ ដំបូង​ឡើយ​ស្ត្រី​មាន​ស្រុកកំណើត​នៅ​ឯ​សាធារណរដ្ឋ​ឡា​ត​វី (Latvia) រូបនេះ បាន​បង្កើត​ចលនា​មួយ​ឈ្មោះថា «Go Green Cambodia» ដែល​បាន​ប្រមែប្រមូល​យុវជន​ស្ម័គ្រចិត្ត រើស​សំរាម​នៅតាម​ទីសាធារណៈ​។

​នៅ​ពេល​ថ្មីៗ​នេះ​កញ្ញា ណា​តា​លី ទើបបាន​សម្រេច​កិច្ចការ​ថ្មី​មួយទៀត​គឺ ការបង្កើត​កម្មវិធី​ទូរស័ព្ទ មានឈ្មោះ​ថា «Go Green » ដែល​ទើប​បាន​ដាក់​ម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក អៀង​⁣ អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ និង លោកស្រី ងិន លី​ណា អគ្គនាយក នៃ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​។​

​កញ្ញា ណា​តា​លី ពន្យល់ថា «Go Green » ជា​កម្មវិធី​ទូរស័ព្ទ អនុញ្ញាត​អោយ​អ្នកប្រើប្រាស់ រាយការណ៍​អំពី​កន្លែង​ដែល​ពួកគេ​បាន​ទៅ​ដល់​ថា​តើ​ទី​នោះ មាន​បរិស្ថាន​ស្អាត​ឬទេ ឬ​មួយ​ក៏​ខ្វះ​ធុង​ដាក់​សំរាម​ជាដើម។

«​ឥឡូវនេះ​កម្មវិធី​គឺ​ដាក់ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ សម្រាប់​ទូរស័ព្ទ Android ដោយ​គ្រាន់តែ​ដោ​ន​លោត «Go Green» ដាក់​លើ​ទូរស័ព្ទ​។  របៀប​ប្រើប្រាស់ គឺ​នៅ​ពេល​អ្នកឃើញ​ផ្លូវ​ណា​មួយ​មិន​ស្អាត ហើយ​អ្នក​មិន​ពេញចិត្ត អ្នក​អាច​ដាក់​សញ្ញា​សម្គាល់​មួយ​នៅ​លើ​ផែនទី ជាមួយ​សញ្ញា​មិន​សប្បាយចិត្ត ដើម្បី​រាយការណ៍​ថា កន្លែង​នោះ​គ​គ្រិច​។ ប្រសិនបើ​អ្នក​ឃើញ​ថា​ផ្លូវ ឬ​តំបន់​ណាមួយ​ស្អាត​ល្អ អ្នក​ក៏​អាច​រាយការណ៍ ថា​អ្នក​ពេញចិត្ត​បរិស្ថាន​នៅ​កន្លែង​នោះ​។ ប្រសិនបើ​អ្នក​គិតថា តំបន់​ណា​មួយ មិន​មាន​ធុងសំរាម​គ្រប់គ្រាន់ អ្នក​អាច​រាយការណ៍​ថា តំបន់​នោះ​ត្រូវការ​ធុងសំរាម​បន្ថែម​។ ដូច្នេះ​យើង​អាច​ទទួលបាន​ផែនទី​នៃ​ទីក្រុង​ភ្នំពេញ និង​អាច​វាយតម្លៃ​ថា បរិស្ថាន​ទីក្រុង​ភ្នំពេញ​ស្អាត ឬ​មិន​ស្អាត​។ យើង​ក៏​អាច​ដឹង​ទៀតថា តើ​កន្លែង​ណា​ដែល​ត្រូវការ ធុងសំរាម​បន្ថែម​។ កម្មវិធី​ទូរស័ព្ទ​នេះ​បង្កើត​ឡើង​សម្រាប់​ប្រជាជន​ទូទៅ ប្រសិនបើ​មាន​មនុស្ស​ប្រើ​ច្រើន​យើង នឹង​អាច​ទទួល​ទិន្នន័យ​បាន​ច្រើន​»​។

​នៅពេល​សួរ​ថា តើ​កញ្ញា​នឹង​ប្រើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​កម្មវិធី​ទូរស័ព្ទ​ដោយ​របៀប​ណា ដើម្បី​ជួយ​ដល់​បរិស្ថាន​? កញ្ញា ណា​តា​លី ឆ្លើយថា៖

