នាវាចម្បាំង​​អង់គ្លេស​​នឹង​ឆ្លងកាត់​​ដែនសមុទ្រ​​ចិន​ខាងត្បូង​​នៅ​ខែក្រោយ​

13-02-2018 9:19 am 360
  ស្តាប់
នាវាចម្បាំង​HMS Sutherland​របស់អង់គ្លេស
ស្តាប់ជាសំឡេង

​ចិន​តែងតែ​ដេក​មិន​លក់​បក់​មិន​ល្ហើយ ឲ្យតែ​មាន​ប្រទេស​ណា​បញ្ជូន​នាវា​ឬ​យន្ដហោះ ហោះហើរ​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ចិន​មិន​សប្បាយចិត្ដ​ដោយហេតុថា​ដែន​មួយនេះ ចិន​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង តែ​នាវា​ឬ​យន្ដហោះ​បរទេស​បើក​ចូល​ដោយ​ពុំ​សុំ​ការអនុញ្ញាត​ឡើយ​។ វា​ជា​ទង្វើ​ដែល​ចិន​អះអាងថា​រំលោភ​ដែន​អធិបតេយ្យ​របស់គេ​។ ប៉ុន្ដែ​សម្រាប់​សហគមន៍​អន្ដរជាតិ បានចាត់ទុក​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​មួយ អាចឲ្យ​នាវាឬ​យន្ដហោះ​ប្រទេស​នានា​ធ្វើដំណើរ​បាន​ដោយ​សេរី ព្រោះ​ជា​ដែន​អន្ដរជាតិ​មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ចិន​ឯណា​។​

​ជាក់ស្ដែង​ណាស់​យើង​បានដឹង​បានលឺ​ហើយ​ថា ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​កំពុងមាន​ជម្លោះ រវាង​ចិន​ជាមួយ​ភាគី​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ​និង​តៃវ៉ាន់​។ ប្រទេស​ទាំងនេះ​បាន​អះអាង​កាន់កាប់​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​រៀងៗ​ខ្លួន​។ ដ្បិត​ស្ងប់ស្ងាត់​មួយ​រយៈពេល​ចុងក្រោយ ប៉ុន្ដែ​ជម្លោះ​នៅ​មិនទាន់​ដោះស្រាយ​បានទេ​។​

​នៅ​ថ្ងៃទី​១៣​កុម្ភៈ​នេះ​មន្ដ្រីជាន់ខ្ពស់​អង់គ្លេស​បាន​បញ្ជាក់ថា នាវាចម្បាំង​អង់គ្លេស​នឹង​ធ្វើដំណើរ​ពី​អូស្ដ្រាលី​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង​នៅ​ខែក្រោយ​។ ដំណឹង​នេះ​ប្រហែលជា​ធ្វើឲ្យ​ចិន​ខ្វល់ចិត្ដ​បន្ថែមទៀត​។ ការឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង ដើម្បី​ធានា​ពី​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​។ រដ្ឋមន្ដ្រី​ការពារជាតិ​អង់គ្លេស​លោក​Gavin Williamson​បាន​និយាយថា នាវា​HMS Sutherland​នឹង​មកដល់​អូស្ដ្រាលី​ក្នុង​សប្ដាហ៍​នេះហើយ​។​

​លោក​រដ្ឋមន្ដ្រី​មិនបាន​បញ្ជាក់ថា នាវា​HMS Sutherland​នឹង​ធ្វើដំណើរ​ក្នុង​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ដែន​កោះ​ជម្លោះ​ឬ​កោះ​សិប្បនិម្មិត​ដែល​ចិន​សាងសង់​ទេ​។ លោក​ថា​អង់គ្លេស​គាំទ្រ​ពេញទំហឹង​ចំពោះ​វិធីសាស្ដ្រ​របស់​អាមេរិក និង​អ្វីដែល​អាមេរិក​កំពុង​ធ្វើ​។ សូមបញ្ជាក់ថា អាមេរិក​មិនបាន​គោរព​ការអះអាង​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​ឡើយ​។ អាមេរិក​បាន​បញ្ជូន​នាវា​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង​ច្រើនលើកច្រើនសារ ក្រោម​ហេតុផល​ថា​ធ្វើដំណើរ​ក្នុង​ដែន​អន្ដរជាតិ មិនមែន​ដែន​កម្មសិទ្ធិ​របស់​ចិន​៕​

ព័ត៌មានផ្សេងទៀត