មន្ត្រីនគរបាល​ដែល​ផ្ទុះ​អាវុធ​ត្រូវ​ចំ​បុរស​ម្នាក់​ស្លាប់​ត្រូវបាន​ដោះលែង​

13-02-2018 12:43 pm 7005

​មន្ត្រី​សមត្ថកិច្ច ដែល​បាន​ផ្ទុះអាវុធ ត្រូវចំ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ នៅ​ពេល​ចុះ​បង្ក្រាប​ស​ង្វ្រៀ​ន​បញ្ជល់មាន់​មួយកន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​តុលាការ​សម្រេច ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ជាប់​ឃុំ​រយៈពេល​៣​សប្តាហ៍​ប៉ុណ្ណោះ​។​

​នេះ​បើ​តាម​ការបើក​សវនាកា​រ និង​ប្រកាស​សាលក្រម​ភ្លាមៗ នា​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ ពី​សំណាក់​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ខ្លឹមសារ​នៃ​សាលក្រម គឺ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ច​ន វីរៈ ប៉ូលិស​ផ្នែក​អន្តរាគមន៍ នៃ​អធិដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ក្រោម​ការចោទប្រកាន់​ពី​បទ​"​មនុស្សឃាត​ដោយ​អ​ចេតនា​" តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។

​មន្ត្រី​តុលាការ ពន្យល់ថា ករណីនេះ ជនជាប់ចោទ គ្មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ទៀត​ទេ ដូច្នេះ​ត្រូវ​ដោះលែង ក្រោយ​ជាប់ឃុំ​ត្រឹម​២០​ថ្ងៃ​ប៉ុណ្ណោះ​៕ ដោយៈ​សៅ វិសាល

ព័ត៌មានផ្សេងទៀត