«​យើង​បាន​ចុះ​អនុសារណៈ​ជាមួយ​ក្រសួង​បរិស្ថាន ក៏ដូចជា​សាលាក្រុង​ភ្នំពេញ ដូច្នេះ​យើង​នឹង​បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួង ដើម្បី​ឲ្យ​ពួកគេ​អាច​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​បរិស្ថាន​ប្រសើ​ឡើង​។ ដោយសារ​តែ​គ្រប់គ្នា ទាំង​ក្រសួង និង​សាលាក្រុង ចង់​ឲ្យ​ភ្នំពេញ​ជា​ទីក្រុង​ស្រស់ស្អាត ហើយ​កម្មវិធី​ទូរស័ព្ទ​នេះ ក៏​អនុញ្ញាតិឲ្យ អ្នកបង្កើត​ព្រឹត្តិការណ៍​សម្អាត​នៅ​តំបន់​ណា​មួយ​ផងដែរ ឧទាហរណ៍ អ្នក​ចង់​សម្អាត​នៅក្នុង​សហគមន៍ ឬ​សាកលវិទ្យាល័យ អ្នក​អាច​អញ្ជើញ​មិត្តភក្ដិ ឬ​អ្នក​ជិតខាង ដើម្បី​ចូលរួម​សម្អាត​ទាំងអស់គ្នា​»​។​

​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​កម្ម​វិធី «Go Green» ឲ្យដឹងទៀតថា ក្រៅ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ម្នាក់ៗ​ដើរ​តួនាទី​សំខាន់ ក្នុង​ការលើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា​។ កញ្ញា ពន្យល់ថា នៅពេល​មាន​ន​ណារ​ម្នាក់ រាយការណ៍​អំពី​សំរាម​នៅ​កន្លែង​ណាមួយ នៅ​លើ​កម្មវិធី​«Go Green» នោះ​អ្នកប្រើប្រាស់​ផ្សេងទៀត ក៏​អាច​ទទួលបាន​ពត៌មាន​នោះដែរ ដែល​ពួកគេ​អាច​រួមគ្នា​ទៅ​រើស​សំរាម និង​សម្អាត​នៅ​ទីនោះ​បាន​។​

 «​ពួក​យើង​អាច​រើស​សំរាម​នៅ​តាម​ផ្លូវ​បាន​ដោយ​ខ្លួន​យើង មិនចាំបាច់​តែ​សាលាក្រុង ឬ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទេ​។ នេះ​គឺ​អ្វី​ដែល​ពួក​យើង​ចាប់ផ្តើម​ធ្វើ ដូចជា​ចលនា «Go Green Cambodia»​។ គ្រាន់តែ​សកម្មភាព​រើស​សំរាម​នៅ​តាម​ផ្លូវ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ បាន​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ​យ៉ាងច្រើន វា​មានន័យថា យើង​មិន​អាច​រង​ចាំតែ​សាលាក្រុង ឬ​ក្រសួង​នោះទេ​។ វា​នឹង​ល្អ​ខ្លាំងណាស់ ប្រសិនបើ​មនុស្ស​កាន់តែ​ច្រើន​ចូលរួម​ធ្វើ​សកម្មភាព ហើយ​ចាប់ផ្ដើម​ធ្វើ​អ្វីមួយ ដោយ​មិន​រងចាំ​នរណា​មក​ធ្វើ​មុន​នោះ​ទេ​»​។​

​កញ្ញា ណា​តា​លី បានលើកឡើង​ពី​ដើមហេតុ ដែល​នាំ​ឲ្យ​កញ្ញា​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ជួយ ដល់​បរិស្ថាន​នៅ​កម្ពុជា​ថា កញ្ញា​ចង់ឲ្យ​កម្ពុជា ជា​ពិសេស​ទីក្រុង​ភ្នំពេញ ក្លាយជា​ទីក្រុង​បៃតង ដូចជា​សាធារណរដ្ឋ​ឡា​ត​វី ដែល​ជា​ប្រទេស​តូច​មាន​ប្រជាជន​តែ​២​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ មាន​បរិស្ថាន​ស្អាត។

 «​ខ្ញុំ​មក​ពី​អ៊ឺរ៉ុប ប្រទេស​ខ្ញុំ​ជា​ប្រទេស​តូច​មួយ ប៉ុន្តែ​យើង​មាន​មោនភាព​ដែល ប្រទេស​យើង​ជា​ប្រទេស​បៃតង​មួយ នៅក្នុង​តំបន់​អ៊ឺរ៉ុប​។ នៅ​ពេល​ខ្ញុំ​មក​កម្ពុជា ខ្ញុំ​ពិតជា​ចាប់អារម្មណ៍ ចំពោះ វប្បធម៌ និង​ធម្មជាតិ​ស្រស់ស្អាត ប៉ុន្តែ​គួរឲ្យ​សោកស្ដាយ ដែល​ខ្ញុំ​បានឃើញ​សំរាម​យ៉ាងច្រើន នៅលើ​ផ្លូវ​។ ខ្ញុំ​បាន​គិតថា តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ជួយ​ដល់​បញ្ហា​នេះ​។ ជា​សំណាងល្អ​ខ្ញុំ​មាន​មិត្តភក្ដិ ដែល​គាំទ្រ​គំនិត​ខ្ញុំ ហើយ​ពួក​យើង​បាន​ចាប់ផ្តើម​ធ្វើ​វា​។ អ្វី​ដែល​ជម្រុញ​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​ជឿថា ការផ្លាស់ប្ដូរ​វិជ្ជមាន​មួយ​គឺ​ផ្ដើមចេញ​ពី​ពួកយើង​»​។

