តុលាការ​កោះហៅ​តំណាង​សហគមន៍​៨​នាក់​នៅ​ស្រុក​រមាសហែក​ជាថ្មី​ជុំវិញ​បញ្ហាដីធ្លី​

12-02-2018 6:17 pm 525
  ស្តាប់
ក្រុមប្រជាពលរដ្ឋប្រមូលផ្ដុំគ្នានៅមុខតុលាកាខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុក
ស្តាប់ជាសំឡេង

ពលរដ្ឋ​ចំនួន​៨​នាក់​ដែលជា​តំណាង​សហគមន៍ និង​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​រមាសហែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ត្រូវបាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​ធ្វើ​ការកោះហៅ​សាជាថ្មី​ដើម្បី​សាកសួរ និង​ចូលរួម​សវនាការ​ជុំវិញ​បញ្ហាដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​អិន​ខេ​វេន​ឈ័រ ដែល​តុលាការ​ចោទប្រកាន់​ពីបទ «​រំលោភ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​» ។

​ការកោះហៅ​ពលរដ្ឋ​ចំនួន​៨​នាក់​ដែលជា​តំណាង​សហគមន៍​រមាសហែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀងនេះ​ ធ្វើឡើង​ចំនួន ២​ថ្ងៃ​គឺនៅ ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចំនួន ៤​រូប រួមមាន អ្នកស្រី ខៀវ សារ៉ុន លោក សំ សាវឿន លោក ធឿន វ៉េង និង​អ្នកស្រី ម៉ម ស៊ីណា​។ ចំពោះ​ការកោះហៅ សម្រាប់​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ​២០១៨ ក៏មាន​ចំនួន ៤​រូប​ដែរ​រួមមានៈ លោក ព្រុំ ស៊ុត លោក ធឿន វ៉េង លោក ជា វឿន និង​លោក រស់ សាវ៉ន​។ ក្នុងការ​ឡើងទៅ​បំភ្លឺ​នេះ​ក៍មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០​នាក់​ដែលមាន​បញ្ហាដីធ្លី​បាន​ឡើងទៅ​ធ្វើ​ការគាំទ្រ​ដល់​តំណាង​របស់​ពួកគេ​នៅមុខ​សាលាដំបូង​ខេត្តស្វាយរៀង​ផងដែរ​។​

​បើតាម​តំណាង​សហគមន៍ និង​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​រមាសហែក ​អ្នកស្រី ខៀវ សារ៉ុន ​បាន​ប្រាប់​វិទ្យុ​វាយោ​នៅ ថ្ងៃទី ១២​កុម្ភៈ​នេះ​ថា ដីស្រែ ចម្ការ ដែល​ពួកគាត់​កំពុង​ធ្វើ​សព្វថ្ងៃ​គឺមាន​រយៈពេល​យូរណាស់​មកហើយ តែ​មកដល់​ឆ្នាំ​២០១០​ក៏​ស្រាប់តែ​មាន​ក្រុមហ៊ុន​អិន​ខេ​វេន​ឈ័រ មក​ធ្វើ​វិនិយោគ​ទន់​ហើយ​ឈូសឆាយ​ដំណាំ​របស់​ពួកគាត់​តែម្តង​។ បន្ទាប់មក​ពលរដ្ឋ​ក៏​បន្តធ្វើ​ការតវ៉ា​រក​ដំណោះស្រាយ​រហូតមកដល់​ឆ្នាំ​២០១៨​នេះ​។​

សំឡេងអ្នកស្រី ខៀវ សារ៉ុន​៖

​សូមបញ្ជាក់ថា​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​មាន​ចំនួន​៤៤០​គ្រួសារ ចំណែក​ផ្ទៃដី​របស់​ពលរដ្ឋ​រង​ផលប៉ះពាល់​មាន​ចំនួន​៦៧០​ហិកតា ដែល​កំពុង​រងចាំ​ការដោះស្រាយ​បន្លាយ​មកដល់​បច្ចុប្បន្ន​៕

ដោយ៖ ប៉ា សុខេង

ព័ត៌មានផ្សេងទៀត