អំពៅខ្មៅ ក្នុង​ជំនឿ​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម​

17-02-2018 9:59 am 1262
  ស្តាប់
ពលរដ្ឋជាប់សែស្រឡាញចិន នាំគ្នាប្រជ្រៀតចូលក្នុងរោងលោកតាធំ ក្រោយទិញអំពៅខ្មៅ ពីខាងក្រៅរួចរាល់ កាលពិថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។ រូបថតដោយ៖ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​អំពៅខ្មៅ ត្រូវបាន​អ្នក​ជាប់សែស្រឡាយ​ចិន​នៅ​ស្រុក​ខ្មែរ និយម​យក​ដាក់​តាំង​មុខ​ខ្លោងទ្វារ​ចូល​ផ្ទះ ក្រោយ​យកទៅ​ថ្វាយ​ដល់​លោកតា​ធំ ។ ការ​ពាំនាំ​វត្ថុ​ចេញ​ពី​រោង​លោកតា​ធំ ទៅ​ដាក់​ចូល​ក្នុងផ្ទះ​ទាំងនេះ គេ​មាន​ជំនឿ​ថា នឹង​អាច​នាំមក​នូវ​លាភ​សំណាង ជួយ​ចម្រុងចម្រើន​ចំពោះ​ការប្រកប​របរ​រកស៊ី ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​ពេញ​មួយ​ឆ្នាំ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម...

​នៅតាម​ផ្លូវ​នានា ក្នុង​ទីក្រុង​ភ្នំពេញ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​បានប្រែក្លាយ​ទៅជា​ផ្លូវ​ដែល​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​ចរាចរណ៍​ក៏​ពុំ​សូវ​មាន​ការកកស្ទះ​ដូច​សព្វដង ។ យានយន្ត​គ្រប់​ប្រភេទ​បាន​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ដោយ​ស្រឡះ​ល្អ នៅ​ថ្ងៃ​ប្រារព្ធ​ពិធី  ។ អ្វី​ដែល​ជា​ការចាប់អារម្មណ៍ នៅ​តាម​ផ្លូវជាតិ​លេខ​២ ពី​តំបន់​ក្រុង​តាខ្មៅ មក​ក្រុងភ្នំពេញ យើង​សង្កេតឃើញ​មាន​ម៉ូតូ រ៉ឺម៉ក​កង់​បី ពិសេស​គឺ​រថយន្ត​ទាំង​ធំ និង​តូច​មួយ​ចំនួន បាន​ដឹក​អំពៅខ្មៅ​មួយ​បាច់ ទៅ​ពីរ​បាច់ ដោយ​មាន​ភ្ជាប់​នូវ​ធូប​ដែល​កំពុង​ឆេះ​ហុយផ្សែង​ហោះហើរ​តាម​ល្បឿន​ខ្យល់​ស្របពេល​យានយន្ត​កំពុងធ្វើដំណើរ ។​

​តាមពិតទៅ ទីតាំង​ដែល​ពួកគាត់​បាន​ទៅយក​ដើម​អំពៅខ្មៅ និង​ធូប​នោះ គឺ​ស្ថិតនៅ​រោង​លោកតា​ចិន​មួយកន្លែង ហៅ​លោកតា​ធំ ឈ្មោះ​ប៉ោ​សែ នៅតាម​ផ្លូវ​មាត់ទន្លេ ផ្លូវ​លេខ​២១A សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។ វា​មាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ស្ពាន​អាកាស​ក្បាលថ្នល់ ឬ​អតីត​រង្វង់​មូល​ក្បាលថ្នល់ និង​មាន​ទីតាំង​នៅ​ខាងស្តាំ​ដៃ ។ នៅ​រោង​លោកតា​ចិន​នោះ គឺ​ជាទី​គោរព​បូជា​មួយ​កន្លែង ដែល​គេ​ជឿថា លោកតា​មាន​ឫទ្ធិ បារមី ស័ក្ដិសិទ្ធិ ខ្លាំងពូកែ​ជាងគេ​នៅ​ស្រុក​ខ្មែរ ដោយហេតុនេះ​ហើយ ទើប​គេ​ហៅ​រោង​លោកតា​ថា លោកតា​ធំ ។​

​ឱ្យតែ​ដល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម​ម្តងៗ តំបន់​នោះ ស្ទើរ​រក​ផ្លូវ​ដើរ​ពុំរួច ដោយហេតុតែ​ប្រជាពលរដ្ឋ​ដែល​មាន​សែស្រឡាយ​ជាប់​ចិន តែង​ទៅរក​ទិញ​ដើម​អំពៅខ្មៅ ដែល​គេ​ដាក់លក់​ចំ​ពីមុខ​រោង​លោកតា​ធំ ដោយ​មាន​ចងភ្ជាប់​ជាមួយនឹង​ផ្លែ​មែក​ទទឹម មែក​ផ្លែ​មៀន ហើយ​ខ្លះ​ទៀត​ក៏​មាន​ចងភ្ជាប់​ក្រូចថ្លុង​ក៏មាន ។ គេ​ជឿ​ថា ការទិញ​អំពៅខ្មៅ និង​ផ្លែឈើ​ដែល​ភ្ជាប់​ជាមួយ​ខាង​លើ ដាក់​ថ្វាយ​លោក​តា រួច​នាំយក​មក​ចូល​ផ្ទះ​វិញ នោះ​នឹង​អាច​នាំមក​នូវ​លាភ សំណាង ដល់​ក្រុមគ្រួសារ​ពេញ​មួយឆ្នាំ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ។​

​ចាប់​ពី​ខាងក្រៅ​រោង រហូត​ដល់​ក្នុង​រោង​លោកតា គឺ​ពោរពេញ​ទៅដោយ​អាជីវករ​លក់​សម្ភារៈ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំចិន​វៀតណាម ដែល​មាន​ជាអាទិ៍ អំពៅខ្មៅ ផ្លែ​ទទឹម​ដែល​ជាប់​មែកធាង ផ្លែ​មៀន ផ្លែ​ក្រូចថ្លុង ក្រូច​ឃ្វិច ក្រដាស​យ័ន្ត​សម្រាប់​យក​ទៅ​ដុត​បូជា​ក្នុង​រោង ធូប​ដែលមាន​គ្រប់​ប្រភេទ ចាប់តាំងពី​តូច​ប្រវែង​មួយ​ចំអាម​កន្លះ រហូត​ដល់​ធំ​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ​ក៏មាន ។ លើសពីនេះទៅទៀត ក៏​មាន​សេវា​ដុត​ធូប និង​លក់​សត្វ​បក្សី​ដើម្បី​ដោះលែង នៅក្នុង​ទីធ្លា​រោង​ដែរ ។​

​ខ្ញុំ​បាន​ប្រជ្រៀត​ចូលទៅ​ក្នុង​ទីតាំង​ដែល​គេ​កំពុង​បញ្ឈរ​ដើម​អំពៅខ្មៅ គឺ​នៅ​ចំ​កណ្តាល​រោង​លោកតា​ធំ​តែម្តង ។ អ្នកខ្លះ​ក៏​លីសែង​ដើរចូល​ទៅក្នុង​រោង​ដោយ​ខ្លួនឯង ឯ​អ្នកខ្លះ​ទៀត ក៏​មាន​ក្មេងៗ​ជួយ​លី សែង​ចូល​ទៅក្នុង​រោង​ធ្វើ​ពិធី និង​សែង​ទៅ​ដាក់​ចង​នៅ​យានយន្ត​ពេល​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ថ្លៃឈ្នួល​ពី​៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល ក្នុង​ម្នាក់​។​

