"ចលនា​សង្គ្រោះ​ជាតិ"​អាច​បង្ក​ទុក្ខទោស​ដល់​អតីតមន្ត្រី​នៅក្នុង​ប្រទេស​ដែរ​ទេ​?

13-02-2018 6:00 pm 1745
  ស្តាប់
ស្តាប់ជាសំឡេង

​ចលនា​សង្គ្រោះ​ជាតិ ជា​ចលនា​មួយ​ត្រូវបាន​អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្ស៊ី បង្កើតឡើង​នៅ​ក្រៅប្រទេស ដោយ​បានប្រកាសថា នឹង​ទាមទារ​ដោយ​សន្តិវិធី ក្នុង​ការជំរុញ​ឲ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ដោះលែង​អតីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ និង​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ចូលរួម​ការបោះឆ្នោត នៅ​ខែ​កក្កដា​ខាងមុខ​។

​ខ្លឹមសារ​នៃ​ការទាមទារ​ទាំងនេះ ក៏​ត្រូវ​បាន​រំលិច​ឡើង​ជា​ថ្មី នៅក្នុង​លិខិត​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ គោលបំណង និង​មូលហេតុ​នៃ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចែករំលែក​តៗ​គ្នា នៅលើ​បណ្តាញ​សង្គម​។​​ ប៉ុន្តែ​អ្វី​ជា​ការកត់​សម្គាល់ លិខិត​នេះ មិន​ត្រូវ​បាន​បង្ហោះ​ជា​ផ្លូវការ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​លោកសម រង្ស៊ី និង​មន្ត្រី​ផ្សេងៗ​ទៀត ដែល​គាំទ្រ​នូវ​ចលនា​សង្គ្រោះ​ជាតិ​នេះ នោះទេ ។​

​បើទោះបី ជា​មិន​មាន​ការបញ្ជាក់ ជា​ផ្លូវការ​លើ​លិខិត​នេះ ក៏ដោយ ក៏​ប៉ុន្តែ​ខ្លឹមសារ​នៃ​លិខិត​នេះ គឺ​មាន​អត្ថន័យ​ដូច​ទៅ​នឹង​អ្វី ដែល​លោក​សម រង្ស៊ី តែងតែ​លើកឡើង និង​ទាមទារ ពី​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ​ដែរ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​មានប្រសាសន៍ថា ទោះ​ចេញមុខ​ទទួលខុសត្រូវ ឬ​មិន​ចេញ ក៏ដោយ ក៏​គេ​ដឹងថា បុគ្គល សម រង្ស៊ី នេះឯង គឺ​ជា​មេ​ក្បាល​សករាជ​ធំជាងគេ ដែល​តែងតែ​ដឹកនាំ​ញុះញង់ អំពើ​ភេ​រកម្ម​ចូលមក​ប្រទេស​កម្ពុជា​។ លោក​បន្តថា លោក​សម រង្ស៊ី និង​សមាជិក​បក្សពួក​មួយចំនួន ជា​មនុស្ស​ខុសច្បាប់ ដូច្នេះ​ប្រសិនបើ​ជា​មនុស្ស​ខុសច្បាប់ ទៅ​បង្កើត​ចលនា​ណាមួយ ចលនា​នោះ ក៏​ជា​ចលនា​ដែល​ខុសច្បាប់​ផង​ដែរ​។ ដោយឡែក សកម្មភាព នៃ​ចលនា​សង្គ្រោះ​ជាតិ ដែល​បង្កើតឡើង​ដោយ​មនុស្ស​ខុស​ច្បាប់​ទាំងនោះ អាច​ចាត់ទុកជា​អំពើ​ភេ​រកម្ម ដែល​ត្រូវតែ​កម្ចាត់​ចោល ដើម្បី​កុំឲ្យ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​សង្គមជាតិ​។​

​លោក​សុខ ឥសាន បាន​សង្កត់ធ្ងន់ថា ចំពោះ​អតីតមន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការគាំទ្រ និង​ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​ចលនា​សង្គ្រោះ​ជាតិ អ្នក​ទាំងនោះ មិន​ត្រឹមតែ ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​នឹង​មាន​ទោស​បន្ថែមទៀត ទៅតាម​ពិរុទ្ធ​ជាក់ស្តែង​។​

​សំឡេង

​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ​ថា ប្រសិនបើ​លិខិត​របស់​ចលនា​សង្គ្រោះ​ជាតិ ជា​លិខិត​ផ្លូវការ​ពិតប្រាកដ​មែន នោះ​គឺជា​ការដាក់បន្ទុក​មក​លើ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​។ លោក​បន្តថា ចំពោះ​ផែនការ​យុទ្ធសាស្ត្រ និង​គោលបំណង របស់​ចលនា​សង្គ្រោះ​ជាតិ​នេះ មិនបាន​ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​ឡើយ គឺមាន​តែ​ធ្វើឲ្យ​ប្រទេ​សដើរ​ថយក្រោយ និង​បង្ក​ភាពវឹកវរ​តែប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​គាំទ្រ​នោះ​ដែរ​។

​អតីតមន្ត្រី​គណបក្សប្រឆាំង​មួយ​នេះ បាន​បញ្ជាក់បន្ថែម​ថា វិធី​ដែល​ល្អ​បំផុត​នោះ គឺមាន​តែ​ការសន្ទនា​នយោបាយ ដោយ​សន្តិវិធី​តែប៉ុណ្ណោះ​។​

​សំឡេង

​លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាង​បន្តថា រូបលោក និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួនទៀត មាន​ការព្រួយបារម្ភ ចំពោះ​ការផ្សារភ្ជាប់​ពួក​លោក​ទៅ​នឹង​ចលនា​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា ចលនា​សង្គ្រោះ​ជាតិ​នេះ អាចមាន​លទ្ធភាព​ជំរុញ ឲ្យមាន​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុ​ជា​នោះទេ​។​

សំឡេង​

​យ៉ាងណាក៏ដោយ ទាក់ទង​នឹង​បញ្ហា​នេះ លោក​សុខ ឥសាន មានប្រសាសន៍​បញ្ជាក់​ថា ច្បាប់​ផ្តន្ទាទោស​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែ​ប៉ុណ្ណោះ មិន​ប៉ះពាល់​ចំពោះ អ្នក​គ្មាន​ទោស​កំហុស​នោះ​ទេ​។ ប៉ុន្តែ​ធ្វើយ៉ាងណា សូម​បង្ហាញឲ្យឃើញ​ពី​ភាពស្អា​ត​ស្អំ​។

សំឡេង​

​សូមបញ្ជាក់​ថា ជា​ចុងក្រោយ លោក​សុខ ឥសាន បាន​ផ្តាំផ្ញើរ​ទៅកាន់​លោក​សម រង្ស៊ី​ថា សូម​កុំ​ស្រមើ​ស្រ​ម៉ៃ​ថា នឹង​មាន​ការដោះលែង​លោក​កឹម សុខា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទោស​ក្បត់ជាតិ​សាសន៍​របស់​ខ្លួនឯង ឲ្យមាន​សេរីភាព និង​កុំ​សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ អាច​រស់​ឡើង​វិញ និង​មាន​មុខ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ឬ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខ​នេះ​ឲ្យសោះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត