វប្បធម៌បរទេស​បន្តវាយលុក​កម្ពុជា ​ក្នុងគ្រា​កម្ពុជាមិន​ទាន់រឹងមាំ​លើវប្បធម៌ខ្លួន​

15-02-2018 3:57 pm 3935
  ស្តាប់
Bayon Temple Faces, Bayon Temple – Angkor, Cambodia
ស្តាប់ជាសំឡេង

នៅក្នុងសម័យមហានគរ ប្រទេសកម្ពុជា ជាមហាអំណាចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វប្បធម៌ អរិយធម៌ខ្មែរនាសម័យនោះ មានភាពថ្កុំថ្កើងរុងរឿងខ្លាំង ជាពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដល់រាជព្រះបាទជ័យវរ្ម័នទី៧។ ប៉ុន្តែក្រោយៗមក កម្ពុជាស្ទើរតែបាត់បង់វប្បធម៌របស់ខ្លួន ព្រោះវប្បធម៌របស់បរទេស ចេះតែបន្តហូរចូលជាបន្តបន្ទាប់ និងជាក្តីបារម្ភសម្រាប់វប្បធម៌ខ្មែរ។ តើនេះដោយសារមូលហេតុអ្វី? តើគួរដោះស្រាយរបៀបណា? សូមស្តាប់បទវិភាគដោយ គួន សំបូរ៖

ដូចដែលបានលើកឡើងខាងលើថា កម្ពុជាធ្លាប់ជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីសម័យមហានគរ។ កាលណោះ អរិយធម៌ខ្មែរ នៅសម័យនោះមានភាពថ្កុំថ្កើងរុងរឿងណាស់ ពិសេសចាប់ពីរាជព្រះបាទជ័យរ័រ្មនទី២ (៨០២-៨៥០) ដល់រាជព្រះបាទជ័យវរ្មនទី៧(១០៨១-១២១៨) និងមានទឹកដីដ៏ធំទូលាយ លាតសន្ធឹងលើទឹកដីនៃប្រទេសថៃបច្ចុប្បន្ន ខាងត្បូងនៃប្រទេសឡាវ ហើយបន្តចុះទៅសមុទ្រចិនខាងត្បូង។

ប៉ុន្តែចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៣មក កម្ពុជាផ្តើមបែកបាក់ផ្ទៃក្នុង និងមានការជ្រៀតជ្រែកពីបរទេស។ មិនយូរប៉ុន្មាន ប្រទេសកម្ពុជា បានឈានដល់កាលៈទេសៈមួយដ៏យ៉ាប់យ៉ឺនក្នុងប្រវតិ្តសាស្ត្រខ្លួន និងបាត់បង់ទឹកដីជាបន្តបន្ទាប់ទៅប្រទេសជិតខាង។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នៅសម័យចុងក្រោយ គឺសង្រ្គាមស៊ីវិលរវាងខ្មែរ និង ខ្មែរគ្នាឯងនៅទសវត្សរ៍ឆ្នាំ១៩៧០ បង្កឱ្យកម្ពុជា ខ្ទេចខ្ទី និងរលត់រលាយនូវវប្បធម៌ នឹងពិបាកក្នុងការស្តារឡើងវិញ។ សង្គ្រាមចុងក្រោយនេះ ក៏បានបំផ្លិចផ្លាញអ្នកប្រាជ្ញខ្មែរស្ទើរតែ អស់ស្រុង។

បើយើងពិនិត្យជារួម ក្រោយសម័យមហានគរមក វប្បធម៌ អរិយធម៌ខ្មែរ ចេះតែបន្តធ្លាក់ចុះជាបណ្តើរៗ ហើយពេលខ្លះស្ទើរនឹងបាត់បង់។ ការធ្លាក់ចុះ ក៏ព្រោះតែសង្គមខ្មែរខ្លួនឯង គ្មានស្ថិរភាព ពោលគឺមានជម្លោះផ្ទៃក្នុង ជាឱកាលឱ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមសម័យកាលនីមួយៗ។ ម៉្លោះហើយ បានជាវប្បធម៌បរទេស ចេះតែបន្តមានឥទ្ធិពលមកលើកម្ពុជារហូតដល់សព្វថ្ងៃ។

តើហេតុអ្វី? យើងសូមទាញអារម្មណ៍មិត្តអ្នកស្តាប់ និងអ្នកអាន ពិនិត្យឡើងវិញនៃប្រវត្តិសាស្ត្រ កម្ពុជា។ ពេលកម្ពុជាឋិតក្រោមអាណានិគមបារាំង អស់ជិតមួយសតវត្សឆ្នាំ(១៨៦៣-១៩៥៣) ឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ប្រទេសបារាំង ត្រូវបានគេនាំចូលមកកម្ពុជា។ ប្រជាពលរដ្ឋខ្មែររួមទាំង អ្នកធំខ្មែរមួយចំនួន ត្រូវបង្ខំចិត្តរៀនភាសាបារាំង និងគោរព តាមការរៀបចំរបស់បារំាង។ មកដល់ទសវត្សរ៍ឆ្នាំ១៩៧០ ធ្លាក់ក្នុងភ្លើងសង្រ្គាមរវាងខ្មែរគ្នាឯង ដោយសារតែការប្រទាញប្រទង់គ្នារបស់មហាអំណាចសេរី និង កុម្មុយនីស្ត រួមទាំងមនោគមវិជ្ជានយោបាយម៉ៅ សេចទុង របស់ប្រទេសចិន។

ក្រោយមកនៅទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាស្ថិតនៅក្រោមឥទ្ធិពលនៃវៀតណាម និង រុស្ស៊ី វប្បធម៌នៃប្រទេសទាំងពីរ បានរាំងខ្ទប់វប្បធម៌របស់ប្រទេសលោកខាងលិច។ នៅទសវត្សរ៍១៩៩០កម្ពុជាទទួលបាននូវសន្តិភាព និងបើកសេដ្ឋកិច្ចទីផ្សារសេរី។ វប្បធម៌ប្រទេសលោកខាងលិច ក៏បាននាំចូលមកកម្ពុជាជាថ្មី ហើយពលរដ្ឋខ្មែរទទួលយកនូវវប្បធម៌របស់មជ្ឍិមប្រទេសដោយមិនដឹងខ្លួន។

ក្នុងអំឡុងឆ្នាំ២០០០ កម្ពុជាក៏ធ្លាប់រងឥទ្ធិពលវប្បធម៌ពីថៃ តាមរយៈខ្សែភាពយន្ត និង អ្នកវិនិយោគ ហើយនៅរយៈពេលចុងក្រោយនេះ គឺឥទ្ធិពលវប្បធម៌ចិន ក៏បានលិចឡើងជាថ្មី ដោយសារទំនាក់ទំនងការទូតយូរអង្វែង និង ទំនាក់ទំនងល្អចាក់ទឹកមិនលិច វាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ធ្វើឱ្យភាសា និងវប្បធម៌ចិន កំពុងឡើង«កូដ»ខ្លាំងមែនទែនក្នុងសង្គមខ្មែរ។

ជាសក្ខីភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបាន និងដូចបានជម្រាប់មកពីខាងលើ ភាពទន់ខ្សោយនៃកម្ពុជាខ្លួនឯង បង្កឱ្យវប្បធម៌ អរិយធម៌របស់ខ្មែរ ចេះតែបន្តធ្លាក់ចុះ និង គ្មានលំនឹង ទើបប្រជាពលរដ្ឋខ្មែរចេះតែទន់ទោរតាមវប្បធម៌ និង មនោគមន៍នយោបាយរបស់បរទេស។ ភាពទន់ទោរនេះ វាអាចបង្កជាគ្រោះថ្នាក់ដល់ប្រទេសផង និង វប្បធម៌ អរិយធម៌ខ្មែរផង។

តែយ៉ាងក្តី វាមិនមែនជារឿងចម្លែកទេសម្រាប់សង្គមមនុស្សក្នុងពិភពលោក។ មិនចម្លែក នៅពេលប្រទេសជាតិខ្សោយ គឺងាយរងឥទ្ធិពលពីមហាអំណាច ឬប្រទេសដែលធំៗ។ កាលសម័យមហានគរ កម្ពុជាក៏ធ្លាប់មានឥទ្ធិពលទៅលើប្រទេសតូចតាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ(ជ្វា ឡាវ នគរចម្ប៉ា)។

ដូច្នេះនិយាយជារួម និងនិយាយជាសកល គឺមានតែការពង្រឹងឱ្យកម្ពុជាខ្លួនឯង មានស្ថិរភាពផ្ទៃក្នុង និង ពង្រីកផ្នែកសេដ្ឋកិច្ច និង យោធាទេ ដែលជាដំណោះស្រាយដ៏ចាំបាច់ សម្រាប់ធ្វើដំណើរឈានទៅរកការពង្រីកនូវ វប្បធម៌ អរិយធម៌ខ្មែរនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងនៅលើពិភពលោក ដូចសម័យមហានគរ។ ប៉ុន្តែដើម្បីឈានទៅរកផ្លូវខាងលើបាន មានតែការបណ្តុះបណ្តាលនូវធនធានមនុស្សប្រកដោយប្រសិទ្ធភាព ប្រជាជនមានភាពវៃឆ្លាត គំនិតច្នៃប្រឌិត ដោយចំណេះជំនាញទើបអាចទៅរួច។

យ៉ាងណាមិញ ដូចសម័យមហានគរ ជាសក្ខីភាពស្រាប់ កិត្យានុភាពរបស់កម្ពុជានាសម័យកាលនោះ គឺដោយសារតែភាពវៃឆ្លាតរបស់ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋខ្មែរទាំងមូល ទើបបានជាបុព្វបុរសខ្មែរអាច សាងសង់ប្រាង្គប្រាសាទក៏អស្ចារ្យជាច្រើន ហើយបន្សល់ទុករហូតបច្ចុប្បន្ន។ ភាពអស្ចារ្យនៃប្រាង្គប្រាសាទខ្មែរទាំងនេះ ធ្វើឱ្យបរទេសកោតសរសើរបុព្វបុរសខ្មែរ ស្ទើរមិនដាច់ពីមាត់ នៅពេលពួកគេឈានជើងជាន់លើ ទឹកដីអង្គរ ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា៕ 

ព័ត៌មានផ្សេងទៀត