ស្ថាប័ន​ក្រសួង​២​រួម​គ្នា​ពង្រឹង​ជំនាញ​បច្ចេកទេស​អគ្គសិ​នី​និង​ព័ត៌មានវិទ្យា​

12-02-2018 5:10 pm 719
  ស្តាប់
(ឆ្វេង) លោក ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និងលោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា (ស្តាំ) ក្នុងពិធីចុះហត្ថលេខានាថ្ងៃនេះ ។ រូបថតពីក្រសួងការងារ ។
ស្តាប់ជាសំឡេង

​គម្រោង​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​ដុល្លារ​របស់​អគ្គិសនី​កម្ពុជា ទៅ​ដល់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ សម្រាប់​យុវជន​-​យុវនារី ដែល​ចាប់​យក​វគ្គ​ជំនាញ​បច្ចេកទេស​អគ្គិសនី និង​ព័ត៌មានវិទ្យា​នេះ ត្រូវ​បាន​បញ្ជាក់​ក្នុង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​លោក ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​ទីស្ដីការក្រសួង​ការងារ ។ 

​លោក កែវ រតនៈ បញ្ជាក់ថា គម្រោង​ឧបត្ថម្ភ​ថវិកា​នេះ គឺជា​ការអនុវត្ត​តាម​ទស្សនៈ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលថា ការផ្តល់​ការអប់រំ និង​បណ្តុះបណ្តាល​ឱ្យ​យុវជន​មាន​ការងារ ប្រសើរ​ជាង​ការបង្កើត​មណ្ឌល​កែប្រែ ឬ​ពន្ធនាគារ ។ លោក​បន្តថា កិច្ច​សហការ​ក្នុង​អនុស្សារណៈ​នេះ​មិនមាន​កំណត់​រយៈពេល​ទេ ។ ចាប់ពី​ឆ្នាំ​២០១៩ តទៅ អគ្គិសនី​កម្ពុជា​នឹង​ឧបត្ថម្ភ​ប្រចាំឆ្នាំ​ចំនួន ១០​ម៉ឺន​ដុល្លារ​ដល់​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន អគ្គិសនី​កម្ពុជា​មាន​វិស្វករ​ជំនាញ​ជាង​៥​ពាន់​នាក់ ដោយ​មិន​រាប់បញ្ចូល​អ្នកផ្តល់​សេវា​ចែកចាយ​អគ្គិសនី​ទូទាំង​ប្រទេស​ជាង​៣០០​នាក់ រួម​ទាំង​ជាងភ្លើង​នៅតាម​មូលដ្ឋាន ។ លោក​អះអាង​ថា នៅពេល​ខាងមុខ វិស័យ​អគ្គិសនី​នឹង​ត្រូវការ​បុគ្គលិក​ជំនាញ សេវា​ករ និង​ជាង​ជំនាញ​ជា​ច្រើន​នាក់​ទៀត ។​

​លោក ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​ឱ្យដឹងថា គម្រោង​បណ្ដុះបណ្ដាល​នេះ នឹង​អាច​ផ្ដល់​ឱកាស​ដល់​សិស្ស​និស្សិត និង​គ្រូ​ជាដើម អាច​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា នៅ​មូលដ្ឋាន​ការងារ​របស់​អគ្គិសនី​កម្ពុជា ។ ចំណែកឯ​អគ្គិសនី​កម្ពុជា ក៏​ទទួលបាន​ធនធានមនុស្ស​សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​របស់​ខ្លួន ដើម្បី​ធ្វើឱ្យ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​មាន​ការអភិវឌ្ឍ ស្រប​ទៅតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល ពិសេស​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត