សរសៃ​ក្រមា​ដំបូង​សម្រាប់​បំបែក​ឯតទគ្គ​កម្ម​នឹង​ចាប់ផ្តើម​ត្បាញ​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​

13-02-2018 5:22 pm 1062
  ស្តាប់
ប្រធានចលនា GoGoCambodia លោក សាន វឌ្ឍនា ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ នាព្រះមេរុ ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​ក្រមា​ខ្មែរ វែង​ជាង​គេ​នៅលើ​ពិភពលោក សម្រាប់​បំបែក​ឯតទគ្គ​កម្ម នឹង​ចាប់ផ្តើម​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នា​ទីតាំង​សួនច្បារ​នៃ​វាល​ព្រះមេរុ ខាងជើង​ព្រះបរមរាជវាំង ។ យុទ្ធនាការ​នេះ នឹង​បើក​ជា​សាធារណៈ​ដល់ ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ ដើម្បី​អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​ដោយ​ផ្ទាល់​ដៃ​រួមគ្នា ។​

​ប្រធាន​ចលនា GoGoCambodia លោក សាន វឌ្ឍនា ប្រាប់ថា គោលដៅ​នៃ​ការចង់បាន​នៃ​កម្មវិធី គឺជា​ក្រមា​ដែល​វែង​បំផុត​នៅលើ​ពិភពលោក តែ​អ្វី​ដែល​សំខាន់ គឺ​វា​ជា​សក្ខីភាព​មួយ​នៃ​ការចូលរួម​ទាំងអស់គ្នា រវាង​ប្រជាជាតិ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​ជាន់ថ្នាក់ ដោយ​ជឿថា ខ្មែរ​អាច​ធ្វើបាន ហើយ​ទៅ​ថ្ងៃមុខ​ទៀត យើង​ក៏​នៅតែ​អាច​ធ្វើ​បានរួម​គ្នា​តទៅ ទៀត ។ លោក សាន វឌ្ឍនា អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ត្បាញ​ក្រមា​រួមគ្នា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ពលរដ្ឋ​កម្ពុជា​ឱ្យបាន​គ្រប់ៗ​គ្នា និង​ជឿថា​ខ្មែរ​អាច​ធ្វើបាន ។ លោក​បញ្ជាក់​បន្តថា ការចូលរួម​ត្បាញ​បាន​កាន់តែ​ច្រើន​កាលណា នោះ​យើង​នឹង​អាច​បញ្ចប់​ការងារ​តម្បាញ​លឿន​កាលនោះ ។​

​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ត្បាញ​ក្រមា​ដែលមាន​ប្រវែង ១.០០០​ម៉ែត្រ ទទឹង​៩៦​សង់ទីម៉ែត្រ និង​មាន​៦១​ក្រឡា​នេះ នឹង​បើក​ឱ្យ​ពលរដ្ឋ​ទូទៅ​ចូលរួម ធ្វើ​ជា​អ្នកចូលរួម​ត្បាញ​, ជា​អ្នកគាំទ្រ​, ជា​អ្នក​នាំ​សារ​, ជា​អ្នក​រួម​ចំណែក និង​ជា​ទូត​សុ​ឆន្ទៈ នៅ​វាល​ព្រះមេរុ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៩​យប់ ។ 

​ដើម្បី​ចូលរួម​ត្បាញ​ក្រមា​ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​នេះ ពលរដ្ឋ​ទូទៅ អាចទាក់ទង​ចុះឈ្មោះ​នៅ​ទីតាំង​វាល​ព្រះមេរុ​ដោយផ្ទាល់ ឬ​អាច​ចុះ​ឈ្មោះ​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ GoGoCambodia តាមរយៈ www.gogocambodia.asia ។ ក្រុមការងារ​នឹង​មាន​ទីតាំង​សម្រាប់​បង្ហាត់បង្ហាញ​ពី​វិធី​ត្បាញ មុន​នឹង​ចូលរួម​ត្បាញ​ក្រមា​រួមគ្នា ។ កី​តម្បាញ​២ នឹង​ត្រូវ​បាន​រៀបចំ​ទុក មួយ​ដើម្បី​ហាត់រៀន​ត្បាញ និង​មួយ​ផ្សេង​ទៀត​ទុក​សម្រាប់​ត្បាញ​ក្រមា​បំបែក​ឯតទគ្គ​កម្ម​រួមគ្នា ។ ចំណែកឯ​ការចុះ​ឈ្មោះ​ជា​អ្នកស្ម័គ្រចិត្ត ឬ​ជា​អ្នក​ឧបត្ថម្ភ អាច​ធ្វើឡើង​ដោយ​ការទាក់ទង​ផ្ទាល់​ជាមួយ​ក្រុមការងារ ឬ​គេហទំព័រ​ផ្លូវការ​របស់ GoGoCambodia ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត