JCI និង​សណ្ឋាគារ​សុខា​រួមគ្នា​រៀបចំ​កម្មវិធី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​

13-02-2018 4:10 pm 715
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៨​ខាងមុខនេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​(JCI)​សាខា​ភ្នំពេញ និង​សណ្ឋាគារ​សុខា បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​«រាត្រីសមោសរ​ក្រមា» ក្នុង​គោលបំណង រៃអង្គាស​ថវិកា ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុងតែ​ជួបប្រទះ​នូវ​ការខ្វះខាត ដល់​ដំណើរ​ការផ្តល់សេវា​ពិនិត្យ​ព្យាបាល ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា​រាប់សែន​នាក់ រួម​ទាំង​សកម្ម​ភាព​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល និង​សកម្មភាព​ការពារ​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង JCI សណ្ឋាគារ​សុខា​ភ្នំពេញ និង​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ​នេះ លោក​វេជ្ជបណ្ឌិត​ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប បាន​លើកឡើង​ថា នៅ​ក្នុង​មួយ​ថ្ងៃៗ​គឺ​មាន​កុមារ​ដែល​ចូល​ព្យាបាល​ប្រមាណ​៥០០​នាក់ ហើយ​បើ​គិត​ក្នុង​មួយឆ្នាំៗ​គឺ​១៧​ម៉ឺន​នាក់ ដែល​តម្រូវ​អោយ​មានកា​រ​ចំណាយ​រហូត ដល់​៦,៥​លាន​ដុល្លារ​អាមេរិក​នៅក្នុង​មួយឆ្នាំៗ ។​

​លោក​វេជ្ជបណ្ឌិត​បន្តថា មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ដំណើរការ​រយៈពេល​១៩ ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ​១៩៩៩​មក​ម្លេះ ដែល​លោក​ខេ​នរ៉ូ អ៊ី​ស៊ុ ជនជាតិ​ជប៉ុន​ជា​ស្ថាបនិក ហើយ​មន្ទីរពេទ្យ​នេះ​អាច​រស់ រាន​បាន​មកដល់​បច្ចុប្បន្ន ដោយ​ពឹង​អាស្រ័យ​ទៅ​លើ​ការបរិច្ចាគ​ថវិកា​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​លោក​ងួន ច័ន្ទ​ភក្ត្រា បន្ថែមថា​៖

ទាក់ទង​ទៅនឹង​ការរៀបចំ​កម្មវិធី «រាត្រីសមោសរ​ក្រមា» ដែលរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បី​រៃអង្គាស​ថវិកា និង​ការចែករំលែក​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​នេះ​ដែរ​លោក​គុណ កាណា​ដា ប្រធាន JCI សាខា​ភ្នំពេញ បានឲ្យ​ដឹង​ដែរ ថា JCI នឹង​ធ្វើ​សកម្មភាព​នេះ​ពី​៣-៥​ឆ្នាំ​ទៀត ហើយ​លោក​សង្ឃឹមថា​លើក​ទី​១ នៃ​ការ​ប្រារព្ធ​កម្មវិធី​នៅ​ថ្ងៃទី​៤ ខែ​មីនា​ខាងមុខ​នេះ នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ពី​២៥០-៣០០​នាក់​។​

​សូម​បញ្ជាក់​ដែរ​ថា តម្លៃ​សំបុត្រ​សម្រាប់​អ្នកចូលរួម​ក្នុង​ម្នាក់ៗ​គឺ​ថ្លៃ​១០០​ដុល្លារ ដែល​ថវិកា​នៃ​ការទិញ​សំបុត្រ​នេះ គឺជា​ការចូលរួម​ចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​៕

ព័ត៌មានផ្សេងទៀត