​កញ្ញា ណា​តា​លី អះអាងថា ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​ថង់ប្លាស្ទិក​ច្រើន ប៉ុន្តែ​ពួកគេ​មិន​បាន​យល់​ច្បាស់ អំពី​ផលប៉ះពាល់​នោះទេ​។ កញ្ញា បន្ត​ថា​ការកាត់បន្ថយ​ការប្រើ​ថង់ប្លាស្ទិក ពិតជា​មាន​សារៈសំខាន់​ណាស់ ចំពោះ​បរិស្ថាន​។​

 «​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ប្លា​ស្ទិក​ច្រើន ប្រើ​ប្រៀបធៀប​ទៅ​ប្រជាជន​អ៊ឺរ៉ុប​គឺ​ច្រើន​ជាង​ដល់​ទៅ​៥​ដង​។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ ព្យាយាម​ប្រើ​ថង់​តិច​ជាង​មុន នៅពេល​ទៅ​ផ្សារ ប្រាប់​ទៅ​អ្នកលក់​ថា ទេ​អរគុណ​ហើយ ខ្ញុំ​មិន​ត្រូវកា​រថង់​ទេ ឬ​ក៏​ប្រើ​តែ​មួយ​បាន​ហើយ ឬ​អាច​ប្រើ​កន្ត្រក​ពី​ផ្ទះ​ទៅ​។ ទី​ពីរ​ប្រជាជន​ប្រហែល​ជា​មិន​យល់​ទេ​ថា ប្រសិនបើ​ចោល សំរាម​នៅ​លើ​ផ្លូវ​នោះ​វា​នឹង​មិន​បាត់​ទៅ​ណា​នោះទេ​។ ដូច្នេះ​ខ្ញុំ​គិតថា ត្រូវការ​ការអប់រំ​បន្ថែមទៀត ដើម្បី​បន្ថយ​ការប្រើ​ថង់ប្លាស្ទិក ឬ​ប្រើ​ថង់ប្លាស្ទិក​ចាស់ៗ​ឡើងវិញ​»​។

​ចំណាយ​ពេល​រស់​នៅ និង​ធ្វើកា​រលើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា​ជាង​២​ឆ្នាំ កញ្ញា ណា​តា​លី កត់សម្គាល់ថា មាន​ការវិវត្ត​វិជ្ជមាន​មួយចំនួន​ចំពោះ​បរិស្ថាន​នៅ​កម្ពុជា ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ផងដែរ​។

 «​ខ្ញុំ​គិតថា​វា​គ្រាន់បើ​ហើយ ដំបូង​គេ​ខ្ញុំ​ឃើញ​មាន​ធុងសំរាម​ច្រើន​ជាង​មុន ខ្ញុំ​ឃើញ​មាន​ការប្រមូល​សំរាម​តាមផ្លូវ​ច្រើនជាង​មុន សំរាម​តាម​ដងផ្លូវ​ក៏​មាន​តិច​ជាង​មុន ពិសេស​នៅ​ភ្នំពេញ​។ មាន​ការផ្លាស់ប្ដូរ​វិជ្ជមាន​ច្រើន​។ អ្វី​ដែល​សំខាន់​បំផុត តាមរយៈ​ចលនា «Go Green Cambodia» ខ្ញុំ​បាន​ជួប​យុវជន​កម្ពុជា​ជាច្រើន ដែល​ខ្វល់ខ្វាយ​អំពី​បរិស្ថាន​។ ពួកគេ​យល់​ច្បាស់​អំពីសារៈសំខាន់ ក្នុងការ​ថែរក្សា​បរិស្ថាន​។ ទន្ទឹម​នឹង​ការ​បើ​ល​ឃើញ​ភាព​វិជ្ជមាន​ទាំងនេះ ខ្ញុំ​ក៏​មើលឃើញ​បញ្ហា​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ​»​។​

​គួរបញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទ «Go Green » របស់​កញ្ញា ណា​តា​លី បាន​ទទួល​ជំនួយ​ផ្នែក​បច្ចេកទេស ពី​អង្គការ​InSTEDD iLab Southeast Asia​។ កញ្ញា​រំពឹងថា កម្មវិធី​ទូរស័ព្ទ​នេះ នឹង​ក្លាយជា​បណ្តាញ​ទំនាក់ទំនង​គ្នា រវាង​អ្នក​ស្រលាញ់​បរិស្ថាន ដើម្បី​រួមគ្នា​ធ្វើឲ្យ​បរិស្ថាន​នៅ​កម្ពុជា​មាន​ភាពប្រសើរឡើ​ង​៕


ព័ត៌មានផ្សេងទៀត