​អ្វី​ដែល​ខ្ញុំ​បានឃើញ ពលរដ្ឋ​ដែល​បាន​ចូល​មក​ធ្វើ​ពិធី​ក្នុង​រោង​លោកតា​ធំ បន្ទាប់ពី​យក​ធូប មាន​ធំ មាន​តូច តាម​តម្រូវការ​របស់​ខ្លួន​ទៅ​ដុត និង​ដាក់​ក្នុង​ជើងធូប​ដែល​មាន​ទំហំ​រង្វង់​មាត់​ប្រមាណ​មួយ​ម៉ែត្រ​គ្រប់ៗ​គ្នា រួច​ទើប​ចូលទៅ​ក្នុង​រោង​លោកតា ធ្វើ​ពិធី​បន់ស្រន់ សុំ​សេចក្តីសុខ​ចម្រុងចម្រើន សំណាង​ល្អ​រកស៊ី​មានបាន ពី​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចូលមក​ដល់ ។ បន្ទាប់​ពី​បន់ស្រន់​ចប់ ពួកគេ​ក៏​យក​ធូប​ដែល​ដុត​ដោត​ទុក​ក្នុង​ជើងធូប​របស់​លោកតា​ធំ​មក រួច​ឈរ​រង់ចាំ មើល​ក្រុម​ម៉ុង​សាយ​លោត​ឡក​ញាក់​តាម​ចង្វាក់ភ្លេង​ស្គរ​ដែល​កំពុង​វាយ ។ ម្ចាស់​អំពៅ តម្រូវ​ឱ្យ​ដាក់​អាំង​ប៉ាវ​ជាប់​នៅ​នឹង​ចុង​អំពៅ កៀប​ជាប់​ដើម ឬ​កៀប​ជាប់​នឹង​មែក​ទទឹម​ដែល​ចង​ភ្ជាប់​ជាមួយ​នឹង​ចុង​ដើម​អំពៅ​នោះ ដើម្បី​ឱ្យ​ម៉ុង​សាយ​លោត​ឡក​យក​អាំង​ប៉ាវ​នោះ​សិន ទើប​ពួកគេ​ចាកចេញ​ពី​រោង​លោកតា ត្រឡប់ទៅផ្ទះ ដោយ​នាំយក​ទៅ​ជាមួយ​នឹង​ដើម​អំពៅខ្មៅ និង​ធូប​កំពុង​ឆេះ​គ្រប់ៗ​គ្នា ។​

​ការនាំយក​អំពៅខ្មៅ​ពី​រោង​លោកតា ទៅ​ដាក់​ទុក​នៅ​ផ្ទះ គេ​ជឿ​ថា នឹង​អាច​នាំ​លាភ​សំណាង និង​បណ្តេញ​ឧបទ្រព​ចង្រៃ​ចេញពី​ក្រុមគ្រួសារ​របស់​ពួកគេ ។​
​បុរស​ម្នាក់​កំពុង​រៀបចំ​អំពៅ​២​បាច់ មាន​៤​ដើម ចង​ដាក់​លើ​ឡាន​របស់ខ្លួន បាន​ប្រាប់​ខ្ញុំ​ថា អ្នករកស៊ី​ភាគច្រើន ច្រើន​និយម​យក​ដើម​អំពៅ​ទៅ​ដាក់​ទុក​ក្នុងផ្ទះ ដែល​គេ​ជឿថា នឹង​អាចជួយ​ឱ្យ​រកស៊ី​បាន​ធូរធារ​ឡើង​ដូច​ថ្នាំងអំពៅ​…
​សំឡេង ៖

​ស្ត្រី​ចំណាស់​ម្នាក់ មក​ពី​ម្តុំ​ផ្សារ​ទួល​ទំពូង កំពុង​ឈរ​កាន់​ដើម​អំពៅ​១​បាច់ រង់ចាំ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មក​ដឹក​ត្រឡប់ទៅផ្ទះ បាន​ប្រាប់​ខ្ញុំ​ថា គាត់​ជឿថា អំពៅខ្មៅ​អាច​នាំមក​នូវ​សេចក្តីសុខ​ចម្រើន ត្រជាក់ត្រជុំ និង​ភាព​ផ្អែមល្ហែម​ចូលដល់​ក្នុង​ក្រុម​គ្រួសារ …
​សំឡេង ៖

​តាមពិតទៅ ប្រវត្តិ​នៃ​ការនាំយក​អំពៅខ្មៅ ទៅ​ផ្ទះ​ពី​រោង​លោកតា​ចិន​នេះ សម្រាប់​ជនជាតិ​ចិន ក៏​មាន​រឿងព្រេង​តំណាល​មក​ដែរ ។ កាល​ពី​ព្រេងនាយ មាន​គ្រួសារ​មួយ បាន​ប្រារព្ធ​ពិធីសែនព្រេន​បុណ្យចូលឆ្នាំថ្មី នៅ​រោង​អ្នកតា​មួយ ។ លុះ​ចប់​ពិធី​ប្តី​ប្រពន្ធ​នោះ ក៏​វិល​ត្រទ្បប់ទៅផ្ទះ​វិញ ដោយ​កាន់​ដើម​អំពៅ​មួយ​ដើម សម្រាប់​ទុក​ផ្ញើ​កូនៗ​ដែល​ចាំផ្ទះ ។ នៅ​ពេល​ជិត​ទៅ​ដល់​ផ្ទះ គាប់​ជួន​អី ផ្ទះ​របស់​ខ្លួន​ក៏​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ឃើញ​ដូចនេះ បុរស​ជា​ប្តី​កើតក្តី​ភ័យ​ស្លន់ស្លោ​ជាខ្លាំង ខណៈ​ដែល​គាត់​ពុំ​មាន​អ្វី​អាច​ពន្លត់ភ្លើង​កំពុង​ឆាបឆេះ​ទាំងនោះ​បាន គាត់​ក៏​លើក​យក​ដើម​អំពៅ​ដែល​បាន​យក​ពី​រោង​អ្នកតា​ទៅ​ជាមួយ​នោះ គ្រវី​ឡើង​បំណង​វាយ​ពន្លត់ភ្លើង ។ ដោយ​អំណាច​បារមី​នៃ​អំពៅខ្មៅ​ដែល​នាំយក​ពី​រោង​អ្នកតាចិន​ឥទ្ធិពល​អណ្តាតភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ​ក៏​ថមថយ​រហូត​រលត់​អស់​ទាំង​បុរស​នោះ​ពុំ​ទាន់​បាន​វាយ​ពន្លត់​ផង ។ តាំងពី​ពេលនោះ​មក ជនជាតិ​ចិន​ក៏​មាន​ជំនឿ​ថា ដើម​អំពៅ​ដែល​នាំ​យក​ពី​រោង​អ្នកតា​អាច​នាំមក​នូវ​លាភ សំណាងល្អ និង​សុខ​សប្បាយ​ដល់​គ្រួសារ​របស់​ពួកគេ​។​

​ចំណែកឯ​ការនាំយក​ធូប​ដែល​កំពុង​ឆេះ​ពី​រោង​អ្នកតា​ត្រឡប់ទៅផ្ទះ​នោះ ជនជាតិ​ចិន​ជឿថា ធូប​ដែល​ដុត​ដើម្បី​គោរព​ដល់​លោកតា ក្នុង​រយៈពេល​១៥​ថ្ងៃ​ដំបូង នៃ​ខែមាឃ គឺជា​វេលា​ដ៏​ពិសេស​បំផុត ព្រោះ​អ្នកតា​កំពុង​ស្ថិតនៅ​ឋានសួគ៌ ដើម្បី​នាំមក​នូវ​សេចក្តីសុខ លាភ​សំណាង សុខភាព​ល្អ និង​អាច​ជួយ​ចម្រុងចម្រើន​ការប្រកប​របរ​រកស៊ី​ដល់​ពួកគេ គ្រប់ៗ​គ្នា​ពេញ​មួយ​ឆ្នាំ​ថ្មី ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត