ខែ​មករា​ដើមឆ្នាំ​២០១៨​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ជាង​១៦៩​លាន​ដុល្លារ​អាមេរិក​

13-02-2018 11:43 am 589
  ស្តាប់
ស្តាប់ជាសំឡេង

​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ របស់​នាយកដ្ឋាន​ពន្ធ​ដារ​ទទួល​បាន​ក្នុង​ខែ​មករា ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូល​បាន​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន ៦៧៦.៩២៥,២៤ លាន​រៀល ប្រមាណ ១៦៩,២៣ លាន​ដុល្លារ​អាមេរិក ស្មើនឹង ១០៥,៥៨ % នៃ​ផែនការ​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៨ ដែល​កំណត់​ដោយ​ច្បាប់ ។ នេះ​បើ​តាម សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ ។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​មានប្រសាសន៍ថា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធ ឱ្យបាន​គ្រប់​ផែនការ​ច្បាប់ ចំនួន ៧.៦៩៣,៥០ ពាន់​លាន​រៀល ប្រមាណ​ជា ១.៩២៣,៣៨ លាន​ដុល្លារ​អាមេរិក អគ្គនាយកដ្ឋាន​ពន្ធ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ថែម​ទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ។​

​លោក​គង់ វិបុល បន្ត​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែក​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ឱ្យ​អ្នក​ជាប់ពន្ធ​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា ឬ​មិន​ឱ្យ​អ្នក​ជាប់ពន្ធ​មានការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ ក្នុង​ការបង់ពន្ធ​ជូន​ពលរដ្ឋ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ «​ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» ។​

​គូសបញ្ជាក់ថា បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ មាន​ការកើនឡើង​ចំនួន ៦២.០៤២,៥៦ លាន​រៀល ប្រមាណ ១៥,៥១ លាន​ដុល្លារ​អាមេរិក ស្មើនឹង ១០,៨១ % ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត