ស្ករត្នោត ​ដែល​នឹង​ទទួលបាន​​ម៉ាក​​សម្គាល់​​ភូមិសាស្ត្រ​​របស់​EU ​នឹង​បង្កើន​​ការនាំ​ទៅ​​អង់គ្លេស​​

13-02-2018 3:44 pm 914
  ស្តាប់
ស្តាប់ជាសំឡេង

​តាមរយៈ​ជំនួប ជាមួយ​លោក Edward Vaizey បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបង្ហាញ​ពី​បំណង​របស់​កម្ពុជា ប្រាប់​ដល់​សម​ភាគី​អង់គ្លេស ថា​កម្ពុជា​ចង់​បង្កើន​ការនាំ​ផលិផល​កសិកម្ម​មួយចំនួន​របស់ខ្លួន ចូលទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ពិសេស​គឺ​អង្ករ ម្រេច​កំពត ដែល​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Geographical Indication-GI) របស់​EU និង​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​រំពឹងថា​នឹង​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​របស់​EU ក្នុង​ពេលខាងមុខ​។​

​លោក Edward Vaizey ឆ្លើយតប​ថា លោក​និង​ខិតខំ ជំរុញ និង​សម្រួល​ការនាំ​ផលិផល​ទាំងនេះ​ពី​កម្ពុជា​ទៅកាន់​ចក្រភព​អង់គ្លេស​តាម​ការចង់បាន​របស់​កម្ពុជា​។​លោក Edward Vaizey ក៏បាន​សរសើរ​ពី​គុណភាព​ស្ករត្នោត​កម្ពុជា ហើយ​មាន​សុទិដ្ឋិនិយម​ថា​ស្ករត្នោត​កម្ពុជា នឹង​ពេញនិយម​នៅលើ​ទីផ្សារ​ចក្រភព​អង់គ្លេស​មិន​ខាន​។ 

​យោងតាម​លិខិត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យដឹងថា ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ចក្រភព​អង់គ្លេស បាន​កើនឡើង​ពី​៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៥ ដល់​១​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​។​ឯ​ចំនួន​អ្នកទេសចរ​អង់គ្លេស​នៅ​កម្ពុជា ក៏​កើនឡើង​គួរឲ្យ​កត់សម្គាល់ដែរ​។ ទាំងនេះ គឺជា​លទ្ធផល ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង​លើកស្ទួយ នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ និង​វត្តមាន​ធុរកិច្ច​របស់​អង់គ្លេស​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ទទួលស្គាល់​ការចុះបញ្ជី​ផលិតផល ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) ក្នុងនោះ​មាន​ប្រទេស​ថៃ​នាំមុខគេ ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និង​កម្ពុជា ខណៈ​ប្រទេស ៥​ផ្សេងទៀត​នៃ​អាស៊ាន មិនមាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI ឡើយ​។ ផលិតផល​កសិក​ម្ម​កម្ពុជា ដែល​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Geographical Indication-GI) របស់​EU មាន​អង្ករ និង​ម្រេច​កំពត និង​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​រំពឹងថា​នឹង​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​របស់​EU ក្នុង​ពេលខាងមុខ​៕

 

ព័ត៌មានផ្សេងទៀត