​អាមេរិក​បង្កើនចំនួនកងទ័ពចូលរួម​សមយុទ្ធ​ពហុភាគី​ទ្រង់ទ្រាយ​ធំនៅ​ប្រទេស​ថៃ​

13-02-2018 4:40 pm 1218

​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​នៅ​តំបន់​អាស៊ី រៀបចំ​ធ្វើ​នៅ​ប្រទេស​ថៃ​ឈ្មោះ Cobra Gold បានចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​។ សមយុទ្ធ​យោធា Cobra Gold ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​មកហើយ​។ នៅ​ឆ្នាំនេះ សមយុទ្ធ​យោធា​Cobra Gold ត្រូវបាន​ចូលរួម​ដោយ​យោធា​ចំនួន ១១ ០៧៥​នាក់ មកពី ២៩ ប្រទេស​។ នៅក្នុង​នោះ​ក៏មាន​អាមេរិក​ផងដែរ​។ សមយុទ្ធ​នៅ​ឆ្នាំ​២០១៨​នេះ មាន​ទ័ព​អាមេរិក​ប្រមាណ​៦ ៨០០​នាក់​ចូលរួម ដែល​ចំនួន​នេះ​មាន​ការកើនឡើង​ទ្វេ​រដង បើ​ធៀប​កាលពី​ឆ្នាំ​២០១៧​។ អាមេរិក​ទំនង​យក​ឱកាស​នេះ ដើម្បី​បង្អួត​សាច់ដុំ​យោធា នៅពេល​មើលឃើញ​ចិន ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​នៅ​តំបន់​អាស៊ី​។​

​ទំនាក់ទំនង​អាមេរិក​និង​ថៃ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នៅ​ឆ្នាំ​២០១៤ កាលពី​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​ដោយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។ ធ្លាក់ចុះ ដោយសារ​លោក​អូ​បា​ម៉ា ជំរុញ​ឲ្យ​ថៃ​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​ថៃ​ត្រូវបានធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​។ ប៉ុន្តែ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ បាន​ល្អប្រសើរ​ឡើងវិញ នៅពេល​លោក​ត្រាំ​ជាប់ឆ្នោត មក​គ្រប់​គ្រង់​ប្រទេស រីឯ​របប​យោធា​ថៃ ក៏បាន​ប្រកាស​រៀបចំ​កា​រ​បោះឆ្នោត តាមបែប​លទ្ធិប្រជាធិបតេយ្យនៅ​ឆ្នាំ​២០១៩​ខាងមុខ ក្រោយ​ពន្យារពេល​ច្រើនលើកច្រើនសារ​។​

​យោងតាម​ការ​ឲ្យដឹងពី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ប្រចាំ​ក្រុង​បាងកក​ប្រទេស​ថៃ ថា នេះ​ជា​សមយុទ្ធ​ពហុភាគី​ទ្រង់ទ្រាយ​ធំ នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​។ សម​យ​ទ្ធ​ដែលថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក៏​មានការ​ញ្ជើ​ញ ឲ្យចូល​រួម​ពី​យោធា​មី​យ៉ាន់​ម៉ា​ផងដែរ​។ ប៉ុន្តែ​តាម​ដំណឹង មី​យ៉ាន់​ម៉ា​បាន​បញ្ជូន​យោធា ឲ្យមក​ចូលរួម​តែ​ការបើកព្រឹ​ត្តិ​ការណ៍​ធ្វើ​សមយុទ្ធ​ប៉ុណ្ណោះ មិន​បញ្ជូន​ទ័ព ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ដោយផ្ទាល់ ជាមួយ​អ្នក​ឯទៀត​នោះទេ ដ្បិតថា​មី​យ៉ាន់​ម៉ា នៅមាន​ភាពចម្រូងចម្រាស់ ពាក់ព័ន្ធ​នឹង​បញ្ហា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ម្យ៉ាងទៀត ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា មី​យ៉ាន់​ម៉ា​ត្រូវបាន​អាមេរិក ស្នើឲ្យ​ចូលរួម​ត្រឹមតែ​ជា​អ្នកអង្កេតការណ៍​ប៉ុណ្ណោះ​។ 

​គួរ​ជម្រាបជូន​ថា សមយុទ្ធ​យោធា Cobra Gold បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨២ និង​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង រវាង​កងកម្លាំងប្រដាប់អាវុធ​របស់​អាមេរិក​និង​ថៃ ទាំង​ផ្នែក​យោធា​និង​ផ្នែក​មនុស្សធម៌​។ សមយុទ្ធ​នេះ​ក៏​រៀបចំឡើង ក្នុង​គោលបំណង​ពង្រឹង​ចំណងទាក់ទង រវាង​អាមេរិក​និង​ថៃ ដែលថៃជា​សម្ព័ន្ធមិត្ត​ចាស់​បំផុត​របស់​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​៕

ព័ត៌មានផ្សេងទៀត