លោក​គីម ជុង​អ៊ុន​ពេញចិត្ត​ខ្លាំងក្រោយ​ប្អូនស្រី​បង្ហាញ​របាយការណ៍​ទស្ស​ន​កិច្ច​ទៅ​កូរ៉េខាងត្បូង​

13-02-2018 11:32 am 598
  ស្តាប់
លោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​ដូចដែល​ដឹង​ហើយ​ថា រាល់​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង មិនសូវ​បង្ហាញ​ឲ្យបាន​ទូលំទូលាយ​នោះទេ​។ ហេតុដូចនេះ នៅក្នុង​ជំនួប​ពិភាក្សា  រវាង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង និង​ប្អូនស្រី​បង្កើត​ព្រមទាំង​គណៈប្រតិភូ ស្តីពី ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​សារព័ត៌មាន​រដ្ឋ​នេះ ចុះផ្សាយ​របាយការណ៍​ខ្លី​ប៉ុណ្ណោះ​។​

អ្វីដែល​បាន​សង្កត់ធ្ងន់​នោះ​គឺ បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍ លោក​គីម​បាន​សម្តែង​ការពេញចិត្ត ចំពោះ​រឿងនេះ ហើយ​និយាយថា គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ដែល​ភាគី​កូរ៉េខាងត្បូង បានផ្តល់​អាទិភាព​ពិសេស ដល់​ដំណើរ​ទស្សនកិច្ច របស់​សមាជិក​កូរ៉េខាងជើង ដែល​បាន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវរងារ​។ លោក​គីម បាន​ថ្លែង​អរគុណ​ចំ ពោះ​ទីក្រុង​សេ​អ៊ូល​ផងដែរ​។​

​របាយការណ៍​នេះ ក៏​បានបង្ហាញ​ឲ្យដឹង​ផង​ដែរថា មេដឹកនាំ​កូរ៉េខាងជើង មានបំណង​ផ្សះផ្សារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​កូរ៉េខាងត្បូង​។ លោក​គីម បានកំណត់​យ៉ាង​លម្អិត អំពី ទិសដៅ​នៃ​ការធ្វើឲ្យ​ប្រសើរឡើង នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង ហើយ​បានផ្តល់​ការណែនាំ​ដល់​វិស័យ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ជាក់ស្តែង​លើ​ផែនការ​នេះ​ផង​ដែរ​។ យ៉ាងណាក៏ដោយ របាយការណ៍​នេះ​មិនបាន​ពណ៌នា​លម្អិត ពាក់ព័ន្ធ​នឹង​វិធានការ​ទាំងនេះ​នោះទេ​។​

​គួរ​ជម្រាបជូន​ថា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី​៩​ដល់​២៥​កុម្ភៈ កូរ៉េខាងជើង​បាន​បញ្ជូន​អត្ត​ព​លិក ក្រុម​សិល្បៈ អ្នកគាំទ្រ អ្នកសារព័ត៌មាន និង​គណៈប្រតិភូ ដឹកនាំ​ដោយ​ប្អូនស្រី​បង្កើត របស់​មេដឹកនាំ​កូរ៉េខាងជើង​អ្នកស្រី​គីម យូ​ជុង​ផងដែរ​។ អំឡុងពេល ត្រកូល​គីម​គ្រប់គ្រង​ប្រទេស អ្នកស្រី​គីម យូ​ជុង​គឺជា​សមាជិក​ដំបូង នៃ​សែស្រឡាយ​នេះ និង​ជា​មន្ត្រី​នយោបាយ​ជាន់ខ្ពស់ នៃ​របប​នេះ ដែល​បានដាក់​ជើង​ជាន់ដី​ទីក្រុង​សេ​អ៊ូ​ល ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​បានបញ្ចប់​៕

ព័ត៌មានផ្សេងទៀត