ថ្ងៃ១៤កុម្ភៈ៖​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ​ប្រាប់នារីៗ​កុំប្រគល់​ខ្លួនឱ្យបុរសណា​ទាំងអស់​

13-02-2018 11:28 am 951
  ស្តាប់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ស្តាប់ជាសំឡេង

មុនទិវាក្តីស្រលាញ់ ឬValentine's Day នៅថ្ងៃទី១៤កុម្ភៈ ចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យ កុំយល់ថាថ្ងៃទី១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានទូន្មានដល់នារីៗថា កុំយក ថ្ងៃ១៤កុម្ភៈ ដើម្បីប្រគល់ខ្លួនប្រាណឱ្យទៅបុរសណាទាំងអស់ ព្រោះវាពុំមែនជារឿងត្រឹមត្រូវទេ។ 

ថ្ងៃទី១៤ កុម្ភះ មិនមែនជាទំនាបទម្លាប់ខ្មែរទេ វាជាទំនាបទម្លាប់របស់បរទេស។ នេះជាការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅចំពោះមុខនិស្សិតជាង៤ពាន់នាក់។ លោក ពន្យល់ថា ថ្ងៃទី១៤ កុម្ភះ គឺជាថ្ងៃនៃក្តីស្រឡាញ់ គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភ័ក្តិ។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ចំពោះទិវានេះ រាជរដ្ឋាភិបាល មិនអាចរារាំងបានទេ ក៏ប៉ុន្តែលោកអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យជានារីៗ កុំយកថ្ងៃ១៤កុម្ភៈ ដើម្បីប្រគល់ខ្លួនប្រាណឱ្យទៅបុរសណាទាំងអស់។ សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន…

សំឡេងលោកហ៊ុន សែន៖

គួរកត់សម្គាល់ថា កន្លងទៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬValentine’s Day ត្រូវបានយុវវ័យមួយចំនួនយល់ថា ជាថ្ងៃនៃក្តីស្រលាញ់ ដែលមានន័យសំដៅ ដល់ការបង្ហាញនូវភក្តីភាពស្នេហា រវាងគូស្នេហ៍ ចំពោះគ្នា និង គ្នា តាមរយៈការទិញ ផ្កាកូលាប ឬវត្ថុអនុស្សាវរីយ៏ ឬចំណាយពេលនៅជិតគ្នារហូតលះបង់ខ្លួនប្រាណជាដើម។

ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ បានដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ កុំយុវវ័យជាពិសេស សិស្សសាលា មានការយល់ច្រឡំ នៃអត្ថន័យរបស់ពិធីបុណ្យនៃបច្ចិមប្រទេសមួយនេះ ហើយនាំឲ្យមានការប្រព្រឹត្តិខុស របស់ប្រពៃណីខ្មែរ។

ប៉ុន្តែយ៉ាងណាក្តី គេសង្កេតឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថ្ងៃ Valentine’s Day ហាក់មិនសូវធ្វើឲ្យយុវជនអាចពុះកញ្ច្រោលច្រើនប៉ុន្មានទេ ព្រោះថា ១៤កុម្ភៈ មានយុវជនខ្លះបានយល់ច្បាស់ ខណៈដែលខាងរាជរដ្ឋាភិបាល បង្កើតកម្មវិធីរបស់ជាតិខ្មែរ ដើម្បីទប់ស្កាត់ឥទ្ធិពលបរទេស៕ 

ព័ត៌មានផ្សេងទៀត