បើ​លោក​​គីម ជុង​អ៊ុន​​ឆ្លើយថា​ព្រម ជំនួប​រវាង​​អាមេរិក​​ជាមួយ​​កូរ៉េខាងជើង​​អាច​​សង្ឃឹម​ច្រើន​

13-02-2018 5:53 pm 1392
លោកគីម ជុងអ៊ុន(ឆ្វេង)​​និងលោក​ដូណាល់ ត្រាំ

​បន្ទាប់ពី​ស្ថានភាព​ការណ៍​សន្ដិសុខ​និង​ចំណងទាក់ទង​រវាង​កូរ៉េ​ទាំងពីរ បាន​ល្អប្រសើរ​ជាង​មុន អាមេរិក​ជា​សម្ព័ន្ធមិត្ដ​កូរ៉េខាងត្បូង បាន​សារ​ទរ​យ៉ាងខ្លាំង​។ ដ្បិតថា​អនុ​ប្រធានាធិបតី​អាមេរិក​មិនបាន​ពិភាក្សា​ការងារ​ជាមួយ​ប្អូនស្រី​លោក​គីម ជុង​អ៊ុន ពេលធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងត្បូង ប៉ុន្ដែ​លោក​អនុ​ប្រធានាធិបតី​បានប្រកាស​បើកទ្វារ ស្វាគមន៍​ជានិច្ច​កិច្ចចរចា​ដោយផ្ទាល់​ជាមួយ​កូរ៉េខាងជើង​បើ​គេ​ចង់​។ តើ​ទៅរួច​ទេ​បើ​អាមេរិក​ប្រកាស​បែបនេះហើយ​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​រាយការណ៍​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​កិច្ចពិភាក្សា​៦​ភាគី​មាន​កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន ចិន រុស្ស៊ី និង​អាមេរិក ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ដកខ្លួន​ចេញពី សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​(NPT) ក្នុង​ឆ្នាំ​២០០៣​។ ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៧​កិច្ចពិភាក្សា​បាន​ធ្វើឡើង​៥​ជុំ ដើម្បី​ឆ្ពោះទៅរក​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្ដែ​កិច្ចពិភាក្សា​ទទួលបាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ ទោះជា​លទ្ធផល​តិចតួច តែ​កូរ៉េខាងជើង​ក៏​យល់ព្រម​កាត់បន្ថយ​សកម្មភាព​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែ​រ ដើម្បី​ដោះដូរ​នឹង​ការ​ផ្ដល់ជំនួយ​ជា​ប្រេង ហើយក៏​ដើម្បី​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​និង​ជប៉ុន​ឡើងវិញ​ដែរ​។

​នៅ​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០០៩ រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ​បានកើតឡើង គឺ​កូរ៉េខាងជើង​បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចពិភាក្សា​៦​ភាគី​។ ការដកខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​កូរ៉េខាងជើង​បន្ទាប់ពី​កូរ៉េខាងជើង​បង្ហោះ​ផ្កាយរណប​បរាជ័យ​។ កូរ៉េខាងជើង​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ប្រកាសថា​ខ្លួន​នឹង​បន្ដសកម្មភាព​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​។ កូរ៉េខាងជើង​ថា​គ្រាន់តែ​បង្ហោះ​ផ្កាយរណប​សោះ ហើយ​មិន​ជោគជ័យ​ផង ប៉ុន្ដែ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បែរជា​ថ្កោលទោស​ខ្លួន​ទៅវិញ​។

​គិត​តាំងពី​កូរ៉េខាងជើង​ដកខ្លួន​ចេញពី​ក្រុម​ពិភាក្សា​៦​ភាគី គេ​បាន​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​៦​លើក​។ លើក​ទី​១​នៅ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០០៦ លើក​ទី​២​នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០០៩ លើក​ទី​៣​នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៣ លើក​ទី​៤​នៅ​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៦ លើក​ទី​៥​នៅ​ថ្ងៃទី​០៩​ខែកញ្ញា​ឆ្នាំ​២០១៦ និង​លើក​ទី​៦​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​។ ការ​ធ្វើតេស្ដ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ដែល​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ តែងតែ​ដាក់​បន្ដកន្ទុយ​លើ​កូរ៉េខាងជើង ជុំវិញ​ការអភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​។ ទោះ​មាន​ការទទូច​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​មិន​ព្រម​ចូល​តុ​ចរចា​ជាថ្មី​ឡើយ ហើយ​ការជួប​មុខ​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ក៏​លែង​កើតឡើង​តាំងពី​ពេលនោះ​។

​និយាយ​ពី​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង កាន់តែ​តានតឹង​ខ្លាំង​ឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ឃើញ​កូរ៉េខាងជើង​បង្កើន​សកម្មភាព​នុយក្លេអ៊ែរ​កាន់តែខ្លាំង អាមេរិក​ក៏​ចាប់ផ្ដើម​កៀរគរ​រក​ការគាំទ្រ​ពី​អន្ដរជាតិ ពិសេស​សមាជិក​អចិន្ដ្រៃយ៍​ទាំង​៥​ប្រទេស​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ចាត់វិធានការ​ដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង​។ អាមេរិក​ក៏​សហការ​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​ជា​រៀងរាល់ឆ្នាំ ដោយ​ធ្វើ​នៅ​ឧបទ្វីប​កូរ៉េ​តែម្ដង ជាការ​ពង្រឹងសមត្ថភាព​ទប់​ទល់នឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ផង និង​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​កូរ៉េខាងជើង​ផង​។

ចំណែក​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​យោធា​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង ជា​ការប៉ុនប៉ង​ចង់​ឈ្លានពាន និង​បង្ក​អស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។ រាល់ពេល​សមយុទ្ធ​ចាប់ផ្ដើម កូរ៉េខាងជើង​តែង​ធ្វើតេស្ដ​មី​ស៊ី​ល​ឌឺដង​ទៅវិញ​។ អាមេរិក​ធ្លាប់​ស្នើឲ្យ​កូរ៉េខាងជើង​ចូលតុ​ចរចា ប៉ុន្ដែ​កូរ៉េខាងជើង​ប្រកែក​ដាច់ខាត​។

​ភាព​តានតឹង​កើតឡើង​កាន់តែខ្លាំង នៅពេល​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​។ លោក​ត្រាំ​បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ​ដាក់​លោក​គីម ជុង​អ៊ុន និង​ប្រកាស​ចង់​ប្រើ​យោធា​ប្រឆាំង​កូរ៉េខាងជើង​ផង ក្រោយ​លោក​គីម​ប្រកាស​ធ្វើតេស្ដ​ជោគជ័យ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ដល់​ទឹកដី​អាមេរិក​។ សារ​នេះ​ធ្វើឲ្យ​លោក​ប្រធានាធិបតី​ទប់​កំហឹង​លែង​ចង់​ជាប់ រហូត​ប្រកាស​ចង់​ប្រើ​ជម្រើស​យោធា​ក្នុង​ឆ្នាំ​២០១៧​។​

​ដាច់​ឆ្នាំ​ចាស់​ឆ្លង​ចូលឆ្នាំថ្មី​២០១៨ អ្វីៗ​បាន​ប្រែប្រួល​មិន​នឹកស្មាន​ដល់​។ កូរ៉េខាងជើង​បានប្រកាស​ជួបចរចា​ជាមួយ​កូរ៉េខាងត្បូង ពិភាក្សា​ពិការ​ចូលរួម​ព្រឹត្ដិការណ៍ប្រ​កួ​ត​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង​។ កិច្ច​ពិភាក្សបាន​ធ្វើឡើង​ជាច្រើនលើក ហើយ​ទីបំផុត​កូរ៉េខាងជើង​សម្រេច​បញ្ជូន​អត្ដ​ព​លិក ក្រុម​សិល្បៈ អ្នកគាំទ្រ អ្នកសារព័ត៌មាន និង​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍នេះ​។ លោក​គីម ជុង​អ៊ុន​បាន​បញ្ជូន​ប្អូនស្ដ្រី​បង្កើត​អម​ជាមួយ​មន្ដ្រីជាន់ខ្ពស់ ចូលរួម​បើកព្រឹត្ដិការណ៍​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​ផងដែរ​។

​អ្នកស្រី​គីម យ៉ូ​ជុង​ប្អូនស្រី​លោក​គីម ជុង​អ៊ុង រួមទាំង​គណៈប្រតិភូ​អមដំណើរ បាន​បំពេញ​ទស្សនកិច្ច​ដោយ​ជោគជ័យ​នៅ​កូរ៉េខាងត្បូង និង​បានបង្ហាញ​ភាព​រីករាយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​។ អ្នកស្រី​គីម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​មូន ហើយ​បាន​នាំសារ​ពី​លោក​គីម ជុង​អ៊ុន ដោយ​អញ្ជើញលោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​ម្ដង​។ គណៈប្រតិភូ​កូរ៉េខាងជើង​និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចូល​ទស្សនា​ការប្រគុំ​តន្ដ្រី​របស់​ក្រុម​តន្ដ្រី​កូរ៉េខាងជើង ជាមួយ​ភាព​រីករាយ​យ៉ាង​ក្រៃលែង​។

​ឃើញ​កូរ៉េ​ទាំងពីរ​មាន​ភាពស្និទ្ធស្នាល​ឡើងវិញ អាមេរិក​ជា​សម្ព័ន្ធមិត្ដ​កូរ៉េខាងត្បូង​ក៏ជួយ​ត្រេកអរ​។ ប៉ុន្ដែ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាមេរិក​នៅតែ​បន្ដ​រួម​ដៃ​ជាមួយ​អន្ដរជាតិ​ដាក់​សម្ពាធ​ដដែល​។ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃឃ៍ ផេន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពិធី​បើកព្រឹត្ដិការណ៍​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​ដូចគ្នា​។ លោក​ថែមទាំង​អង្គុយ​ក្បែរ​ប្អូនស្រី​លោក​គីម ជុង​អ៊ុន​ទៀត ប៉ុន្ដែ​លោក​មិនបាន​ពិភាក្សា​ការងារ​អ្វី​ជាមួយ​ទេ​។​

​ទោះបីជា​មិនបាន​ទាក់ទង​គ្នា ប៉ុន្ដែ​លោក​អនុ​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់ថា អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ឯកភាពគ្នា ផ្សារភ្ជាប់​ដំណោះស្រាយ​ការទូត​ជាមួយ​កូរ៉េខាងជើង ក្នុងនោះ​រួមមាន​កិច្ចពិភាក្សា​ដោយផ្ទាល់​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្យុងយ៉ាង​។ ថ្លែងប្រាប់​កាសែត Washington Post ពេល​ធ្វើដំណើរ​ចាកចេញ​ពី​កូរ៉េខាងត្បូង​ត្រឡប់​ទៅ​អាមេរិក​វិញ លោក​ថា​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ដ​រក្សា​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​លើ​កូរ៉េខាងជើង ប៉ុន្ដែ​ស្របពេល​ជាមួយគ្នា​ក៏​បើកទ្វារ​ស្វាគមន៍​កិច្ចពិភាក្សា​បើ​គេ​ចង់​។​

កូរ៉េខាងជើង​មិនទាន់​ឆ្លើយតប​យ៉ាងណា​ឡើយ​ចំពោះ​ការលើកឡើង​នេះ ប៉ុន្ដែ​បើសិន​លោក​គីម ជុង​អ៊ុន​ឆ្លើយ​យល់ព្រម​តែមួយ​មាត់ នោះ​លទ្ធភាព​នៃ​កិច្ចពិភាក្សា​ដោយផ្ទាល់​រវាង​គូសត្រូវ​ទាំងពីរ មានលទ្ធភាព​ខ្ពស់​អាច​នឹង​កើតឡើង​បាន​។ ការអះអាង​បាន​ដូច្នេះ ដោយសារតែ​អាមេរិក​ហាក់​បើកផ្លូវ​ឲ្យមាន​កិច្ចចរចា​រួចទៅហើយ រង់ចាំតែ​ការ​សម្រេចចិត្ដពី​កូរ៉េខាងជើង​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត